ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​ប្រទេស​អ៊ូហ្គង់ដា​​ពិភាក្សា​អំពី​​ប្រាក់​បៀវត្សរ៍អប្បរមា


លោក Oloka Mesilamu តំណាង​ឲ្យ​កម្មករ​សំណង់​នៅ​ប្រទេស Uganda ដែលកំពុងទាមទារនូវប្រាក់បៀវត្សរ៍​អប្បរមា។
លោក Oloka Mesilamu តំណាង​ឲ្យ​កម្មករ​សំណង់​នៅ​ប្រទេស Uganda ដែលកំពុងទាមទារនូវប្រាក់បៀវត្សរ៍​អប្បរមា។

សកម្មជនសិទ្ធិ​ការងារ​កំពុង​ធ្វើ​ការ​រិះគន់​ប្រទេស​ Uganda ដែល​ខកខាន​ក្នុង​ការ​បង្កើត​នូវ​ប្រាក់បៀវត្សរ៍​អប្បរមា។ រដ្ឋ​មន្ត្រី​ក្រសួង​ពលកម្ម​និយាយ​ថា​ នឹង​មាន​ច្បាប់​នេះ​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​សម្រាប់​ប្រទេស​ Uganda​ បំលាស់​ប្តូរ​នេះ​មាន​ភាពចម្រូង​ចម្រាស់ ដែល​មនុស្ស​ជា​ច្រើន​និយាយ​ថា​គួរ​តែ​ផ្តោត​លើ​ការ​ទាក់ទាញ​វិនិយោគ​ និង​បង្កើត​ការងារ។

ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុងហ្សឺណែវ​ ដើម្បី​ចូលរួម​សនិ្នសីទ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ឆ្នាំ​នេះ​ ប្រតិភូ​នៃប្រទេស​ Uganda​ បាន​និយាយ​ថា​ ខ្លួន​បាន​រង​ការ​បរិហារ​រិះគន់។

អង្គការ​ពលកម្ម​ អន្តរជាតិ​បាន​លើក​ឡើង​ថា​ ទោះបី​ជា​មាន​ការ​ពិភាក្សា​ ជា​ច្រើន​ទស្សវត្ស​មក​ហើយ​នោះ​ ប្រទេស​ Uganda​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ការ​បង្កើត​នូវ​ប្រាក់​បៀវត្សរ៍​អប្បរមា ​នៅ​ឡើយ​ទេ​ ហើយ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ធ្វើការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ ច្បាប់​នេះ​នៅ​ឆ្នាំ​ក្រោយ។

លោក​ Oloka Mesilamu​ អ្នក​តំណាង​ឧស្សាហកម្ម​សំណង់​ នៅ​ឯ​អង្គការ​សហជីព​ពាណិជ្ជកម្ម​ជាតិ​នៃ​ប្រទេស​ Uganda។ គាត់​បាន​និយាយ​ថា ប្រាក់​បៀវត្សរ៍​អប្បរមា​ គឺ​ចាំបាច់​ណាស់​ដើម្បី​រារាំង​ការ​បំពាន​ដែល​ពុំ​អាច​ត្រួតត្រា​បាន។

លោក ​ Oloka Mesilamu​ ថ្លែងថា៖ «​អ្វី​ដែល​កំពុង​កើតឡើង​គឺ​ អវត្តមាន​នៃ​ច្បាប់​ប្រាក់​បៀវត្សរ៍​អប្បរមា​ ពលករ​ដែល​មិនមាន​ជំនាញ​តែង​ត្រូវ​បានបំពាន​ច្រើន​ឡើង ពីព្រោះ​តែ​អត្រា​ខ្ពស់​នៃ​ភាព​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ និយោជក​អាច​ឲ្យ​ប្រាក់​បៀវត្សរ៍​ប៉ុន្មាន​ក៏​បាន។ ព្រោះ​តែ​ពលករ​ទាំងនោះ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក ពួក​គេ​ទទួល​យក​នូវ​អ្វី​ដែល​គេ​ផ្តល់​ឲ្យ។

គាត់​ប្រកែក​ថា​ ប្រាក់បៀវត្សរ៍​អប្បរមា​ នឹង​ធ្វើ​ឲ្យ​ពលករ​កាន់​តែ​មាន​ផលិតភាពច្រើន ក្នុង​ការ​បំពេញ​ការងារ។

លោក ​ Oloka Mesilamu​ និយាយ​ទៀត​ថា​៖«ទាំង​នេះ​ទាក់ទង​ផ្ទាល់​នឹង​ផលិត​ភាព​នៃ​ការ​ធ្វើការ។ នៅ​ពេល​ដែល​ពួក​គេ​បាន​បៀវត្សរ៍​តិច​ ពួកគេ​ធ្វើការ​មិន​បាន​ល្អ។ ដូច្នេះ​ហើយ​វា​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ។

រដ្ឋាភិបាល​ Uganda​ មាន​ការ​ស្ទាក់ស្ទើរ​ ជា​យូរ​មក​ហើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រាក់បៀវត្សរ៍​អប្បរមា។ បច្ចុប្បន្ន​ប្រាក់បៀវត្សរ៍​ស្នើសម្រាប់​ពលករ​ឥត​ជំនាញ​មាន​ចំនួន ៧៥.០០០ ស៊ីលីង ដែល​ស្មើ​នឹង​៣០ដុល្លា​ ក្នុង​មួយ​ខែ។ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បាន​យល់ស្រប​ក្នុង​ការ​ពិចារណា​រឿង​នេះ​ ប៉ុន្តែ​ក៏​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ជា​មុន​សិន។

លោក Pius Bigirmana​ នៃ​ក្រសួង​ យ៉េនដឺ​ ការងារ​ និង​ការ​អភិវឌ្ឍន៍​សង្គម​ ព្រមាន​ថា​ ការ​ធ្វើការ​ទាន់​ហ័ន​ពេក​ អាច​មិន​ល្អ​សម្រាប់​អ្នក​គ្រប់​គ្នា។

លោក Pius Bigirmana​និយាយ​ថា​៖ «​អ្នក​មិន​គួរ​ប្រញាប់​អនុវត្ត​ប្រាក់បៀវត្សរ៍​ អប្បរមា​ដោយ​គ្មាន​ការ​សិក្សា​លើ​និន្នាការ​ ការងារ​នោះ​ទេ​ ដើម្បី​ពិនិត្យ​មើល​តម្លៃ​នៃ​ការ​រស់នៅ និង​ប្រាក់បៀវត្សរ៍​អាស្រ័យ​លើ​អាជីព​នៅ​តាម​តំបន់​ភូមិសាស្រ្ត។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បង្កើត​នូវ​ប្រាក់បៀវត្សរ៍​អប្បរមា​ដោយ​ គ្មាន​ការ​ពិចារណា​លើ​កតា្ត​ទាំង​នេះ​ អាច​បង្ក​នូវ​អស្ថិរភាព​គោលការណ៍​ ម៉ាក្រូ​សេដ្ឋកិច្ច​និង​ប៉ះពាល់​ដល់​និន្នាការ​ការងារ​ផង​ដែរ។

អ្នកស្រី ​ Sarah Ssewanyana​ នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផែនការ​សេដ្ឋកិច្ច​ប្រចាំ​នៅ​ Kampala ​និយាយ​ថា​ ភាគច្រើន​នៃ​អ្នក​គាំទ្រ​ឲ្យ​មាន​ប្រាក់បៀវត្សរ៍​អប្បរមា មិន​បាន​យល់​ច្បាស់​ពី​សេដ្ឋកិច្ច​ Uganda​ ដែល​ការងារ​ភាគ​ច្រើន​មិន​មែន​ជា​ការងារ​ផ្លូវការ​ ហើយ​មិន​មាន​ប្រាក់បៀវត្សរ៍​ទៀងទាត់​នោះ​ទេ។

អ្នកស្រី​បន្ថែម​ថា ការ​អនុម័ត​ប្រាក់​បៀវត្សរ៍​អប្បរមា​អាច​កាត់បន្ថយ​ការងារ​ផ្លូវការ​ជាង​នេះ ​ទៅ​ទៀត​ ឬ​បង្ខំ​ឲ្យ​និយោជក​រក​វិធី​ផ្សេង​មក​ប៉ះប៉ូវ​ នូវ​ការ​ចំណាយ​របស់​ខ្លួន។

អ្នកស្រី​ Sarah Ssewanyana​ និយាយ​ថា​៖«ប្រយោជន៍​ធានា​រ៉ាប់រង​មួយ​ចំនួន​ អាច​នឹង​ត្រូវ​កាត់​ចេញ​ ឬ​ក៏​និយោជក​នេះ​នឹង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ ហើយ​ចាំបាច់​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា​អ្នក​ដែល​ទទួល​បាន​ ប្រាក់ខែ​ ៧៥.០០០​ ស៊ីលីង​ ធ្វើ​ការ​លើស​ម៉ោង។

អ្នកស្រី Sswanyana ​និយាយ​ថា​ ខណៈ​ពេល​ដែល​ប្រទេស​ដូច​ជា​ប្រទេស​ Kenya ​និង​ប្រទេស​ Nigeria​ អនុម័ត​ច្បាប់​ប្រាក់​បៀវត្សរ៍​អប្បរមា​ គ្រឹះស្ថាន​ឯកជន​របស់​ប្រទេស​ទាំងនោះ​ក៏​មាន​ការ​អភិវឌ្ឍ​ជាង​ Uganda​ ផង​ដែរ។ គាត់​និយាយ​ទៀត​ថា គួរ​តែ​មាន​ការ​ផ្តោត​ទៅ​លើ​ការងារ​ បើ​ទោះ​ជា​ បាន​ប្រាក់ខែ​តិចតួច​ក៏​ដោយ​នោះ។

អ្នកស្រី ​Sarah Ssewanyana​ បន្ថែម​ថា​៖«សេដ្ឋកិច្ច​របស់​យើង​កំពុង​មាន​លូតលាស់​ ប៉ុន្តែ​មិន​បាន​បង្កើត​ការងារ​ដែល​មនុស្ស​ភាគ​ច្រើន​ចង់​បាន​នោះ​ទេ។ ហេតុអ្វី​ក៏​យើង​មិន​ផ្តោត​សំខាន់​ទៅ​លើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​យើង​ដើម្បី ​ឲ្យ​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​ការងារ​ និង​បន្ទាប់​មក យើង​ប្រហែល​ជា​អាច​ពិភាក្សា​អំពី​ប្រាក់​បៀវត្សរ៍​អប្បរមា​»។

រដ្ឋ​មន្រ្តីក្រសួងការងារនៃ​ប្រទេស​ Uganda​ បាន​សន្យា​ថា​នឹង​អនុម័ត​ប្រាក់បៀវត្សរ៍​អប្បរមា​ត្រឹម​ខែ​ កក្កដា​ ២០១៥។ ស្រប​ជាមួយ​គ្នា​នេះ​ លោក​ Mesilamuនៃ​អង្គការ​សហជីព​ពាណិជ្ជកម្ម​ជាតិ​និយាយ​ថា កម្មករ​កំពុង​តែ​ប្រឹងប្រែង​ ដើម្បី​ធានា​ថា​រដ្ឋ​មន្រ្តី​រូប​នេះ​អាច​រក្សា​អ្វី​ដែល​បាន​សន្យា​នោះ៕

ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG