២២:៥០
១៣.៩.២០២២
ថ្ងៃអង្គារ ទី ១៣ ខែកញ្ញា៖
- សារព័ត៌មានThe Kyiv Independent រាយការណ៍ថា ទីភ្នាក់ងារការពារព្រំដែនរដ្ឋអ៊ុយក្រែន បានបង្ហោះវីដេអូនៅថ្ងៃអង្គារនេះដោយបង្ហាញកងទ័ពអ៊ុយក្រែនកំពុងដោះទង់ជាតិនិងស្លាកសញ្ញារបស់រុស្ស៊ីចេញពីអគារជាច្រើននៅក្នុងទីក្រុង Vovchansk ដែលត្រូវបានរុស្ស៊ីដណ្តើមគ្រប់គ្រងតាំងពីពេលដំបូងនៃការចូលលុកលុយរបស់កងទ័ពរុស្ស៊ីនោះ។ សេចក្តីរាយការណ៍ព័ត៌មាននោះបានឱ្យដឹងទៀតថា កងទ័ពរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងនេះកាលពីថ្ងៃទី១១ ខែកញ្ញា។
- វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា មិនមានការពិភាក្សាពីការប្រមូលផ្តុំថ្នាក់ជាតិណាមួយ ដើម្បីជំរុញយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ ការលើកឡើងនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនធ្វើការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបណ្តាលឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងអស់ចេញពីតំបន់ Kharkiv នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅពេលសួរពីការរិះគន់ទៅលើថ្នាក់ដឹកនាំប្រទេសរុស្ស៊ីនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថាប្រជាជនរុស្ស៊ីទាំងអស់បន្តគាំទ្រលោកប្រធានាធិបតី Vladimir Putin។ «ប្រជាជនរុស្ស៊ីគាំទ្រលោកប្រធានាធិបតីតាមរយៈទឹកចិត្តរបស់គេ។ ប្រជាជនរុស្ស៊ីរួបរួមគ្នាគាំទ្រសេចក្តីសម្រេចរបស់ប្រមុខរដ្ឋខ្លួន»។
- ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីរហូតដល់ថ្នាក់ក្រោម មានការប្រយ័ត្នប្រយែងក្នុងការមិនប្រកាសភ្លាមៗពីជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន ដែលបានធ្វើការវាយបកប្រឆាំងនឹងទាហានរុស្ស៊ី ដែលធ្វើឱ្យពួកគេដកថយយ៉ាងត្រហេបត្រហបនៅភាគខាងជើងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ។ មន្ត្រីកងទ័ពសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងសម្លឹងទៅមើលការប្រយុទ្ធគ្នាដែលនៅមិនទាន់ចប់នៅឡើយ ហើយកំពុងដាក់ផែនការក្នុងការបន្តផ្តល់អាវុធនិងការហ្វឹកហ្វឺនបន្ថែមទៀតដល់កងទ័ពអ៊ុយក្រែន ខណៈរង់ចាំប្រតិកម្មឆ្លើយតបរបស់រុស្ស៊ីពីភាពបរាជ័យរបស់ខ្លួននៅក្នុងសមរភូមិប្រយុទ្ធនោះ។ បើទោះបីជាមានការអបអរសាទរចំពោះការរុលទៅមុខដ៏លឿន របស់កងទ័ពអ៊ុយក្រែនកាលចុងសប្តាហ៍កន្លងទៅនេះក្តី ក៏មន្ត្រីសហរដ្ឋអាមេរិកដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែមានកងទ័ពរបស់លោក និងធនធានជាច្រើនទៀត ដែលត្រូវយកមកប្រើប្រាស់ ហើយកងកម្លាំងរុស្ស៊ីនៅតែគ្រប់គ្រងភាគច្រើនបំផុតនៃទឹកដីអ៊ុយក្រែននៅភាគខាងកើតនិងខាងត្បូង។
- ការប្រយុទ្ធគ្នាកំពុងបន្តកើតមានយ៉ាងខ្លាំងនៅតំបន់ Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនកំពុងរុលទៅមុខយ៉ាងលឿន ដោយសារតែពួកគេមានទឹកចិត្តខ្ពស់ ហើយប្រតិបត្តិការយោធាត្រូវបានរៀបចំដោយមានផែនការត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃអង្គារនេះ។ លោកស្រីបន្តទៀតថា៖ «គោលបំណងរបស់យើង គឺដើម្បីរំដោះតំបន់ Kharkiv និងទីកន្លែងផ្សេងៗទៀត ដែលកំពុងត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី។ ការប្រយុទ្ធគ្នាកំពុងតែបន្តកើតមាននៅក្នុងតំបន់ Kharkiv ហើយវាជារឿងលឿនពេក ដែលយើងអាចនិយាយថា កងទ័ពអ៊ុយក្រែនបានកាន់កាប់តំបន់នោះទាំងស្រុងនោះ។ នេះបើតាមអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនរូបនេះ ដែលបាននិយាយនៅក្នុងបទសម្ភាសមួយ។
- ប្រទេសអ៊ុយក្រែនបានអំពាវនាវសុំជំនួយកាំភ្លើងធំនិងគ្រាប់រំសេវបន្ថែមទៀតពីប្រទេសអូស្ត្រាលី បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានធ្វើការវាយបកទៅលើកងកម្លាំងរុស្ស៊ីនៅភាគខាងកើតប្រទេស ដែលគេមើលឃើញថា រដ្ឋាភិបាលក្រុងកៀវកំពុងដណ្តើមកាន់កាប់បានទីប្រជុំជនដ៏សំខាន់មួយឡើងវិញពីកងទ័ពរុស្ស៊ី។ អ្នកជំនាញយោធាជាច្រើននិយាយថា កងទ័ពអ៊ុយក្រែនត្រូវការគ្រាប់រំសេវនិងកាំភ្លើងធំជាចាំបាច់ ដើម្បីអាចរក្សានូវទីតាំងសំខាន់ៗរបស់ខ្លួននោះ។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានរុលទៅមុខគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានរុញច្រានកងកម្លាំងរុស្ស៊ីឱ្យចេញពីទីតាំងកាន់កាប់របស់គេ និងបានដណ្តើមគ្រប់គ្រងទឹកដីឡើងវិញប្រមាណជាង៣ពាន់គីឡូម៉ែត្រក្រឡា។
២៣:០៥
៨.៩.២០២២
ថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា៖
- រដ្ឋមន្ត្រី្កការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងអំឡុងដំណើរទស្សនកិច្ចមិនបានប្រកាសឱ្យដឹងជាមុន ទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។ សេចក្តីរាយការណ៍ព័ត៌មានមួយចំនួនបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Zelenskyy និយាយថា អ៊ុយក្រែនមានការដឹងគុណចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំងដល់ប្រទេសនេះ។ លោកក៏បានសរសើរដល់ប្រធានាធិបតីអាមេរិក លោក Joe Biden និងសភាសហរដ្ឋអាមេរិកផងដែរ។ លោក Zelenskyy គូសបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីឱ្យទទួលបានបូរណភាពទឹកដីរបស់ខ្លួនមកវិញ។
- ប្រទេសរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបញ្ជាឱ្យអ្នកការទូតរូម៉ានីម្នាក់ចេញពីប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការបណ្តេញចេញអ្នកការទូតរុស្ស៊ីម្នាក់ពីរដ្ឋធានីប៊ុយការ៉េសនៃប្រទេសរូម៉ានី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រទេសរូម៉ានីក៏ដូចជារដ្ឋមួយចំនួនទៀតរបស់សហភាពអឺរ៉ុប ត្រូវបានរុស្ស៊ីចាត់ទុកថាជាប្រទេសអមិត្តរបស់ខ្លួន ក្រោយប្រទេសទាំងនោះ បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីខ្លួនចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែនមក។ ចាប់តាំងពីដើមឆ្នាំនេះមក រុស្ស៊ីនិងប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប បានបណ្តេញអ្នកការទូតរាប់រយនាក់ប្រឆាំងគ្នាទៅវិញទៅមក ចាប់តំាងពីរុស្ស៊ីចូលឈ្លានពានទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។
- រដ្ឋមន្ត្រី្កក្រសួងការពារជាតិប្រទេសបេឡារុសនិយាយថា កងទ័ពរបស់ខ្លួននឹងធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ ក៏ដូចជានៅក្នុងតំបន់នៃទីក្រុង Minsk និងទីក្រុង Vitsebsk របស់បេឡារុសផងដែរ រហូតដល់ថ្ងៃទី ១៤ ខែកញ្ញាខាងមុខ។ នាយអគ្គសេនាធិការរងនៃកងទ័ពអ៊ុយក្រែន លោក Leksii Hromov បានឱ្យដឹងថា សមយុទ្ធយោធាទាំងនោះ នឹងផ្តោតទៅលើការឆ្លងទៅកាន់ប្រទេសអ៊ុយក្រែន និងយកផ្នែកខ្លះរបស់អ៊ុយក្រែន ដែលប្រទេសបេឡារុសចាត់ទុកថា ជាទឹកដីដែលខ្លួនបាត់បង់នោះ។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមថា នឹងបិទការបញ្ជូនថាមពលទាំងអស់ទៅឱ្យអឺរ៉ុប ប្រសិនបើសហភាពអឺរ៉ុប នឹងធ្វើតាមគម្រោងរបស់ខ្លួនក្នុងការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីនោះ។ លោកបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាវាយប្រហារមួយរបស់លោក ដែលប្រកាសថា រុស្ស៊ីនឹងមិនចាញ់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ សុន្ទរកថារបស់លោក Putin កើតមានឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy លើកឡើងពីដំណឹងល្អពីសមរភូមិមុខនៅជិតទីក្រុង Kharkiv នៅភាគខាងកើត ដោយនិយាយថា ទីតាំងមួយចំនួនត្រូវបានកងទ័ពអ៊ុយក្រែន ដណ្តើមបានមកវិញហើយ ខណៈពេលដែលមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងតំបន់នោះ។
- ប្រទេសប៉ូឡូញ និងរដ្ឋក្នុងតំបន់បាល់ទិកបីទៀត និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងដាក់ការរឹតបន្តឹងជាបណ្តោះអាសន្នដល់ពលរដ្ឋរុស្ស៊ី ដែលកំពុងប្រើប្រាស់ទិដ្ឋាការសហភាពអឺរ៉ុប នៅត្រឹមថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះ ដើម្បីដោះស្រាយទៅលើ «ការគំរាមកំហែងខាងផ្នែកសន្តិសុខ និងនយោបាយសាធារណៈ»។ នាយករដ្ឋមន្ត្រីប្រទេសអេស្តូនី ឡេតូនី លីទុយអានី និងប្រទេសប៉ូឡូញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេមានការបារម្ភអំពីលំហូរនៃពលរដ្ឋរុស្ស៊ីទៅក្នុងសហភាពអឺរ៉ុប៕
០០:៤៩
៨.៩.២០២២
ថ្ងៃពុធ ទី ៧ ខែកញ្ញា៖
- ប្រទេសរុស្ស៊ីបានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មដល់មន្ត្រីសហភាពអឺរ៉ុបមួយចំនួន ជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូលើកឡើងថា ជាគោលនយោបាយអមិត្តប្រឆាំងនឹងរុស្ស៊ីរបស់ក្រុមបស្ចិមប្រទេសនោះ។ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងដាក់បម្រាមដល់មេដឹកនាំយោធា មន្ត្រីសន្តិសុខជាន់ខ្ពស់ និងតំណាងក្រុមហ៊ុនអាវុធមួយចំនួន មិនឱ្យចូលក្នុងប្រទេសរុស្ស៊ី។ រុស្ស៊ីមិនបានបង្ហាញឈ្មោះក្រុមមន្ត្រីទាំងនោះឡើយ។
- ប្រទេសអ៊ុយក្រែនកំពុងសម្លឹងមើលជម្រើសមួយ ក្នុងការបិទរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកំពុងគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ដើម្បីហេតុផលសុវត្ថិភាព ហើយអ៊ុយក្រែនក៏ព្រួយបារម្ភពីប្រេងម៉ាស៊ូតដែលស្តុកទុកសម្រាប់ម៉ាស៊ីនភ្លើងបម្រុងផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះ ដែលបានស្រង់សម្តីអ្នកជំនាញសុវត្ថិភាពជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងកៀវបានចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងការបាញ់ផ្លោងដាក់រោងចក្រថាមពលនុយក្លេអ៊ែរនេះ ដែលប្រឈមនឹងហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដើម្បីធានាថា ប្រទេសអ៊ុយក្រែនអាចនាំចេញនូវគ្រាប់ធញ្ញជាតិរបស់ខ្លួនបាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Putin បានបញ្ជាក់ថា បញ្ហាទីផ្សារស្បៀងអាហារពិភពលោកទំនងជានឹងបន្តជួបនូវវិបត្តិកាន់តែធ្ងន់ធ្ងរ ហើយគ្រោះមហន្តរាយមនុស្សធម៌ក៏នឹងអាចកើតមានឡើងផងដែរ។
- ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និយាយថា រុស្ស៊ីបានកាត់ផ្តាច់ការបង្ហូរឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ជាការសងសឹកទៅលើការដាក់ទណ្ឌកម្មមកលើខ្លួន និងបានបន្ថែមថា អឺរ៉ុប«កំពុងទទួលផលនូវអ្វីដែលខ្លួនបានធ្វើ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រទេសរុស៊្សីបានបញ្ឈប់ការបញ្ជូនប្រេងតាមបំពង់បង្ហូរប្រេង Nord Stream 1 ដោយមិនកំណត់ពេលវេលា ហើយបានកាត់ផ្តាច់ឬបិទខ្ទប់ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរឧស្ម័នបីដ៏ធំបំផុតនៅទិសខាងលិចរបស់ខ្លួន ចាប់តាំងការចូលឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនមក។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រុស្ស៊ីត្រូវបានបង្វិលទៅទិសខាងកើតវិញ។ លោក Erdogan និយាយថា៖ «លោក Putin កំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ និងអាវុធ ហើយពិសេសខ្លាំងបំផុតនោះគឺឧស្ម័នធម្មជាតិ។ ជាអកុសល យើងមិនចង់ឱ្យរឿងនេះកើតឡើងនោះឡើយ ប៉ុន្តែស្ថានភាពបែបនេះកំពុងវិវត្តនៅក្នុងទ្វីបអឺរ៉ុប។ ខ្ញុំគិតថាអឺរ៉ុបនឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងរដូវរងាខាងមុខនេះ។ យើងមិនមានបញ្ហានេះឡើយ»។
- រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលក្រុងមូស្គូបានធ្វើសំណើមួយទៅឱ្យទីភ្នាក់ងារបរមាណូអន្តរជាតិ IAEA ដើម្បីធ្វើការពន្យល់បន្ថែមទៅបញ្ហាមួយចំនួននៅក្នុងរបាយការណ៍របស់ពួកគេ បន្ទាប់ពីពួកគេទៅត្រួតពិនិត្យមើលទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា លោកបាននិយាយជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីផែនការមួយចំនួន ស្តីពីការពង្រឹងសមត្ថភាពការពារជាតិបន្ថែមទៀតរបស់ប្រទេសអ៊ុយក្រែន។
២២:៤៤
៦.៩.២០២២
ថ្ងៃអង្គារ ទី ៦ ខែកញ្ញា៖
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃអង្គារនេះ បានរិះគន់ទៅលើនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោកស្រី Liz Truss ថាមិនមានឆន្ទៈក្នុងការសម្របសម្រួល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីមូស្គូលោក Lavrov និយាយថា យុទ្ធសាស្ត្ររបស់លោកស្រី Truss នឹងមិនជួយចក្រភពអង់គ្លេសនៅលើឆាកអន្តរជាតិនោះឡើយ។ រដ្ឋាភិបាលក្រុងមូស្គូបានឆ្លើយតបទៅនឹងជ័យជម្នះរបស់លោកស្រី Truss នៅក្នុងការប្រកួតប្រជែង ដើម្បីជំនួសនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ជាមួយនឹងការរិះគន់ និងបានវាយប្រហារទៅលើលោកស្រីទៅលើអ្វីដែលរុស្ស៊ីមើលឃើញថា ជាជំហរប្រឆាំងនឹងរុស្ស៊ីរបស់លោកស្រី។
- អភិបាលតំបន់ Kharkiv និយាយថា មនុស្ស៣នាក់បានស្លាប់នៅថ្ងៃអង្គារនេះ ដោយសារតែការវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីមួយថ្ងៃមុននៅក្នុងតំបន់នេះ ដែលក្នុងនោះក៏មានស្ត្រីវ័យចំណាស់ម្នាក់ផងដែរបានស្លាប់នៅក្នុងទីក្រុង Kharkiv។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ ទីក្រុង Kharkiv ជាទីក្រុងធំផុតទី២របស់អ៊ុយក្រែនមានទីតាំងស្ថិតនៅជិតព្រំដែនជាមួយរុស្ស៊ី ហើយបានទទួលរងការវាយប្រហារដោយគ្រាប់ផ្លោងឥតឈប់ឈរ ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក។ រុស្ស៊ីហៅការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថាជាបេសកកម្មយោធាពិសេសមួយ។
- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា អ៊ុយក្រែនបានបាញ់គ្រាប់ផ្លោងប្រមាណ២០គ្រាប់ដាក់តំបន់ប្រជុំជន Enerhodar និងតំបន់នៅជិតក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ មានគ្រាប់ផ្លោង៣គ្រាប់ បានធ្លាក់នៅជិតទីតាំងស្ថានីយរោងចក្រនុយក្លេអ៊ែរនោះ ដោយមួយគ្រាប់បានផ្ទុះជិតបង្គោលភ្លើងលេខ២ផងដែរ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីនិយាយនៅក្នុងកិច្ចប្រជុំយោធាប្រជុំថ្ងៃរបស់ខ្លួន។ កម្រិតវិទ្យុសកម្មនៅទីតាំងរោងចក្រនោះនៅមានសភាពធម្មតានៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី។ ទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចធ្វើការផ្ទៀងផ្ទាត់ពីរបាយការណ៍នេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានមួយនេះ។
- ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារនេះ បានស្តីបន្ទោសអឺរ៉ុប ចំពោះវិបត្តិថាមពល ដោយសារតែខ្លួនបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់ប្រទេសនេះទៅលើអ៊ុយក្រែន។ លោក Erdogan បានរក្សាទំនាក់ទំនងការងារល្អជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ខណៈពេលដែលលោកព្យាយាមរក្សាជំហរអព្យាក្រឹត្យនៅក្នុងជម្លោះនេះ និងបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធនិងយន្តហោះដ្រូនប្រយុទ្ធមួយចំនួនផងដែរ។ លោកបន្ថែមទៀតថា៖ «ជំហររបស់អឺរ៉ុបចំពោះលោក Putin ជាមួយនឹងការដាក់ទណ្ឌកម្មនោះ បាននាំឱ្យលោក Putin ឈានដល់ចំណុចមួយដែលហាននិយាយថា ប្រសិនបើអ្នកធ្វើរឿងនេះដាក់ខ្ញុំ ខ្ញុំនឹងធ្វើរឿងមួយទៀតដាក់អ្នកវិញ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកសង្ឃឹមថា ប្រធាន គណបក្សអភិរក្ស ថ្មីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss នឹងបន្តជួយដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីទប់ទល់ប្រឆាំងនឹងរុស្ស៊ី។ លោកស្រីត្រូវបានបញ្ជាក់អះអាងថា នឹងក្លាយជាមេដឹកនាំគណបក្សអភិរក្សរបស់ចក្រភពអង់គ្លេស ជំនួសនាយករដ្ឋមន្ត្រីលោក Boris Johnson ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយរូបរបស់លោក Zelenskyy។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា លោកទន្ទឹងរង់ចាំចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយលោកស្រី Truss។ ចក្រភពអង់គ្លេសជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តំាងពីរុស្ស៊ីចូលឈ្លានពានប្រទេសនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។