ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:១១ ៧.៦.២០២២

ថ្ងៃអង្គារ ទី ៧ ខែមិថុនា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​អ៊ុយក្រែន​នឹង​ប្រយុទ្ធ​រហូត​ទាល់តែ​ដណ្ដើម​បាន​មក​វិញ​ទាំងអស់​នូវ​ទឹកដី​របស់​ខ្លួន​ដែល​កងទ័ព​រុស្ស៊ី​បាន​កាន់កាប់។ លោក​ Zelenskyy បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​សម្រេច​ឱ្យ​បាន​នូវ​ការ​កាន់កាប់​ឡើង​វិញ​ទាំងស្រុង​នូវ​ទឹកដី​របស់​យើង​ទាំងអស់»។ ការ​លើកឡើង​របស់​លោក Zelenskyy នេះ​គឺ​ជា​ការ​ឆ្លើយតប​ដ៏​ខ្លាំងក្លា​ចំពោះ​ការ​ស្នើ​ដែល​ថា​អ៊ុយក្រែន​ត្រូវតែ​ប្រគល់​ទឹកដី​ឱ្យ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រឡូក​នៅ​ក្នុង​ការ​ពិភាក្សា «យ៉ាង​សកម្ម​បំផុត» ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ក្នុង​គោល​បំណង​ដាក់​កំហិត​លើ​ចំណូល​ដែល​រុស្ស៊ី​អាច​រក​បាន​តាម​រយៈ​ការ​លក់​ប្រេង​ឥន្ធនៈ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​នូវ​ការ​ណែនាំ​សម្រាប់​ក្រុមហ៊ុន​ឬ​អ្នក​គ្រប់គ្រង​ថវិកា​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា ការ​ទិញ​បំណុល​ឬ​ក៏​ភាគហ៊ុន​ណា​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រុស្ស៊ី​គឺ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​ដាក់​លើ​រុស្ស៊ី។ អ្នក​នាំ​ពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ «ស្រប​ទៅ​តាម​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​រុស្ស៊ី​មិន​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ដែល​ខ្លួន​ត្រូវការ​ដើម្បី​បន្ត​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ការ​វិនិយោគ​ថ្មី​ណា​មួយ​ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​អាច​សម្រេច​បាន​តាម​បំណង​របស់​ខ្លួន​នោះ​ឡើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​ការ​ទិញ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់បន្សំ​ផង​ដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅ​កាន់​ប្រទេស​តួកគី​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ឈប់​ការ​រាំង​ខ្ទប់​ការ​នាំ​ចេញ​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​យោង​លើ​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ការ​នាំ​ចេញ​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​ដែល​កត់ត្រា​អំពី​ការ​ប្រព្រឹត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ជន​ភៀសខ្លួន ជន​ចំណាក​ស្រុក និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ឯ​ព្រំដែន​ប្រទេស​ប៉ូឡូញ។ អ្នកស្រី Lydia Gall អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​អឺរ៉ុប​និង​អាស៊ី​កណ្ដាល​នៃ​អង្គការ Human Rights Watch បាន​និយាយ​ថា៖ «វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ដែល​ប្រទេស​មួយ​នៅ​ទ្វីប​អឺរ៉ុប [ប៉ូឡូញ] បង្ខំ​ប្រជាពលរដ្ឋ ដែល​ពួកគេ​ជា​ច្រើន​បាន​រត់​គេច​ពី​សង្គ្រាម​និង​ការ​ជិះជាន់​សង្កត់សង្កិន ឱ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​ស្ថានភាព​ដែល​អាច​រៀបរាប់​បាន​ថា​មាន​លក្ខណៈ​ដូច​ឋាន​នរក​នៅ​ក្នុង​ប្រទេស​បេឡារុស»។

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរមក​ពី​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន យំ​នៅ​ពេល​ដែល​គាត់​តម្រង់​ជួរ​រត់ភៀសខ្លួន​ចេញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេសនេះ នៅ​ក្រុង Medyka ប្រទេស​ប៉ូឡូញ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរមក​ពី​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន យំ​នៅ​ពេល​ដែល​គាត់​តម្រង់​ជួរ​រត់ភៀសខ្លួន​ចេញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេសនេះ នៅ​ក្រុង Medyka ប្រទេស​ប៉ូឡូញ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២។
  • រដ្ឋសភា​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អនុម័ត​លើ​សំណើ​ច្បាប់​ពីរ​ដើម្បី​បញ្ចប់​យុត្តាធិការ​របស់​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប (ECHR) នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ការ​អនុម័ត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​អំពី​ផែនការ​នៅ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​តុលាការ​នេះ​នៅ​ចំ​ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​អូតង់ (NATO) បាន​បញ្ជាក់​ថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​សម្រាប់​កងទ័ព​ការពារ​ដែន​អាកាស​ដែល​ជា​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក​នៅ​ក្នុង​សប្ដាហ៍​នេះ។ លោក​នាយ​ឧត្តមសេនីយ៍ Jeff Harrigian មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​សម្ព័ន្ធមិត្ត​ជើង​អាកាស​របស់​អង្គការ​អូតង់ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ដោយសារតែ​ស្ថានការណ៍​សន្តិសុខ​នៅ​ពេល​បច្ចុប្បន្ន​បន្ទាប់ពី​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ការ​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​នៅ​ពេល​ឥឡូវ​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​អង្គការ​អូតង់​ជាង​ពេល​ណាៗ​ទាំង​អស់»។
  • រដ្ឋាភិបាល​អាល្លឺម៉ង់​និង​រដ្ឋាភិបាល​លីទុយអានី​នឹង​រៀបចំ​ចាត់ចែង​ដើម្បី​ពង្រីក​កង​ប្រយុទ្ធ​ពហុ​ជាតិ​របស់​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ប្រទេស​លីទុយអានី​ឱ្យ​មាន​ទំហំ​ស្មើ​នឹង​កងពល​តូច។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។ សេចក្ដី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​លីទុយអានី​លោក Gitanas Nauseda និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡេតូនី​និង​ប្រទេស​អេស្តូនី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អាល្លឺម៉ង់​លោកOlaf Scholz បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វីលនីញូស ប្រទេស​លីទុយអានី​ថា ប្រទេស​អាល្លឺម៉ង់​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​បង្កើន​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីទុយអានី។ លោក Scholz បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ពង្រឹង​ការ​ប្រឡូក​របស់​យើង និង​នៅ​ក្នុង​ការ​អភិវឌ្ឍ​វា​ឱ្យ​ក្លាយទៅជា​កងពល​តូច​ដ៏​រឹងមាំ​ផ្នែក​ប្រយុទ្ធ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា កំពង់ផែ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Berdvansk និង​ទីក្រុង Mariupol ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់ ឥឡូវ​នេះ​ត្រូវ​បាន​ដោះ​មីន​ចេញ​អស់​ហើយ​និង​ត្រៀម​រួចរាល់​នៅ​ក្នុង​ការ​បន្ត​ឡើង​វិញ​នូវ​ការ​នាំចេញ​ធញ្ញជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Taras Vysotskyi អនុ​រដ្ឋមន្ត្រី​ទី​មួយ​នៃ​ក្រសួង​គោល​នយោបាយ​កសិកម្ម​និង​ស្បៀង​អាហារ​របស់​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា អ៊ុយក្រែន​អាច​នាំចេញ​ធញ្ញជាតិ​ជា​អតិបរមា​បាន​ចំនួន​តែ២លាន​តោន​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ ប្រសិនបើ​រុស្ស៊ី​នៅតែ​រាំង​ខ្ទប់​កំពង់ផែ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​រស់នៅ​នៃ​ទីក្រុង Sievierodonetsk ដែល​ជា​ទីក្រុង​សំខាន់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោក Shoigu បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រជុំ​មួយ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា៖ «តំបន់​រស់នៅ​ក្នុង​ទីក្រុង Sievierodonetsk ត្រូវ​បាន​រំដោះ​ទាំងស្រុង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រូបឯកសារ៖ អគារ​ស្នាក់នៅ​មួយ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្រោយ​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្រុង Bakhmut ប៉ែក​ខាង​កើត​អ៊ុយក្រែន ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ អគារ​ស្នាក់នៅ​មួយ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្រោយ​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្រុង Bakhmut ប៉ែក​ខាង​កើត​អ៊ុយក្រែន ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២។
  • លោក Oleksandr Stryuk បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា អ្នក​ការពារ​អ៊ុយក្រែន​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​ដែល​អាច​ទៅ​រួច​ដើម្បី​រក្សា​ជំហរ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង Sievierodonetsk ដែល​ជា​ទីក្រុង​សមរភូមិ​ជួរមុខ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ស្ថានការណ៍​នៅតែ​មាន​ភាព​តានតឹង​ខ្លាំង។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​មក​បន្ថែម​ទៀត​ក្នុង​គោល​បំណង​ដណ្ដើម​កាន់កាប់​ទីក្រុង​នេះ​ទាំង​មូល។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុមហ៊ុន Energoatom ដែល​ជា​ក្រុមហ៊ុន​ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​នៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​មិន​ស្វាគមន៍​បេសកកម្ម​ដែល​ទីភ្នាក់ងារ​ថាម ពល​នុយក្លេអ៊ែរ​អន្តរជាតិ (IAEA) បាន​ស្នើ​ឡើង​ចំពោះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៃ​ទីក្រុង Zaporizhzhia របស់​ប្រទេស​អ៊ុយក្រែន​នោះ​ទេ និង​ថា​បេសកកម្ម​នេះ​មាន​តែ​ធ្វើ​ឱ្យ​ការ​ត្រួតត្រា​របស់​រុស្ស៊ី​ក្លាយជា​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​បាន​សរសេរ​តាម Telegram ថា៖ «យើង​ចាត់ទុក​សារ​របស់​ប្រធាន​ទីភ្នាក់ងារ IAEA ថា​ជា​ការ​ប៉ុន ប៉ង​មួយ​ទៀត​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់ [រោងចក្រ​ថាមពល] នោះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​វត្តមាន​របស់​ពួក​អ្នក​ឈ្លានពាន​ត្រួតត្រា​នៅ​ទីនោះ និង​ជា​ពិសេស​ដើម្បី​លើកលែង​ទោស​ចំពោះ​ទង្វើ​ទាំង​អស់​របស់​ពួកគេ»។
  • ក្រសួង​ការបរទេស​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា ប្រទេស​ជប៉ុន​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​រុស្ស៊ី​ពីរ​បន្ថែម​ទៀត​និង​ធនាគារ​បេឡារុស​មួយ​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​អា មេរិកាំង​ចំនួន៦១នាក់។ ក្រសួង​នេះ​បាន​បញ្ជាក់​ថា វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង «ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​កាន់តែ​ច្រើន​ឡើង​របស់​សហរដ្ឋ​អាមេ រិក​លើ​បុគ្គល​នយោបាយ​និង​បុគ្គល​សាធារណៈ​របស់​រុស្ស៊ី ក៏​ដូចជា​លើ​អ្នក​តំណាង​អាជីវកម្ម​ក្នុង​ប្រទេស​រុស្ស៊ី»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ បញ្ជី​ឈ្មោះ​បុគ្គល​ដែល​រង​ទណ្ឌកម្ម​របស់​រុស្ស៊ី​លើក​នេះ​រួម​មាន​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​និង​អ្នក​គ្រប់គ្រង​កំពូលៗ​ទាំង​បច្ចុប្បន្ន​និង​អតីតកាល​នៃ​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋ​អាមេរិក ដូចជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី Janet Yellen រដ្ឋមន្ត្រី​ថាមពល​អាមេរិក​អ្នកស្រី Jennifer Granholm ប្រធាន​ផ្នែក​សារគមនា គមន៍​នៃ​សេតវិមាន​អ្នកស្រី Kate Bedingfield និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Netflix លោក Reed Hastings ជាដើម។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក «សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង» ដោយសារ​លោក Boris Johnson នៅតែ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស។ លោក Zelenskyy ថ្លែង​ដូច្នេះ បន្ទាប់ពី​លោក Johnson បាន​រួច​ផុត​ពី​ការ​បោះ​ឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​គណបក្ស​អភិរក្ស​និយម​របស់​លោក​ឱ្យ​លោក​នៅ​កាន់​តំណែង​ជា​បន្ត​ទៀត។ លោក Zelenskyy បញ្ជាក់​ថា លោក «សប្បាយចិត្ត​ដោយសារ​អ៊ុយក្រែន​មិន​បាន​បាត់បង់​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​មួយ។ នេះ​គឺជា​ដំណឹង​ដ៏​ល្អ​បំផុត»។

រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson (ឆ្វេង) ដើរ​ជាមួយ​គ្នា​នៅ​កណ្ដាល​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson (ឆ្វេង) ដើរ​ជាមួយ​គ្នា​នៅ​កណ្ដាល​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចក្រភព​អង់គ្លេស​បាន​ផ្ដល់​សព្វាវុធ​ដល់​អ៊ុយក្រែន​ដែល​ត្រូវការ​ជា​ចាំបាច់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី និង​បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson សម្រាប់ «ការ​យោគយល់​អំពី​តម្រូវការ​ទាំង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​លោក Hulusi Akar បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​តួកគី​កំពុង​សម្របសម្រួល​យ៉ាង​ដិតដល់​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ឱ្យ​មាន​ការ​ឯកភាព​គ្នា​លើ​ផែនការ​មួយ​ដែល​នឹង​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​នាំចេញ​ធញ្ញជាតិ​ពី​កំពង់ផែ​របស់​អ៊ុយក្រែន បើ​ទោះបីជា​សង្គ្រាម​នៅ​រាលដាល​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ លោក Akar បាន​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់ពី​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​បញ្ចប់​ទៅ​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «យើង​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​រឿង​នេះ​សម្រេច​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​មាន «សេចក្ដី​រាយការណ៍​ដ៏​គួរ​ឱ្យ​ទុកចិត្ត» ដែល​ថា​រុស្ស៊ី «កំពុង​លួច» នាំ​ចេញ​ធញ្ញ ជាតិ​របស់​អ៊ុយក្រែន​ដើម្បី​លក់​បាន​កម្រៃ។ លោក Blinken បញ្ជាក់​ដូច្នេះ​ថា៖ «ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​សារព័ត៌មាន​នាំ​មុខ​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ យើង​ឃើញ​មាន​សេចក្ដី​រាយការណ៍​ដ៏​គួរ​ឱ្យ​ទុកចិត្ត​ដែល​ថា​រុស្ស៊ី​កំពុង​លួច​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន … ដើម្បី​លក់​សម្រាប់​ផល​ចំណេញ​ផ្ទាល់​ខ្លួន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២១:៥៥ ៦.៦.២០២២

ថ្ងៃចន្ទ ទី ៦ ខែមិថុនា៖

  • លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​របស់​សហរដ្ឋ​អាមេរិក បាន​ប្រើពាក្យពេចន៍ធ្ងន់ៗ​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​នៅ​ឯ​ពិធី​រំឭក​ខួប​លើក​ទី ៧៨ នៃ​ថ្ងៃ D-Day។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ លោក Milley បាន​ថ្លែង​នៅ​ឯ​ទី​បញ្ចុះ​សព​ទាហាន​អាមេរិក​នៅ​ឃុំ Colleville-sur-Mer ក្នុង​ប្រទេស​បារាំង​ថា៖ «រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ប្រហែល​ជា​ស្ថិត​នៅ​ចម្ងាយ ២.០០០ គីឡូម៉ែត្រ​ពី​ទីនេះ។ នៅ​ពេល​ឥឡូវ​នេះ ពលរដ្ឋ​អ៊ុយក្រែន​ក៏​រងគ្រោះ​នូវ​ភាព​រន្ធត់​តក់ស្លុត​ដូច​ទៅ​នឹង​អ្វី​ដែល​ពលរដ្ឋ​បារាំង​បាន​រងគ្រោះ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ផង​ដែរ»។
  • កងទ័ព​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​រុញច្រាន​កង​នាវា​របស់​រុស្ស៊ី​ឱ្យ​ថយ​ក្រោយ​ទៅ​វិញ​ជាង ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រខ្មៅ​របស់​អ៊ុយក្រែន​ ដែល​នៅ​ទីនោះ នាវា​ទាហាន​ជើង​ទឹក​របស់​រុស្ស៊ី​បាន​រាំង​ខ្ទប់​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​តាម Telegram ថា៖ «ជា​លទ្ធផល​នៃ​សកម្មភាព​ជា​សកម្ម​របស់​យើង​ក្នុង​គោល​បំណង​ផ្ដួល​កងទ័ព​ជើង​ទឹក​របស់​សត្រូវ ក្រុម​នាវា​របស់​កង​នាវា​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​រុញច្រាន​ត្រឡប់​ទៅ​វិញ​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​រុស្ស៊ី​មាន​ប្រៀប​ផ្នែក​បរិមាណ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង Sievierodonetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន​មាន «ឱកាស​គ្រប់​ពេល» នៅ​ក្នុង​ការ​ប្រយុទ្ធ​តបត​ទៅ​វិញ។ លោក Zelenskyy បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​កៀវ​ថា ស្ថានការណ៍​នឹង​កាន់តែ​ពិបាក​ខ្លាំង​សម្រាប់​អ៊ុយក្រែន ប្រសិនបើ​រុស្ស៊ី​អាច​បំបែក​ចូល​តំបន់ Donbas នៅ​ភាគ​ខាង​កើត​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបឯកសារ៖ ទាហាន​ស្ម័គ្រ​ចិត្ត​ពី​បរទេស​របស់​អ៊ុយក្រែន​ឈរ​ជិត​យានយន្ដ​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​ស្ម័គ្រ​ចិត្ត​ពី​បរទេស​របស់​អ៊ុយក្រែន​ឈរ​ជិត​យានយន្ដ​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នៅ​ត្រឹម​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ បរិមាណ​ធញ្ញជាតិ​រហូត​ដល់ ៧៥ លាន​តោន​អាច​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ថា​រដ្ឋាភិបាល​អ៊ុយក្រែន​ចង់​បាន​អាវុធ​បាញ់​នាវា​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ដំណើរ​ឆ្លង​កាត់​នៃ​ការ​នាំចេញ​ធញ្ញជាតិ​របស់​ខ្លួន។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​រដ្ឋធានី​កៀវ​ថា ប្រទេស​អ៊ុយក្រែន​បាន​ពិភាក្សា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​និង​ប្រទេស​តួកគី​ អំពី​គំនិត​ដែល​ថា​ទាហាន​ជើង​ទឹក​របស់​ប្រទេស​ទី​បី​អាច​ធានា​សុវត្ថិភាព​ចំពោះ​ដំណើរ​ឆ្លង​កាត់​នៃ​ការ​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន​កាត់​តាម​សមុទ្រ​ខ្មៅ​ដែល​រុស្ស៊ី​កំពុង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​បញ្ជា​ឱ្យ​មាន​ការ​ផ្ដល់​ថវិកា​ចំនួន ៥ លាន​រូប ដែល​ស្មើ​នឹង ៨១.៥០០ ដុល្លារ​អាមេរិក​ដល់​ក្រុម​គ្រួសារ​នៃ​ឆ្នាំ​ការពារ​ជាតិ​ណា​ម្នាក់​របស់​រុស្ស៊ី​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ។
  • ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​ប្រទេស​អ៊ុយក្រែន​បាន​សរសេរ​នៅ​លើ Twitter នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ១០០ នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន មនុស្ស​ជាង ៧ លាន ១ សែន​នាក់​បាន​បង្ខំ​ខ្លួន​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នៅ​ពេល​ការ​ប្រយុទ្ធ​នៅ​បន្ត។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅ​ថ្ងៃ​ចន្ទ​បាន​ព្រលះ​ដាក់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ថា​បាន​រាំង​ខ្ទប់​យន្តហោះ​របស់​លោក​មិន​ឱ្យ​ហោះហើរ​ទៅ​កាន់​ប្រទេស​ស៊ែប៊ី ដោយ​លោក​បាន​និយាយ​ថា៖ «ស្ថានការណ៍​ដែល​គិត​មិន​ដល់​បាន​កើតឡើង»។ លោក Lavrov បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​អនឡាញ​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ថា៖ «នេះ​គឺ​ជា​ការ​បំបិទ​សិទ្ធិ​នៃ​ប្រទេស​អធិបតេយ្យ​មួយ​នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ការបរទេស»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​អ៊ីតាលី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចោទ​ប្រកាន់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឃោសនា​របស់​រុស្ស៊ី​តាម​រយៈ​ការ​រាយការណ៍​ព័ត៌មាន​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ ក្រសួង​ការបរទេស​អ៊ីតាលី​បាន​បញ្ជាក់​ថា ខ្លួន​បាន​កោះហៅ​លោក​ឯកអគ្គរដ្ឋទូត Sergey Razov ឱ្យ​ច្រានចោល​នូវ «ពាក្យ​បញ្ឆិតបញ្ឆៀង​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​របស់​យើង​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​ការ​បញ្ជូន​របស់​ក្រុម​បស្ចិម​ប្រទេស​នូវ​សព្វាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន តាម​រយៈ​ការ​រុញច្រាន​កងទ័ព​អ៊ុយក្រែន​ឱ្យ​ចេញ​ឆ្ងាយ​បន្ថែម​ទៀត​ពី​ព្រំដែន​របស់​រុស្ស៊ី។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌ មាន​មួយ​ថា៖ «ប្រព័ន្ធ​អាវុធ​ដែល [ក្រុម​បស្ចិម​ប្រទេស] បញ្ជូន​ឱ្យ​អ៊ុយក្រែន​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា រុស្ស៊ី​នឹង​វាយ​បក​ពួក​ណាហ្ស៊ី [កងទ័ព​អ៊ុយក្រែន] ឱ្យ​ចេញ​ឆ្ងាយ​ប៉ុណ្នឹង​ដែរ​ពី​ខ្សែ​បន្ទាត់​ដែល​អ្នក​និយាយ​ភាសា​រុស្ស៊ី​និង​ប្រទេស​រុស្ស៊ី​អាច​រង​ការ​គំរាម កំហែង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបឯកសារ៖ សមាជិក​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​បរទេស​ដែល​ចូល​ធ្វើ​ជា​យោធា​អ៊ុយក្រែន​ជិះ​យានយន្ដ​យោធា​មួយ​គ្រឿង នៅ​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ សមាជិក​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​បរទេស​ដែល​ចូល​ធ្វើ​ជា​យោធា​អ៊ុយក្រែន​ជិះ​យានយន្ដ​យោធា​មួយ​គ្រឿង នៅ​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។
  • ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បញ្ជូន​ឱ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ច្រើន​គ្រាប់​ដែល​អាច​វាយ​ប្រហារ​លើ​គោលដៅ​រហូត​ដល់​ចម្ងាយ​ប្រ ហែល៨០គីឡូម៉ែត្រ។ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា៖ «យើង​មិន​អាច​ឈរ​នៅ​ស្ងៀម នៅ​ពេល​ដែល​រុស្ស៊ី​បាញ់​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ទីក្រុង​នានា​និង​សម្លាប់​ជន​ស៊ីវិល​ស្លូតត្រង់​នោះ​ទេ»។ នេះ​បើ​យោង​តាម​សារព័ត៌មាន Washington Post។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​អះអាង​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់​អង់គ្លេស​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ។ លោក Zelenskyy បាន​បន្ថែម​ថា លោក​និង​លោក Johnson «កំពុង​ស្វែងរក​វិធី​ដើម្បី​បញ្ចៀស​វិបត្តិ​ស្បៀង​អាហារ​និង​បញ្ឈប់​ការ​រាំង​ខ្ទប់ [របស់​រុស្ស៊ី​លើ] កំពង់ផែ [របស់​អ៊ុយក្រែន]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​បាន​លើកឡើង​ថា​ការ​ចរចា​នេះ​ទំនង​ជា​នឹង​មិន​កើតឡើង​នៅ​ពេល​នេះ​ទេ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​មាន​ចំណាប់​អារម្មណ៍​និង​ជឿ​លើ​ការ​ចរចា​និង​ការ​ពិភាក្សា​ជា​បន្ត​លើ​ប្រធានបទ​នេះ ដោយសារតែ​ការ​ប្រែប្រួល​យ៉ាង​សំខាន់​ដែល​យើង​កំពុង​មើល​ឃើញ។ ...ពិភពលោក​ទាំង​មូល​ត្រូវការ​ការ​ពិភាក្សា​បែប​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Sullivan ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​ដែល​បាន​និយាយ​ថា រុស្ស៊ី​មិន​គួរ​បិទ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នោះ​ទេ បើ​ទោះបីជា​មាន​វិបត្តិ​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន​ក៏ដោយ ដោយសារតែ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ដែល​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​ត្រូវតែ​បន្ត​ការ​ចរចា​គ្នា។ នៅ​ក្នុង​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ​ដើម្បី​បញ្ជូន​សារ​ទៅ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី លោក Sullivan បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​ថា រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​រុស្ស៊ី​មិន​គួរ​កាត់ផ្ដាច់​ទំនាក់​ទំនង​ការទូត​ទេ។ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TASS នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖ «យើង​ត្រូវតែ​រក្សា​លទ្ធភាព​នៅ​ក្នុង​ការ​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក»។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Sullivan ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Sullivan ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១។
  • ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) លោក Rafael Grossi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ទីភ្នាក់ងារ IAEA «កំពុង​បង្កើត​ទម្រង់​បែបបទ» ដើម្បី​បញ្ជូន​តាម​សំណើ​របស់​អ៊ុយក្រែន​នូវ​ក្រុម​បេសកកម្ម​អ្នក​ជំនាញ​អន្តរជាតិ​មួយ​ក្រុម​ទៅ​កាន់​រោង ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Grossi បាន​បញ្ជាក់​ថា គេ​ឃើញ​មាន​ការ​លើកឡើង​ពី​ខាង​អ៊ុយ ក្រែន​ទាក់ទិន​នឹង​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ដំណើរ​បង្អាក់​ផ្នែក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៃ​គ្រឿង​បន្លាស់​ទៅ​កាន់​ទីក្រុង Zaporizhzhia។
  • លោក Pavlo Kyrylenko ប្រធាន​រដ្ឋបាល​យោធា​តំបន់ Donetsk នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ជន​ស៊ីវិល​កាន់តែ​ច្រើន​ឡើង​ឥឡូវ​នេះ​ត្រៀម​លក្ខណៈ​រួច រាល់​នៅ​ក្នុង​ការ​ជម្លៀស​ចេញ​ពី​តំបន់ Donetsk ដែល​អ៊ុយក្រែន​កំពុង​ត្រួតត្រា។ លោក Kyrylenko បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​មួយ​របស់​អ៊ុយក្រែន​ថា៖ «អ្នក​ដែល​មិន​បាន​ព្យាយាម​និង​មិន​ចង់​ចាកចេញ​តាំង​ពី​ដំបូង​នៅ​ពេល​ដែល​ស្ថានការណ៍​មាន​សុវត្ថិភាព​ជាង​ពេល​បច្ចុប្បន្ន ឥឡូវ​នេះ​កំពុង​ចាកចេញ​ហើយ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ទូរទស្សន៍ CNN។
  • លោក Serhiy Haidai អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​បាន​វាយបក​កងទ័ព​រុស្ស៊ី​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ យុទ្ធជន​អ៊ុយក្រែន​ដែល​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង Sievierodonetsk បាន​បាត់ បង់​ការ​ត្រួតត្រា​ផ្នែក​មួយ​ចំនួន​ទៅ​ឱ្យ​រុស្ស៊ី។ លោក Haidai បញ្ជាក់​ដូច្នេះ​ថា៖ «អ្នក​ការ ពារ​របស់​យើង​អាច​ធ្វើ​ការ​វាយ​ប្រហារ​តបត​ទៅ​វិញ​បាន​មួយ​រយៈ។ ពួកគេ​បាន​រំដោះ​ទីក្រុង [Sievierodonetsk] ស្ទើរតែ​ពាក់​កណ្ដាល។ ប៉ុន្តែ​ឥឡូវ​នេះ​ស្ថានការណ៍​គឺ​អាក្រក់​ឡើង​បន្តិច​ម្ដង​ទៀត​ហើយ​សម្រាប់​ពួក​យើង»។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កាលពី​ថ្ងៃ​អាទិត្យ​លោក​បាន​ទៅ​សួរ​សុខទុក្ខ​ទាហាន​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​សមរភូមិ​មុខ​មួយ​ចំនួន​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ធ្ងន់ធ្ងរ​បំផុត។ លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «យើង​បាន​ស្ថិត​នៅ​ក្នុង​ក្រុង Lysychansk និង​ក្រុង Soledar»។ ក្រុង​ទាំង​ពីរ​នេះ​បាន​រង​ការ​វាយ​ប្រហារ​ខ្លាំងក្លា​ពី​កងទ័ព​រុស្ស៊ី​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ដោយ​រង​ការ​បាញ់​ផ្លោង​ដោយ​មីស៊ីល​និង​រ៉ុក្កែត​និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស។ នេះ​បើ​យោង​តាម​បណ្ដាញ​ទូរទស្សន៍ CNN។
២០:២៥ ៥.៦.២០២២

ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា៖

  • ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បំផ្លាញ​រថក្រោះ​និង​រថពាសដែក​នៅ​ខាង​ក្រៅ​រដ្ឋធានី​កៀវ​ដែល​រថក្រោះ​និង​រថពាសដែក​ទាំង​នោះ​ត្រូវ​បាន​ប្រទេស​នានា​នៅ​អឺរ៉ុប​បាន​ផ្តល់​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អាទិត្យ។ សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​កើត​មាន​ឡើង​បន្ទាប់ពី​រដ្ឋធានី​អ៊ុយក្រែន​បាន​ញ័ររង្គើ​ដោយ​សារ​ការផ្ទុះ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​ក៏១១នាក់​ដែរ​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ទីក្រុង Severodonetsk នៃ​តំបន់ Lugansk នៅ​ជិត​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ហើយនឹង​នៅ​ក្នុង​ទីក្រុង Mykolaive ភាគ​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ស្ត្រី​ម្នាក់​រត់ចេញ​ពី​ផ្ទះ​របស់​គាត់​ដែល​បាន​ឆេះ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។
ស្ត្រី​ម្នាក់​រត់ចេញ​ពី​ផ្ទះ​របស់​គាត់​ដែល​បាន​ឆេះ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។
  • សម្តេច​ប៉ាប Francisបាន​អំពាវនាវ​កាលពី​ថ្ងៃ​អាទិត្យ​ឱ្យ​មាន«ការចរចា​ពិត​ប្រាកដ»​ដើម្បី​បញ្ចប់នូវ​អ្វី​ដែល​ព្រះអង្គ​បាន​ហៅ​ថា«ជា​ការរាលដាល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​កាន់​តែ​កើន​ឡើង»នៃ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រយៈពេល​ជាង ១០០ ថ្ងៃ​ចាប់តាំង​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​មក សម្តេច​ប៉ាប​បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​ពិតប្រាកដ​ដើម្បី​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ។ កាលពី​ថ្ងៃ​សៅរ៍ សម្តេច​ប៉ាប​ដែល​មាន​ព្រះជន្ម ​៨៥ ឆ្នាំ​បាន​បញ្ជាក់​ពី​បំណង​របស់​ព្រះអង្គ​យាង​ទៅ​ប្រទេស​អ៊ុយក្រែន ក៏ប៉ុន្តែ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ព្រះអង្គ​ចង់​រង់ចាំ​ពេល​វេលា​ត្រឹមត្រូវ​សិន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ការដាក់​ទណ្ឌកម្ម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ក្រុមហ៊ុន Gazprom Germania និងសាខា​របស់​ក្រុមហ៊ុន​នោះ​អាច​ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​អ្នក​បង់ពន្ធដារនិង​អ្នក​ប្រើប្រាស់​ឧស្ម័ន​អាល្លឺម៉ង់​បន្ថែម ៥ ពាន់៤រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បង់ប្រាក់​តម្លៃ​ឧស្ម័ន​ជំនួស​ឱ្យ​ឧស្ម័នរុស្ស៊ី។ នេះ​បើ​តាម​កាសែត Welt am Sonntag ដែល​បាន​ដកស្រង់​សម្តី​អ្នក​តំណាង​ឧស្សាហកម្ម។ កាលពី​ខែ​ឧសភា រុស្ស៊ី​បាន​សម្រេច​បញ្ឈប់​ការផ្គត់ផ្គង់​ដល់​ក្រុមហ៊ុនGazprom Germania ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Gazprom របស់​អាល្លឺម៉ង់ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​ដាក់​ក្រុមហ៊ុន​នោះ​ស្ថិត​នៅ​ក្រោម​ការរៀបចំ​ចាត់ចែង​របស់ trustee ដែល​បណ្តាល​មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​នៅ​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​វាយប្រហារ​គោលដៅ​ថ្មីៗ ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​ផ្គត់ផ្គង់​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​វែង​ទៅ​ឱ្យ​អ៊ុយក្រែន។ លោកPutin ថ្លែង​ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​ការផ្ទុះ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​រង្គើ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ អត្ថាធិប្បាយ​របស់​លោក Putin ធ្វើ​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ទំនើប​ទៅ​ឱ្យ​អ៊ុយក្រែន។ ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ត្រូវចំ​ទីកន្លែង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែកនៅ​ក្នុង​ការវាយ​ប្រហារ​របៀប​នេះ​លើក​ទី១ចាប់តាំង​ពី​ថ្ងៃ​ទី២៨ ខែ​មេសា​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍​មួយ​ដល់​ទូរទស្សន៍ Russia-1 ក្រុង Sochi ប្រទេស​រុស្ស៊ី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ (Mikhail Klimentyev, Sputnik, Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍​មួយ​ដល់​ទូរទស្សន៍ Russia-1 ក្រុង Sochi ប្រទេស​រុស្ស៊ី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ (Mikhail Klimentyev, Sputnik, Kremlin Pool Photo via AP)
  • ឧត្តមសេនីយ៍​កំពូល​សហរដ្ឋ​អាមេរិក​លោក Mark Milley បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ធ្វើ​ការតាំងចិត្ត​គាំទ្រ​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​នៅពេល​ដែល​ប្រទេស​ទាំង២នេះ​ស្វះស្វែង​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​នាវា​ចម្បាំង​ USS Kearsarge បន្ទាប់ពី​នាវា​នោះ​បាន​ក្លាយ​ជា​នាវា​ចម្បាំង​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចត​នៅ​កំពង់ផែក្នុង​ក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត។ លោក Milley បាន​ថ្លែង​នៅ​មុន​សមយុទ្ធ​នាវា​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អូតង់​នៅ​សមុទ្រ​បាល់ទិក​ថា៖ «វា​ជា​ការសំខាន់​សម្រាប់​យើង ហើយ​វា​ក៏​ជា​ការសំខាន់​សម្រាប់​ប្រទេស​ផ្សេង​ទៀតរបស់​អង្គការ​អូតង់​ផង​ដែរ​ក្នុង​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​ ស៊ុយអែត​និងហ្វាំងឡង់​នៅ​ក្នុង​សមយុទ្ធ​នេះ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • កងទ័ព​រុស្ស៊ី​បាន​បាត់បង់​ការត្រួតត្រា​នៅ​ក្នុង​ទីក្រុង Severodonetsk ដែល​ជា​ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ស្វះស្វែង​បង្កើន​ការត្រួតត្រា​តំបន់ Donbas។ នេះ​បើ​តាម​អភិបាល​តំបន់​នោះ​នៅ​ថ្ងៃ​អាទិត្យ។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា អភិបាល​តំបន់​លោក Lugansk បាន​សរសេរ​នៅ​លើ Telegram ថា៖ «កងទ័ព​រុស្ស៊ី​បាន​ត្រួតត្រា​ទីក្រុង​នោះ​ប្រហែល៧០ភាគរយ ក៏ប៉ុន្តែ​ត្រូវ​បាន​រុញច្រាន​ឱ្យ​ដកថយ​ទៅ​វិញ​ក្នុង​រយៈពេល២ថ្ងៃ​កន្លង​មក​នេះ»។
  • នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida កំពុង​ពិចារណា​ចូលរួម​សន្និសីទ​កំពូល​របស់​ក្រុម​មេដឹកនាំ​នៃ​អង្គការ​អូតង់​នៅ​ចុង​ខែ​មិថុនា​ដើម្បី​ជំរុញ​ឱ្យ​មាន​ការសម្រប​សម្រួល​ជាមួយ​ប្រទេស​លោក​ខាង​លិច​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រភព​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ។ចំណាត់ការ​នេះ​នឹង​កត់​សម្គាល់​នូវ​ជំហរ​ដ៏​គឃ្លើន​មិន​ប្រក្រតី​មួយ​សម្រាប់​មេដឹកនាំ​ជប៉ុន ថ្វីបើ​លោក Kishida បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា«ឧក្រិដ្ឋកម្ម​សង្គ្រាម»ប្រឆាំង​នឹង​អ៊ុយក្រែន​ក៏​ដោយ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ហៅ​សកម្មភាព​របស់​ខ្លួន​ថា​ជា​កិច្ចប្រតិបត្តិការ​ពិសេស។ កាលពី​អតីតកាល មេដឹកនាំ​ជប៉ុន​បាន​រក្សា​បន្ទាត់​គោលនយោបាយ​ប្រកប​ដោយ​ការប្រុង​ប្រយ័ត្ន​អំពី​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​រុស្ស៊ី​នៅពេល​ដែល​ប្រទេស​ទាំង២ មាន​ជម្លោះ​ទឹក​ដី​អស់​រាប់​ទសវត្សរ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​ជួបប្រជុំ​ជាមួយក្រុមមេដឹកនាំ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​ជួបប្រជុំ​ជាមួយក្រុមមេដឹកនាំ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។
  • ប្រទេស​បារាំង​កំពុង​ធ្វើ​ការចរចា​ជាមួយ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ដើម្បី​ជំនួស​ការទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដែល​នឹង​បញ្ឈប់​បន្ទាប់ពី​ការដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែល​ហាមឃាត់​ការទិញ​ប្រេង​ឆៅ​របស់​រុស្ស៊ី។ នេះ​បើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire នៅ​ថ្ងៃ​អាទិត្យ។ លោក Le Maire បាន​ប្រាប់​វិទ្យុ​បារាំង Europe 1ថា៖ «មាន​ការពិភាក្សា​ជាមួយ​នឹង​អេមីរ៉ាត​អារ៉ាប់រួម។ យើង​ត្រូវតែ​ស្វែងរក​ប្រភព​ផ្សេង​ក្រៅពី​ប្រេង​របស់​រុស្ស៊ី»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​អេស៉្បាញ​នឹង​ផ្គត់ផ្គង់​កាំជ្រួច​មីស៊ីល​បាញ់​យន្តហោះនិង​រថក្រោះ​ Leopard ទៅ​ឱ្យ​អ៊ុយក្រែន​នៅ​ក្នុង​ការ​បង្កើន​ការជួយ​ឧបត្ថម្ភ​ខាង​ផ្នែក​យោធា​របស់​ខ្លួន​ដល់​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រភព​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន El Pais ដកស្រង់​សម្តី​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ។ អេស៉្បាញក៏​នឹង​ផ្តល់​ការហ្វឹកហាត់​សំខាន់ៗ​ដល់​យោធា​អ៊ុយក្រែន​អំពី​របៀប​ប្រើ​រថក្រោះ​ផង​ដែរ។ ការហ្វឹកហាត់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡេតូនី ​ជា​ទីកន្លែង​ដែល​ទាហាន​អេស្ប៉ាញត្រូវ​បាន​ដាក់​ពង្រាយ​ចំនួន ៥០០ នាក់​នៅ​ក្នុង​ក្របខណ្ឌ​របស់​អង្គការ​អូតង់។ ដំណាក់កាល​ទី២នៃ​ការហ្វឹកហាត់​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ នេះ​បើ​តាម​ប្រភព​នានា​ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​កាសែត El Paise ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​នឹង​មិន​មាន​ផលប៉ះពាល់​លើ​ការនាំ​ប្រេង​ចេញ​របស់​រុស្ស៊ី​ទេ ​ហើយ​លោក​បាន​ទស្សន៍ទាយ​ពីការទទួល​បាន​ការចំណេញ​ដ៏​ធំ​មកពី​ការដឹក​ជញ្ជូន​ថាមពល​នៅ​ឆ្នាំ​នេះ។
២១:១២ ៤.៦.២០២២

ថ្ងៃសៅរ៍ ទី៤ ខែមិថុនា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​អភិបាល​ក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​កាត់ផ្ដាច់​ទំនាក់ទំនង «ភាព​ជា​បង​ប្អូន» ជាមួយ​នឹង​ទីក្រុង​នានា​របស់​រុស្ស៊ី និង​ឱ្យ​ចូលរួម​នៅ​ក្នុង «គម្រោង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ» តាម​រយៈ​ការ​ជួយ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​នៅ​ពេល​ណា​ដែល​សង្គ្រាម​បាន​បញ្ចប់។ លោក Zelenskyy បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​វីដេអូ​អនឡាញ​ដែល​ថ្លែង​ទៅ​កាន់​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី ៩០ របស់​អភិបាល​ក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​បណ្ដាញព័ត៌មាន​ទូរទស្សន៍ CNN។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​វីដេអូ​ពី​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ទី​៩៩ នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​តាម​វីដេអូ​ពី​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ទី​៩៩ នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រុស្ស៊ី​អាម៉ាស់​មុខ ដើម្បី​នៅ​ពេល​ណា​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន​បាន​បញ្ចប់ គេ​អាច​ស្វែងរក​ដំណោះស្រាយ​ការទូត​បាន។ លោក​បាន​បន្ថែម​ថា លោក​ជឿ​ថា​ បារាំង​នឹង​ដើរ​តួ​ជា​អ្នក​សម្របស្រួល​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ។ លោក Macron បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន​ក្នុង​តំបន់​នានា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ថា៖ «យើង​ត្រូវតែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រុស្ស៊ី​អាម៉ាស់​មុខ ដូច្នេះ​នៅ​ថ្ងៃ​ដែល​ការ​ប្រយុទ្ធ​គ្នាបាន​បញ្ចប់ យើង​អាច​បង្កើត​ច្រក​ចេញ​មួយ​តាម​រយៈ​មធ្យោបាយ​ការទូត។ ខ្ញុំ​ជឿ​ថា វា​គឺជា​តួនាទី​របស់​បារាំង​នៅ​ក្នុង​ការ​ធ្វើ​ជា​អំណាច​សម្របសម្រួល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​សហភាព​អឺរ៉ុប​លោក Paolo Gentiloni បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍ថា បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ថវិកា​ដែល​បាន​មក​ពី​មូលនិធិ​សម្រាប់​ការ​រើប​ឡើង​វិញ​របស់​សហភាព​អឺរ៉ុប ដែល​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ក្នុង​គោល​បំណង​បង្កើន​ចំណុះ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។ តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ប្រឹងប្រែង​កាត់ផ្ដាច់​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី។ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សម្រាប់​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​បន្ថែម​ទៀត​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Vadym Lyakh ប្រធាន​រដ្ឋបាល​យោធា​នៃ​ទីក្រុង Sloviansk ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ ថា មនុស្ស​រាប់​រយ​នាក់​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង Sloviansk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ជា​រៀងរាល់​ថ្ងៃ ដោយ​នៅ​សប្ដាហ៍​នេះ​អ្នក​ដែល​បាន​ជម្លៀស​ខ្លួន​ចេញ​មាន​ចំនួន​កើន​ឡើងស្ទើរតែ​ពីរ​ដង។ នេះ​បើ​យោង​តាម​បណ្ដាញព័ត៌មាន​ទូរទស្សន៍ CNN។
រូបឯកសារ៖ សមាជិក​ទាហាន​បរទេស​ស្ម័គ្រចិត្ត​ ដែល​ចូលរួម​ច្បាំង​ជាមួយ​ទ័ព​អ៊ុយក្រែន ប្រុងប្រៀប​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk នៃ​តំបន់ Luhansk ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
រូបឯកសារ៖ សមាជិក​ទាហាន​បរទេស​ស្ម័គ្រចិត្ត​ ដែល​ចូលរួម​ច្បាំង​ជាមួយ​ទ័ព​អ៊ុយក្រែន ប្រុងប្រៀប​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk នៃ​តំបន់ Luhansk ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយប្រហារ​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ថា រុស្ស៊ី​បាន​ប្រើ​កម្លាំង​ដែល​ខ្លួន​មាន​ទាំង​អស់​ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង​ឧស្សាហកម្ម Severodonetsk ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ត្រួតត្រា​លើ​តំបន់ Donbas ទាំង​មូល​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោក Sergiy Gaidai អភិបាល​តំបន់ Lugansk នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ផ្លូវការ​របស់​លោក​ថា៖ «ស្ថានការណ៍​ជា​រួម​នៅ​ក្នុង​តំបន់​មាន​ភាព​តានតឹង​ខ្លាំង។ ការ​ប្រយុទ្ធ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ផ្ដោត​នៅ​លើ​ទីក្រុង Severodonetsk ដោយសារ​តែ​បើ​តាម​ការ​ស្វែងយល់​របស់​យើង យោធា​រុស្ស៊ី​កំពុង​ប្រើ​កម្លាំង​ទាំង​អស់​និង​ធនធាន​បម្រុង​ទាំង​អស់​របស់​ខ្លួន​នៅ​ក្នុង​ទិសដៅ​នេះ»។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ថា កងទ័ព​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​សព្វាវុធ​មួយ​គ្រឿង​របស់​អ៊ុយក្រែន​នៅ​ជិត​ទីក្រុងកំពង់ផែ​ Odesa នៅ​សមុទ្រ​ខ្មៅ។ ក្រសួង​នេះ​បាន​លើកឡើង​ទៀត​ថា មីស៊ីល​របស់​រុស្ស៊ី​ក៏​បាន​បាញ់​ចំ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កាំភ្លើង​ធំ​មួយ​កន្លែង​ផង​ដែរ​នៅ​ក្នុង​តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន។ ក្រសួង​នេះ​បាន​បន្ថែម​ថា ការ​វាយ​ប្រហារ​មួយ​ទៀត​បាន​បំផ្លាញ​ប៉ុស្តិ៍​យោធា​របស់ «ទាហាន​ស៊ី​ឈ្នួល​បរទេស» នៅ​ក្នុង​តំបន់ Odesa។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សកម្មភាព​វាយប្រហារ​យោធា​របស់​រុស្ស៊ី​តាម​ផ្លូវ​អាកាស​នៅ​លើ​តំបន់ Donbas ប្រទេស​អ៊ុយក្រែន នៅតែ​មាន​កម្រិត​ខ្ពស់ ដោយ​រុស្ស៊ី​បាន​ប្រើ​អាវុធ​យុទ្ធភណ្ឌ​ទាំង​អាច​បញ្ជា​បាន​និង​មិន​អាច​បញ្ជា​បាន ​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដើម្បី​វាយ​ប្រហារ។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​លើ​បណ្តាញ​ Twitter ថា៖ «ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​ដែល​មិន​អាច​បញ្ជា​បាន​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​បាន​បណ្ដាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​រាលដាល​លើ​តំបន់​ទី​ប្រជុំជន​មាន​សំណង់អាគារ​នានា​នៅ​ក្នុង​តំបន់ Donbas និងស្ទើរតែ​ប្រាកដ​ថា​បានបណ្ដាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ខុស​គោលដៅ​ច្រើន​គួរសម​និង​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រភព​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ប្រហែល​ជា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់ (NATO) នៅ​ចុង​ខែ​មិថុនា​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន។ កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា​នេះ​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍ Al Jazeera។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​សា​ជា​ថ្មី​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន នៅ​ពេល​ដែល​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១០០។ លោក Guterres បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ការ​បញ្ចប់​ជា​បន្ទាន់​នូវ​សង្គ្រាម​នេះ ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រារាំង​ចូល​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវការ​ជំនួយ​នេះ ឱ្យ​មាន​ការ​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​នូវ​ជន​ស៊ីវិល​ដែល​ជាប់​គាំង​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​នានា និង​ឱ្យ​មាន​ការ​ការពារ​ជា​បន្ទាន់​លើ​ជន​ស៊ីវិល​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ»។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មានទូរទស្សន៍ CNN។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG