លទ្ធផលបឋមពីកិច្ចចរចាដើម្បីសន្តិភាពលើកទី ២ រវាងរុស្ស៊ីនិងអ៊ុយក្រែន
រុស្ស៊ីនិងអ៊ុយក្រែនបានជួបចរចាគ្នាជាលើកទី ២ នៅប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ ហើយបានស្រុះស្រួលគ្នាបង្កើតតំបន់ច្រកចេញចូលមួយដើម្បីកិច្ចការមនុស្សធម៌នៅក្នុងតំបន់ត្រូវឲ្យមានបទឈប់បាញ់គ្នា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋស៊ីវិលគេចខ្លួនដោយសុវត្ថិភាពចេញពីតំបន់ប្រយុទ្ធគ្នា៕
- ដោយ VOA
រុស្ស៊ីចូលដល់តំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍
ការប្រយុទ្ធរបស់ទាហានរុស្ស៊ីដើម្បីត្រួតត្រាទីក្រុងកៀវរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ត្រូវបានរងការតទល់វិញពីទាហានអ៊ុុយក្រែនជាបន្តបន្ទាប់ ក៏ប៉ុន្តែទាហានរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានចូលដល់តំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីព្យាយាមបំបែកតំបន់ដែលតភ្ជាប់ប្រទេសអ៊ុយក្រែនទៅនឹងសមុទ្រខ្មៅ (Black Sea) និងសមុទ្រ Azov។
បន្ទាប់ពីមានការអះអាងខុសៗគ្នាកាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនក្នុងតំបន់និងយោធារុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីបានចូលត្រួតត្រាទីក្រុង Khersonជាទីក្រុងដំបូងគេដែលធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ មន្ត្រីការពារប្រទេសរបស់សហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកមិនអាចបញ្ជាក់លើហេតុការណ៍នេះបាននៅឡើយទេ៕
- ដោយ VOA
សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មបន្ថែមលើក្រុមអភិជនរុស្ស៊ី
នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់បន្ថែមទៀតលើក្រុមដែលសិ្នទ្ធបំផុតនឹងលោក Vladimir Putinប្រធានាធិបតីរុស្ស៊ី។
ក្នុងចំណោមអ្នកទាំងនោះរួមមានលោក Alisher Usmanov ដែលជាមហាសេដ្ឋីម្នាក់របស់រុស្ស៊ី។ ដោយឡែកអាជ្ញាធរអាល្លឺម៉ង់បានរឹបអូសយកនាវាជិះកម្សាន្តប្រវែងប្រមាណ ១៥៦ ម៉ែត្រ ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ៦០០លានដុល្លារអាមេរិករបស់មហាសេដ្ឋីរុស្ស៊ីរូបនេះ។
ក្រោមទណ្ឌកម្មនេះ យន្តហោះឯកជនរបស់លោក ក៏អាចនឹងត្រូវរឹបអូសផងដែរ។ ទណ្ឌកម្មនេះក៏ហាមឃាត់មិនឲ្យអភិជនរុស្ស៊ីជាង ៥០ នាក់ ធ្វើដំណើរចូលសហរដ្ឋអាមេរិកជាដាច់ខាត៕
- ដោយ VOA
រុស្ស៊ីបញ្ជាក់ពីចំនួនទាហានរបស់ខ្លួនដែលបានស្លាប់និងរងរបួស
ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរបស់ខ្លួនចំនួន ៤៩៨ នាក់ បានស្លាប់ និងជាង ១.៥៩៧ នាក់ បានរងរបួសនៅក្នុងការប្រយុទ្ធរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់វិទ្យុជាតិអាមេរិក (National Pubic Radio)។
ករណីស្លាប់និងរងរបួសរបស់ទាហានរុស្ស៊ីបង្ហាញឲ្យឃើញថា ការប្រយុទ្ធរបស់រុស្ស៊ីដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនដែលរដ្ឋាភិបាលរុស្ស៊ីបានចាត់ទុកថាជា «ប្រតិបត្តិការយោធាពិសេស» នេះ ត្រូវបានប្រឈមនឹងការតទល់យ៉ាងខ្លាំងក្លាពីកងកម្លាំងការពារជាតិអ៊ុយក្រែននិងជនស៊ីវិលផងដែរ។
មកទល់ពេលនេះ សេចក្តីរាយការណ៍របស់យោធារុស្ស៊ីផ្តោតតែលើមូលដ្ឋានទ័ព សព្វាវុធ និងសម្ភាៈយោធារបស់ខ្លួនដែលត្រូវបានបំផ្លាញ ខណៈរដ្ឋាភិបាលរុស្ស៊ីកំពុងបង្ក្រាបលើសេចក្តីរាយការណ៍នានាដែលពណ៌នាសកម្មភាពយោធារបស់ខ្លួនថា ជាការបង្កសង្គ្រាម ឬការឈ្លានពាន។
សារព័ត៌មាន CNN បានរាយការណ៍ថា លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានថ្លែងជាសាធារណៈនៅថ្ងៃព្រហស្បតិ៍អំពី «ភាពទុក្ខសោក» ចំពោះការស្លាប់និងការរងរបួសរបស់ទាហានរុស្ស៊ី នៅក្នុងការឈ្លានពានលើអ៊ុយក្រែន៕