ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០០:១៥ ២.៨.២០២២

ថ្ងៃ ចន្ទ ទី ១ ខែសីហា៖

  • ក្រសួង​ការពារ​ជាតិចក្រភព​អង់គ្លេសនិយាយ​នៅ​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​រុស្ស៊ី​បានរុល​ទៅ​មុខ​យឺតៗនៅ​ក្នុង​ការវាយ​ប្រហារ​រយៈពេល៤ថ្ងៃ​កន្លង​ទៅ​នេះ​ ស្រប​ពេល​ដែល​ពួក​គេ​ព្យាយាមធ្វើ​ការវាយ​លុក​ជាលក្ខណៈ​កលយុទ្ធ​នៅក្នុង​តំបន់​ភាគ​ឦសាន្តDonetsk។ ក្រសួង​នេះ​និយាយ​ទៀត​ថា រុស្ស៊ី​ទំនង​ជា​កំពុងធ្វើ​ការផ្លាស់​ប្តូរ​ចំនួន​កងទ័ព​ដ៏​សំខាន់​ពី​តំបន់​ភាគ​ខាងជើង Donbas នៅ​ភាគខាង​កើត​អ៊ុយក្រែន​ទៅភាគខាង​ត្បូង​អ៊ុយក្រែន​វិញ។
  • នៅ​ក្នុង​រដ្ឋធានីម៉ូស្គូ​នៃ​ប្រទេស​រុស្ស៊ី អ្នក​នាំពាក្យ​វិមានក្រឹមឡាំង​លោកDmitry Peskov បាន​សម្តែ​ង​នូវ​ការអបអរ​សាទរ​ចំពោះ​ការចេញ​ដំណើរ​លើក​ទី​មួយ​នៃនាវា​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិរបស់​អ៊ុយក្រែនពី​កំពុង​ផែ Odesa ដោយ​ហៅ​ថា«ជា​រឿង​វិជ្ជមាន​មួយ​ដ៏​ល្អ» និងបាន​និយាយ​ទៀត​ថាវានឹង​ជួយ​ដល់​ការសាកល្បង​នូវ«យន្តការដែល​មាន​ប្រសិទ្ធភាព​ ដែល​ត្រូវ​បាន​ព្រៀមព្រៀង​គ្នា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចពិភាក្សាក្នុង​ទី ក្រុង Istanbul ប្រទេស​តួកគី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ កិច្ចព្រមព្រៀង​នេះ​ក៏​បានអនុញ្ញាត​ឱ្យ​រុស្ស៊ី​ ដឹក​ចេញ​នូវ​គ្រាប់​ធញ្ញជាតិ​និង​ជីផង​ដែរ។
  • សម្តេច​ប៉ាបFrancis នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សាសនា​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថានក្នុង​ខែ​កញ្ញាខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​វិមាន​វ៉ាទីកង់​នៅ​ថ្ងៃ​ចន្ទ​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reutersនេះ​ជាការ​ជួប​ជុំ​មួយ​ដែល​សម្តេច​ប៉ាបធ្លាប់​បាន​លើក​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ថា​ ព្រះ​អង្គ​សង្ឃឹម​ថា​នឹងបាន​ជួប​ជា​មួយ​មេដឹកនាំ​សាសនា​រុស្សី​ ដែល​បានគាំទ្រនូវ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។
  • ការិយាល័យអង្គការ​សហប្រជាជាតិ​សម្រាប់​ការសម្រប​សម្រួលកិច្ចការ​មនុស្សធម៌ (UNOCHA) បាន​ចេញ​ផ្សាយនូវ​របាយការណ៍ចុងក្រោយ​មួយ​របស់​ខ្លួនស្តី​ពី​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​និយាយ​នៅ​លើ​បណ្តាញ Twitter នៅ​ថ្ងៃ​ចន្ទ​ថា អរិភាព​ដែល​កំពុង​បន្ត​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្កើន​ចំនួន​ជនរងគ្រោះជា​ជនស៊ីវិលនៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។
  • ការស្ទង់​មតិថ្មី​មួយបាន​បង្ហាញ​ថា ពលរដ្ឋ​អ៊ុយក្រែន​ចំនួន៧៩ភាគរយ​បាន​គាំទ្រ​ឱ្យ​មាន​របប​ទិដ្ឋាការ​មួយ​ជា​មួយ​ប្រទេស​រុស្ស៊ី។ នេះ​បើយោង​ទៅ​លើ​សារព័ត៌មាន Kyiv Independent ដែលបាន​ចេញ​ផ្សាយ​នៅ​លើ​បណ្តាញTwitterនៅ​ថ្ងៃ​ចន្ទ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​ធ្វើឡើងដោយ​វិទ្យាស្ថាន​សង្គមវិជ្ជា​អន្តរជាតិទីក្រុង​កៀវ ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី២០ ខែ​កក្កដា​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​អ៊ុយក្រែន​ភាគ​ច្រើន​បំផុត យល់​ស្រប​ថា ព្រំដែនរវាង​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ត្រូវ​បន្តបិទ​តទៅ​ទៀត។ នេះ​បើ​តាម​អង្គការ​ព័ត៌មាន​មួយ​ចំនួន។
  • ខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​សម្រេច​ឱ្យបាន​នូវ​គោលបំណងរបស់​រដ្ឋា ភិបាល​វិមាន​ក្រឹមឡាំង​ក្នុង​ការគ្រប់គ្រងទាំង​ស្រុង​លើ​តំបន់​ឧស្សាហកម្ម ដែល​ជា​ចំណុច​ដ៏​សំខាន់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​នោះ កងកម្លាំងអ៊ុយក្រែនក៏កំពុងបង្កើន​ការវាយ​បក​ទៅ​លើ​កងទ័ព​រុស្ស៊ី​ដើម្បី​ដណ្តើម​គ្រប់គ្រងនូវ​ទឹកដីភាគ​ខាង​ត្បូង​របស់​ខ្លួន​ឡើង​វិញ​ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​រ៉ុក្កែតដែលផ្តល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក។
  • ប្រទេស​អ៊ុយក្រែន​បាន​ទទួល​ប្រព័ន្ធ​កាំជ្រួច​រ៉ុកក្កែត HIMARS ដែល​ផលិត​នៅ​សហ រដ្ឋអាមេរិក​ចំនួន​៤​បន្ថែម​ទៀត។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ ក្រែន​នៅ​ថ្ងៃ​ចន្ទ​។​ ប្រព័ន្ធបាញ់​រ៉ុកក្កែត HIMARS អាច​មាន​លទ្ធភាព​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​អាវុធ​ដែល​ផលិតក្នុង​អតីត​សម័យ​សហភាព​សូវៀត​ ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព​អ៊ុយក្រែន​អាច​ធ្វើការ​វាយ​ប្រហារចំគោលដៅ​របស់​រុស្ស៊ី​ ដែល​ពី​មុនខ្លួន​មិន​អាចបាញ់​ទៅដល់​នោះ។ រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយ ក្រែន​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ កន្លង​ទៅ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២៣:០៩ ២.៨.២០២២

ថ្ងៃអង្គារ ទី ២ ខែសីហា៖

  • អង្គភាព​កងវរសេនា​ធំ Azov របស់​ប្រទេស​អ៊ុយក្រែន​បាន​ឆ្លើយតបនៅ​ថ្ងៃ​អង្គារ​ចំពោះ​ការដាក់ឈ្មោះ​ខ្លួន​ថា​ជា​ក្រុម​ភេរវកម្ម​ដោយ​តុលាការ​ជាន់​ខ្ពស់​ប្រទេស​រុស្ស៊ី​ហើយ​បានថ្កោល​ទោស​ទង្វើនេះ ​ថា​គ្រាន់​តែ​ហេតុផល​មួយរបស់​រុស្ស៊ី ​ដើម្បី​ប្រព្រឹត្តិអំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​ទំព័រ​តេឡេក្រាម​របស់​ខ្លួន​នោះ អង្គ ភាព​កងវរសេនាធំAzov ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួង​ការបរទេស​អាមេរិក​ប្រកាស​ចាត់ទុក​រុស្ស៊ី​ថា​ជារដ្ឋ​ភេរវកម្ម​មួយ ​ដែល​ជាការ​ឆ្លើយ​តបទៅ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​រដ្ឋាភិបាលក្រុង​មូស្គូ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចូលឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ នេះ​ បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​រុស្ស៊ី​បាន​និយាយនៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ចំនួន​ប្រឆាំង​នឹងកងកម្លាំង​អ៊ុយក្រែន ​នៅ​ក្នុង​តំបន់ Mykolaiv ភាគ​ខាង​ត្បូង​និង​តំបន់ Kharkiv ភាគ​ខាង​កើត។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បានបញ្ជាក់ផង​ដែរ​ថា ខ្លួន​បានបំផ្លាញ​ឃ្លាំង​ស្តុក​គ្រាប់​ចំនួន៧កន្លែង​នៅភាគ​ខាងកើត​និង​ខាង​ត្បូងប្រទេស​អ៊ុយក្រែន​ដែលក្នុង​នោះ​ក៏​រួមមាន​តំបន់ Zaporizhzhia ផង​ដែរ។ ទីភ្នាក់ងារ​ព័ត៌មានReuters មិន​ទាន់អាច​ធ្វើ​ការផ្ទៀង​ផ្ទាត់បាន​ភ្លាមៗ​នៅ​ឡើយ​ទេ​ ​នូវសេចក្តី​រាយការណ៍​ពី​សមរភូមិ​ប្រយុទ្ធ​នោះ។ កង​កម្លាំងអ៊ុយក្រែន​ដែល​កំពុង​បង្កើនសកម្មភាព​ប្រយុទ្ធរបស់​ខ្លួន​ដើម្បី​ដណ្តើម​យក​មក​វិញ​នូវ​តំបន់ភាគ​ខាង​ត្បូង​មួយ​ចំនួន​ដែល​រុស្ស៊ី​គ្រប់គ្រង​នោះបាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួនបាន​ឃើញភស្តុតាង​ដែល​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កំពុងដាក់​ពង្រាយ​កង​កម្លាំង​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ការពារទឹកដី​ដែល​ខ្លួនដណ្តើម​បាន​ពី​អ៊ុយក្រែន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិកដែលជា​មហាអំណាចយោធា​កំពូល​នៅ​លើ​ពិភពលោក​បាន​ចូលរួម​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ជា​មួយ​នឹង​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ពី​ព្រោះចារកម្ម​អាមេរិក​ជា​អ្នក​យល់​ព្រមនិង​សម្រប​សម្រួល​លើ​ការ វាយ​ប្រហារ​កាំជ្រួច​មីស៊ីល​របស់​អ៊ុយក្រែន​ទៅ​លើ​កងកម្លាំង​រុស្ស៊ី។ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ដែល​ដឹកនាំ​ដោយសម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធរបស់ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា អនុ​ប្រធាន​ចារកម្ម​យោធា​របស់​អ៊ុយក្រែន​លោក Vadym Skibitsky បាន​ទទួល​ស្គាល់​នៅ​ក្នុង​សារព័ត៌មាន Telegraph ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោន​ជា​អ្នកសម្រប​សម្រួលនូវ​ការ​វាយ​ប្រហារ​ប្រព័ន្ធ​មីស៊ីល HIMARS របស់​អ៊ុយ ក្រែន។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការផ្តល់ជំនួយ​អាវុធ​ថ្មី​បន្ថែម​ទៀត​ដល់​កងកម្លាំង​អ៊ុយក្រែន​ដែល​កំពុង​ប្រយុទ្ធ​តទល់​នឹង​កង​កម្លាំង​រុស្ស៊ី។ កញ្ចប់​ជំនួយ​អាវុធ​ថ្មីដែល​មាន​ទឹកប្រាក់ប្រមាណ៥៥០លាន​ដុល្លារ​នឹង​រួម​មានគ្រាប់​បន្ថែម​ទៀតសម្រាប់​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប HIMARS និង​គ្រាប់​រំសេវ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​សម្រាប់​កាំភ្លើងធំ។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ John Kirby​ ដែល​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន។ លោកបាន​និយាយ​ថា​ ដោយ​រួម​ជា​មួយ​នឹង​កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​ផង​ សហរដ្ឋអាមេរិកបានផ្តល់​ជំនួយយោធាដល់​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៨ពាន់លាន​ដុល្លាររូច​ហើយ​ ចាប់​តាំង​ពី​លោកលោក Joe Biden បាន​ឡើង​កាន់​អំណាចជា​ប្រធានាធិបតី​អាមេរិក​មក។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​ដោយទីភ្នាក់​ងារ​ព័ត៌មាន AFP។
  • ប្រទេស​រុស្ស៊ីបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នក​នយោបាយ មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​សាធារណៈចក្រភព​អង់គ្លេសមួយ​ចំនួន ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា​បាន​ធ្វើ​ឱ្យ​ខូច​កេរិ៍ឈ្មោះ​រុស្ស៊ី។ ក្រសួង​ការបរទេស​រុស្ស៊ីបាន​និយាយ​ថា មន្ត្រី​ចក្រភព​អង់គ្លេស​ទាំង​ចំនួន៣៩នាក់​នោះ​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី រួម​ជា​មួយ​នឹង​មន្ត្រី​អង់គ្លេស​ចំនួន​ជាង២០០នាក់​ផ្សេង​ៗទៀត​ដែល​រុស្ស៊ី​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​ក្នុង​ពេល​កន្លង​ទៅ។ ការដាក់​ទណ្ឌកម្ម​ថ្មីៗចុង​ក្រោយ​នេះ​រួមមានលោកKeir Starmer ប្រធាន​គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំងអតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron និង​ពិធី​ករ​ទូរទស្សន៍​លោកPiers Morgan ផង​ដែរ។ ចក្រភព​អង់គ្លេសជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងលើ​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​មក។
០០:១១ ៤.៨.២០២២

ថ្ងៃពុធ ទី ៣ ខែសីហា៖

  • ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មាន​គម្រោង​នឹង​ផ្តល់​សច្ចាប័នដល់ការចូល​ជា​សមាជិកអង្គ ការ​អូតង់​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​ការឆ្ពោះ​ទៅរក​ការពង្រីក​សម្ពន្ធភាព​យោធាប្រទេស​លោក​ខាងលិច​ដ៏​ឆាប់ រហ័ស​ ដោយ​មាន​ការបង្ហាញនូវ​ការគាំទ្រ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងសង្គ្រាម​របស់រុស្ស៊ីជា​មួយប្រទេស​អ៊ុយក្រែន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន AP។
  • រដ្ឋាភិបាល​រុស្ស៊ីបាន​និយាយ​នៅ​ថ្ងៃ​ពុធថា កម្រិតនៃភាព​តានតឹងដែល​បង្ក​ឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​របស់ប្រធាន​រដ្ឋសភា​អាមេរិក​លោក​ស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ​មិន​ត្រូវមើល​ស្រាល​នោះ​ឡើយ។ នេះ​បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថាតើ​ពិភព​លោក​កំពុង​ខិត​កាន់​តែ​ជិតទៅ​រក​សង្គ្រាមនោះ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​មិន​ចូលចិត្តប្រើ​ពាក្យ​នោះឡើយ ប៉ុន្តែ​លោកបញ្ជាក់​ជា​ថ្មី​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​រូប​នោះ​ទៅ​កោះ​តៃវ៉ាន់​គឺ​ជា​ការបង្ក​ហេតុមួយ។ ប្រធាន​រដ្ឋសភាអាមេរិក​លោក​ស្រី Pelosi បាន​ទៅ​ដល់​កោះតៃវ៉ា់ន់កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​ធ្វើឱ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំងមាន​ការខឹង​សម្បារ​ជា​ខ្លាំង​ ខណៈ​ពេល​ដែល​កំពុង​មាន​ភាព​តានតឹង​ជា​អន្តរជាតិ​រួច​ទៅ​ហើយចំពោះ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។
  • អធិការបតី​អាល្លឺម៉ង់លោកOlaf Scholz នៅ​ថ្ងៃ​ពុធ​បាន​លើក​ឡើងពី​លទ្ធភាពដែលអាល្លឺម៉ង់នឹង​ទុកឱ្យ​រោងចក្រថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ដំណើរការ ដោយ​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បិទ​ខ្ទប់​ការផ្តល់​នូវម៉ាស៊ីន​តួប៊ីន​ដ៏​សំខាន់​មួយ​ដើម្បី​រារាំង​ការ​ផ្តល់ឧស្ម័ន​ដល់​ទ្វីប​អឺរ៉ុប។ ដោយ​ឈរ​នៅ​ជាប់​នឹង​មាស៊ីន​តួប៊ីន​នោះ លោកScholz និយាយ​ថា ការពង្រីក​រោងចក្រ​ថាមពល​នុយក្លេអ៊ែររបស់​អាល្លឺម៉ង់«អាច​ជា​គំនិត​ល្អ»។ នេះ​បើ តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃអង្គារបានដាក់​ឈ្មោះសង្សា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin ដែល​ជាម្ចាស់​អចលនទ្រព្យដ៏​ធំបំផុត​ទី២ក្នុង​ទីក្រុង​ឡុងដ៍​ទៅក្នុង​បញ្ជី​ខ្មៅ​នៃ​ការដាក់​ទណ្ឌកម្ម​ចុង​ក្រោយ​របស់​ខ្លួន​ទាក់ទិន​នឹង​ការចូលឈ្លានពានរបស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ទណ្ឌកម្ម​នៅពេល​ថ្មីៗនេះរបស់​អាមេរិក​ក៏​ត្រូវ​បាន​ដាក់​ទៅ​លើអភិជន​រុស្ស៊ី​មួយ​ចំនួន ដែល​ជិតស្និទ្ធ​នឹង​លោកPutinមន្ត្រី​រុស្ស៊ី៤រូបដែល​ត្រូវ​បាន​តែង​តាំងឱ្យ​គ្រប់គ្រងទឹក​ដី​ក្នុង​ប្រទេស​អ៊ុយក្រែន​ក៏​ដូច​ជាវិទ្យាស្ថាន​បច្ចេកវិទ្យា​និង​ក្រុម​ហ៊ុន​រុស្ស៊ី​ជា​ច្រើន​ដែល​ក្នុង​នោះ​ក៏​មានស្ថាប័ន​អេឡិចត្រូវនិក​ដ៏​សំខាន់​មួយ​ចំនួន​ដែល​គាំទ្រដោយ​រដ្ឋ​រុស្ស៊ី​ផង​ដែរ។ លោក​ស្រី Janet Yellen រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ វត្ថុ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា «ខណៈពេល​ដែលមនុស្សគ្មាន​កំហុសជា​ច្រើននាក់​កំពុង​ទទួលរង​នូវ​ការ​ឈឺចាប់​ពី​ការចូល​ឈ្លាន​ពាន​ដោយ​ខុស​ច្បាប់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ សម្ពន្ធមិត្ត​របស់​លោក Putin កំពុង​ធ្វើ​មាន​បាន​និង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ហឺហារ»។ នេះ​បើតាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ ងារ​ព័ត៌មាន AFP។
  • មន្ត្រី​មួយ​រូបដែល​ត្រូវ​បាន​លើក​បន្ទុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​និយាយនៅថ្ងៃ​ពុធ​ថា កងកម្លាំង​អ៊ុយក្រែន​បាន​ប្រើអាវុធដែលផ្តល់​ដោយ​ប្រទេសលោក​ខាង​លិច​នៅ​ក្នុង​ការវាយ​ប្រហារ​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់អឺរ៉ុប​ដែលពេល​នេះ​កំពុង​ត្រូវ​បានគ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី​នោះ។ លោកYevgeny Balitsky ប្រធាន​រដ្ឋបាលតំបន់ Zaporizhzhia ដែល​ត្រូវ​បាន​លើក​បន្ទុប​ដោយ​រុស្ស៊ី​ បាន​និយាយ​ថា មន្ត្រី​នៃ​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ IAEA មាន​គម្រោង​នឹង​មក​ធ្វើ​ទស្សន កិច្ចនៅ​រោងចក្រថាមពល​នុយក្លេអ៊ែរ Zaporizhzhia។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេ រិក​លោកAntony Blinkenបាន​និយាយ​កាល​ពី​ថ្ងៃចន្ទ​ថា សកម្មភាព​របស់​រុស៊្សី​នៅ​ជុំវិញ​រោងចក្រថាមពល​នោះ​ មាន​លក្ខណៈមិន​ទទួល​ខុសត្រូវ​ខ្ពស់​ ហើយ​បាន​ចោទ​ប្រកាន់រដ្ឋាភិបាលក្រុង​ម៉ូស្គូថា​បាន​ប្រើប្រាស់រោងចក្រ​ថាមពល​នុយ ក្លេអ៊ែរ​នេះ​ ដើម្បី​ធ្វើ​ជា​របាំង​ការពារ​ ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​កងកម្លាំង​អ៊ុយក្រែន។
២៣:៣៤ ៤.៨.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា៖

  • សហភាព​អឺរ៉ុប​គ្រោង​នឹង​រៀប​ចំ​ផ្តល់​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​មួយ​ទៀតដល់​ប្រទេស​អ៊ុយក្រែន​ នៅ​ត្រឹម​ខែ​កញ្ញា​ខាង​មុខ​នេះ​ ដែល​មាន​ទឹក​ប្រាក់ប្រមាណ ៨,១៥ ពាន់លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ប្រភពមួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់។ ផ្នែក​ខ្លះ​នៃ​កញ្ចប់​ជំនួយ​ថវិកា​ថ្មី​នេះ នឹង​ត្រូវ​ផ្តល់​ជាប្រាក់​ជំនួយ​ឥត​សំណង ក៏ប៉ុន្តែ​ផ្នែក​ខ្លះ​ទៀត​នៃ​ជំនួយ​នេះ​នឹង​រួម​មាន​ជា​ប្រាក់​កម្ចី​ផង​ដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាល​អាល្លឺម៉ង់​មួយ​រូប​ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រុម​មេដឹកនាំ​ប្រទេសដែល​មានឧស្សាហកម្ម​ជឿន​លឿន​ ឬ G7បាន​ឯកភាព​គ្នាផ្តល់ជំនួយ​ថ្មីដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​ភាគ​ច្រើននៃ​ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់​ជំនួយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​រួច​ហើយ នៅ​ក្នុង​កញ្ចប់​ជំនួយ​កាល​ពី​ខែ​ឧសភា​នោះ។ នេះ​បើតាម​សេក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • មនុស្ស​យ៉ាង​តិច​ណាស់ ៥ នាក់​ត្រូវ​បាន​សម្លាប់ និង ៦ នាក់​ផ្សេង​ទៀត​បាន​រងរបួសនៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន​បាន​បាញ់​ផ្លោង​ដាក់​តំបន់ Donetsk ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​អ្នកបំបែក​ខ្លួន​ដែលគាំទ្រ​ដោយ​រុស្ស៊ី​នោះ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ក្រុម​មន្ត្រីនៅ​ក្នុង​តំបន់​ផ្តាច់​ខ្លួន​មួយ​នេះ។ រូប​ភាពវីដេអូ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ បាន​បង្ហាញ​សាកសព​ជន​រង​គ្រោះ ដែល​ខ្លះ​ដាច់​ជា​បំណែក​នៅ​តាម​ដង​ផ្លូវនៅ​កណ្តាល​ក្រុង Donetsk។ គេ​បាន​ឃើញ​ឈាមប្រឡាក់​ជា​ច្រើន​នៅ​តាម​ដងផ្លូវ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​បាន​ភ្លាមៗនៅឡើយ​ទេ​ ទៅ​លើ​របាយការណ៍​ព័ត៌មាន​ពី​សមរភូមិ​ប្រយុទ្ធ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​នេះ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា វា​ជា​រឿង​មួយ​គួរ​ឱ្យ​ស្អប់​ខ្ពើម​ដែល​អតីត​មេដឹកនាំ​អឺរ៉ុប​ធ្វើ​ការ​បម្រើ​ឱ្យ​ប្រទេស​រុស្ស៊ី​នោះ។ ​ការ​លើក​ឡើង​របស់​លោក Zelenskyy ទំនង​ដូច​ជា​សំដៅ​លើ​ការ​អត្ថាធិប្បាយ​របស់​អតីត​អធិការបតី​អាល្លឺម៉ង់​លោក Gerhard Schroeder ដែល​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់​បាន​ដំណោះស្រាយដោយ​ការ​ចរចារ​ទៅ​លើ​សង្គ្រាម។ «ព័ត៌មាន​ដែល​ល្អ​គឺ​ថា រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងចង់​បាន​ដំណោះ​ស្រាយដោយ​ការចរចារ​មួយ»។ នេះ​បើ​តាម​ការលើក​ឡើង​របស់អតីត​មេដឹកនាំ​អាល្លឹម៉ង់វ័យ​ ៧៨​ ឆ្នាំ​រូប​នេះ​ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ​ បន្ទាប់​ពី​លោក​បាន​បញ្ជាក់​ថា​ លោក​បាន​ជួប​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​ កាល​ពី​សប្តាហ៍​មុន។ «វា​ជា​រឿង​គួ​ឱ្យ​ស្អប់​ខ្ពើម​មួយ​ ដែល​អតីត​មេដឹកនាំនៃ​រដ្ឋ​មហា​អំណាច​មួយ ដែល​ប្រកាន់​គុណតម្លៃ​អឺរ៉ុប​ បាន​ធ្វើការ​ជា​មួយ​រុស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​គុណតម្លៃ​នេះ។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក Zelenskyy នៅ​ក្នុង​សុន្ទរកថាជា​វីដេអូ​ដោយ​មិន​បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​លើ​អតីត​មេដឹកនាំ​អាល្លឺម៉ង់​លោក Schroeder នោះ​ឡើយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • ខណៈដែល​កង​កម្លាំង​រុស្ស៊ី​កំពុងបន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួនទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​សុខភាព​កាន់​តែ​អាក្រក់​ឡើង។ នេះបើតាម​ការ​លើក​ឡើង​របស់​អង្គការ​សុខភាព​ពិភពលោក។ រួម​ទាំង​ការខ្វះ​ខាត​បុគ្គលិក ការ​បាញ់​ផ្លោង​កើន​ឡើង​និង​ការចូល​មក​ដល់​នៃ​រដូវ​ត្រជាក់​ខាង​មុខ​នេះ​ បានធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​មាន​ក្តី​បារម្ភ​ជា​ខ្លាំង។​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយជា​មួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នក​សម្រប​សម្រួលគ្រាអាសន្ន​របស់​អ៊ុយក្រែននៃអង្គការ WHO លោកស្រី Heather Papowitz បាននិយាយ​ថា ក្រុមថែទាំ​សុខភាព នៅ​ក្នុង​តំបន់​ជា​ច្រើន​បាន​ស៊ាំ​ទៅហើយ​ ទៅ​នឹង​សំឡេង​គ្រាប់ផ្លោង​ធ្លាក់នៅ​ខាង​ក្រៅ​អគារ​ធ្វើការ​ងារ​របស់គេ។
  • បើ​ទោះ​បី​ជា​នាវា​ដឹកគ្រាប់​ធញ្ញជាតិ​ទី ១ ដែល​បានចាក​ចេញ​ពី​អ៊ុយក្រែន​និងឆ្លង​កាត់​តាម​សមុទ្រ​ខ្មៅ​ បាន​ឆ្លងផុត​ការ​ត្រួត​ពិនិត្យនៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​តួកគី​ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីបង់ក៏​ដោយ​ ក៏ប្រទេស​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​មាន​នាវាផ្ទុក​គ្រាប់​ធញ្ញជាតិ​ពេញចំនួន ១៧ គ្រឿង​ទៀត ​កំពុង​រង់​ចាំ​ការអនុញ្ញាត​ដើម្បី​ចេញ​ដំណើរ​ពី​កំពង់​ផែ​របស់​ខ្លួន។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។ គេ​នៅ​មិន​ទាន់​នៅ​ឡើយ​ទេ​ថា​ តើ​ពេល​ណា​បាន​នាវាទាំង​នេះ​ អាច​ចេញ​ដំណើរ​ពី​កំពង់​ផែ​របស់​ខ្លួន​នោះ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG