សហរដ្ឋអាមេរិកនឹងបញ្ចប់ការនាំចេញឧបករណ៍វិស័យការពារប្រទេស និងបច្ចេកវិទ្យាដែលមានប្រភពនៅក្នុងសហរដ្ឋអាមេរិកទៅកាន់ទីក្រុងហុងកុង ដូចដែលខ្លួនធ្វើសម្រាប់ប្រទេសចិនដោយលើកហេតុផលពីគោលបំណងសន្តិសុខជាតិ។
ការប្រកាសកាលពីថ្ងៃចន្ទកើតមានឡើងនៅពេលចិនធ្វើឱ្យជឿនលឿនដល់ការអនុម័តច្បាប់សន្តិសុខក្រុងហុងកុង។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកត្រូវបានគេបង្ខំឱ្យចាត់វិធានការនេះដើម្បីការពារសន្តិសុខជាតិសហរដ្ឋអាមេរិក។ យើងលែងចាត់ទុកថាខុសគ្នារវាងការនាំចេញឧបករណ៍ការពារប្រទេសទៅកាន់ទីក្រុងហុងកុង ឬទៅកាន់ចិនដីគោកទៀតហើយ»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំងមានប្រសាសន៍ទៀតថា «យើងមិនអាចធ្វើការប្រថុយប្រថានឱ្យសម្ភារៈទាំងនោះធ្លាក់ចូលក្នុងដៃកងទ័ពរំដោះប្រជាជនចិនដែលគោលបំណងដ៏សំខាន់គឺលើកស្ទួយការផ្តាច់ការរបស់គណបក្សកុម្មុយនិស្តចិនតាមគ្រប់មធ្យោបាយទាំងអស់»។
សភារបស់ចិនត្រូវគេរំពឹងថា នឹងអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុងនៅថ្ងៃអង្គារនេះជាចំណាត់ការមួយដែលពួកអ្នករិះគន់ និងពលរដ្ឋសាម្មញ្ញក្រុងហុងកុងជាច្រើនភ័យខ្លាចថា នឹងផ្តល់អំណាចឱ្យគណបក្សកុម្មុយនិស្តចិនដើម្បីរឹតបន្តឹងការត្រួតត្រារបស់ខ្លួនហើយនឹងគំរាមកំហែងឋានៈភាពរបស់ទីក្រុងសេរីបំផុតនៅលើទឹកដីចិន។
នៅក្នុងទីក្រុងប៉េកាំង ពួកមន្រ្តីចិននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ។
សហរដ្ឋអាមេរិកបាននិយាយថា ចំណាត់ការរបស់ខ្លួនកាលពីថ្ងៃចន្ទជាផលវិបាកដោយផ្ទាល់អំពីការសម្រេចរបស់ចិនដើម្បីធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់ទីក្រុងហុងកុងដែលរដ្ឋាភិបាលក្រុងប៉េកាំងបានសន្យារក្សានៅក្រោមសេចក្តីប្រ កាសរួមរវាងចិន និងចក្រភពអង់គ្លេសដែលជាសន្ធិសញ្ញាអន្តរជាតិមួយ៕