ប្រទេសបារាំងរឹបអូសនាវាដែលជាប់ពាក់ព័ន្ធនឹងសម្ពន្ធមិត្តលោក ពូទីន
រដ្ឋាភិបាលបារាំង នៅក្នុងសប្ដាហ៍នេះ បានរឹបអូសនាវាមួយគ្រឿង ដែលជាប់ពាក់ព័ន្ធទៅនឹងអ្នកជំនួញប្រេងកាតរុស្ស៊ី គឺលោក Igor Sechin ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin។ ការរឹបអូសនេះ គឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយបង្ហោះលើបណ្ដាញTwitter ផ្លូវការ លោក Olivier Dussopt រដ្ឋមន្ត្រីវិធានការសាធារណៈ និងគណនេយ្យ នៃប្រទេសបារាំង បានថ្លែងថា នាវាដែលមានប្រវែង ៨៥.៦ ម៉ែត្រមួយគ្រឿងឈ្មោះថា Amore Vero ត្រូវបានរឹបអូសដោយភ្នាក់ងារគយបារាំង នៅឯកន្លែងចតនាវាមួយ នៅក្រុងកំពង់ផែ La Ciotat ក្បែរទីក្រុង Marseille ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។ សេចក្ដីថ្លែងការណ៍សរសេរថា នាវានេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានលោក Sechin ជាម្ចាស់ភាគហ៊ុនច្រើនជាងគេ។
លោក Sechin បើកដំណើរការក្រុមហ៊ុនប្រេងកាតរុស្ស៊ី Rosneft ហើយលោកក៏ជាអតីតមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផងដែរ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្កើតគណៈកម្មការស៊ើបអង្កេតលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចមួយដោយមានការបោះឆ្នោតគាំទ្រចំនួន ៣២ សំឡេង បោះឆ្នោតអនុប្បវាទ ១៣ សំឡេង និងបោះឆ្នោតប្រឆាំងចំនួន ២ សំឡេង។ មានតែប្រទេសរុស្ស៊ី និង អេរីត្រេ ប៉ុណ្ណោះដែលបានបោះឆ្នោតបដិសេធមិនធ្វើការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ វាជាការបញ្ជាក់មួយថា រុស្ស៊ីកំពុងក្លាយជាប្រទេសឯកោ ពីព្រោះសូម្បីតែសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺ ចិន គុយបា និង វ៉េណេស៊ុយអេឡា ក៏សម្រេចចិត្តបោះឆ្នោតអនុប្បវាទ ជាជាងឈរប្រកៀកស្មាគ្នានៅខាងរុស្ស៊ីដើម្បីបដិសេធសេចក្ដីសម្រេចនេះ។
បើទោះបីជាប្រទេសបេឡារុស មិនមែនជាសមាជិកក្រុមប្រឹក្សានេះក៏ដោយ ប៉ុន្តែប្រទេសនេះបានឡើងទៅកាន់វេទិកា ដើម្បីថ្លែងការពាររុស្ស៊ី ដែលជាសម្ពន្ធមិត្តរបស់ខ្លួន។ លោក Andrei Taranda ដែលជាទីប្រឹក្សាបេឡារុស ក៏បានយកឱកាសនោះវាយបកទៅលើការរិះគន់អំពីសម្ភន្ធភាពនៃប្រទេសរបស់លោកជាមួយទីក្រុងមូស្គូ។
លោកថ្លែងតាមរយៈអ្នកបកប្រែដែលមានខ្លឹមសារដូច្នេះថា៖
«ប្រទេសលោកខាងលិចមួយចំនួន បានថ្កោលទោសបេឡារុស ចំពោះការគាំទ្រទៅលើការឈ្លានពានលើអ៊ុយក្រែន។ ប៉ុន្តែ យើងត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនយើង។ តើអ្នកណាជាអ្នកបញ្ឆេះភ្លើងនៃជម្លោះនេះឡើងនៅអ៊ុយក្រែន? វាមិនដូចសហស្ថាបនិកនៃសេចក្ដីសម្រេចនោះ បេឡារុសមិនបញ្ជូនសព្វាវុធ ឬ ទាហានទៅកាន់តំបន់មានជម្លោះទេ។ លើសពីនេះទៀត ពុំមានទាហានបេឡារុសនៅលើទឹកដីអ៊ុយក្រែននោះដែរ»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Reuters
លោក ពូទីន៖ ទណ្ឌកម្មពីប្រទេសលោកខាងលិចគឺដូចនឹងការប្រកាសសង្គ្រាម
ប្រធានាធីបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងនៅថ្ងៃសៅរ៍ថា ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចលើរុស្ស៊ី គឺដូចនឹងការប្រកាសសង្គ្រាមមួយ ហើយលោកបានការពារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយអះអាងថា រដ្ឋាភិបាលរុស្ស៊ីចាំបាច់ការពារប្រជាពលរដ្ឋនៅតំបន់ភាគខាងកើតអ៊ុយក្រែនដែលនិយាយភាសារុស្ស៊ី និងប្រយោជន៍របស់រដ្ឋាភិបាលរុស្ស៊ី។ តាមរយៈអត្ថាធិប្បាយទៅកាន់បុគ្គលិកអាកាសចរណ៍ជាស្ត្រីដែលត្រូវបានផ្សាយតាមទូរទស្សន៍ជាតិរុស្ស៊ីនេះ លោកពូទីនថា រុស្ស៊ីចង់ឃើញប្រទេសអ៊ុយក្រែន «លុបបំបាត់យោធា» «លុបបំបាត់ចរិកណាហ្ស៊ី» ហើយថា អ៊ុយក្រែនគួរតែមានស្ថានភាពអព្យាក្រឹត្យ៕
- ដោយ New York Times
តាមរយៈទណ្ឌកម្ម អាមេរិកនិងអឺរ៉ុប ចង់ដាក់ពិន័យលោក ពូទីន និងបញ្ឆេះពលរដ្ឋរុស្ស៊ីឲ្យចលាចល
នៅពេលសហរដ្ឋអាមេរិកនិងអឺរ៉ុបដាក់ទណ្ឌកម្មជាប្រវត្តិសាស្ត្រលើប្រទេសរុស្ស៊ី រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋាភិបាលសហភាពអឺរ៉ុប បានបង្កើតគោលដៅថ្មីជាច្រើន គឺបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ទុកជាការដាក់ទោសអោយពិភពលោកបានឃើញ និងបង្កើតសម្ពាធក្នុងប្រទេសលើលោកប្រធានាធិបតី Vladimir V. Putin ឲ្យបញ្ឈប់ការធ្វើសង្គ្រាមរបស់លោក ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមកាសែត New York Times ដែលបានស្រង់អត្ថាធិប្បាយពីមន្ត្រីក្នុងមុខតំណែងនិងអតីតមន្ត្រីអាមេរិកមកផ្សព្វផ្សាយនៅថ្ងៃនេះ៕