នៅប្រទេសអ៊ូហ្គង់ដា ការចុះចាញ់របស់លោក Dominic Ongwenមេបញ្ជាការជាន់ខ្ពស់របស់ក្រុមឧទ្ទាម Lord's Resistance Army (LRA) លោក Dominic Ongwen កាលពីដើមខែមករាបានក្លាយជាបញ្ហាខ្វែងគំនិតគ្នាមួយ។ មេក្រុមឧទ្ទាមដ៍អប្រិយមួយនេះ ដែលកំពុងប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋសង្រ្គាមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ កាលពីកុមារភាពត្រូវបានចាប់ខ្លួន និងរំលោភបំពានដោយក្រុមឧទ្ទាម LRA។ អ្នកស្រី Lizabeth Paulat រាយការណ៍ពីទីក្រុង Kampala ថា ប្រជាជនអ៊ូហ្គង់ដាកំពុងតែប្រឈមនឹងបញ្ហាយុត្តិធម៌ នៅពេលដែលជនរងគ្រោះនៃការរំលោភបំពានបានក្លាយជាជនល្មើសវិញ។
លោក Dominic Ongwen មានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ នៅពេលដែលលោកត្រូវបានចាប់ខ្លួន នៅពេលកំពុងដើរទៅសាលារៀន ដោយក្រុមឧទ្ទាម LRA ដែលបង្កភាពវឹកវរនៅអ៊ូហ្គង់ដា និងប្រទេសជិតខាងអស់រយៈពេលរាប់ទស្វត្សរ៍ ក៏ដូចជាមានឈ្មោះអប្រិយពីការចាប់បង្ខំកុមាររាប់ម៉ឺននាក់ឲ្យក្លាយជាទាហាន ឬទាសករផ្លូវភេទ។
ក្រោមការគម្រាមគំហែងសម្លាប់ លោក Ongwen ត្រូវបានបង្ខំឲ្យធ្វើការរំលោភបំពាន សម្លាប់ និងចូលរួមក្នុងភាពឃោរឃៅជាមួយនឹងមេបញ្ជាការរបស់ខ្លួន។ នៅពេលលោកមានអាយុ១៨ឆ្នាំ លោក Ongwen ត្រូវបានដឹងថា មានកេរ្តិ៍ឈ្មោះជាជនគួរឲ្យខ្លាចម្នាក់នៅក្នុងចំណោមក្រុមភេរវកម្មមួយនោះ។ ដល់ធំពេញវ័យ លោកបានចូលធ្វើការជិតស្និទ្ធិជាមួយនឹងមេដឹកនាំក្រុម LRA គឺលោក Joseph Kony។
នៅឆ្នាំ២០០៥ ស្របពេលកំពុងធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋសង្រ្គាមនៅភាគខាងជើងអ៊ូហ្គង់ដា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Ongwen ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មួយទសវត្សរ៍បន្ទាប់មក និងម្ភៃប្រាំឆ្នាំក្រោយពីការចាប់ខ្លួន លោក Ongwen បានចេញពីព្រៃនៅថ្ងៃទី០៦ ខែមករា និងបានប្រគល់ខ្លួន ហើយបានបង្កឲ្យមានការជជែកដេញដោលពិភាក្សានៅក្នុងស្រុកកំណើតរបស់លោក។
ដោយសារតែលោក Ongwenជាជនរងគ្រោះផង និងជាជនដៃដល់ផង រឿងក្តីប្រឆាំងនឹងលោកកំពុងតែធ្វើឲ្យមានការផ្តោតទៅលើថា តើអ្វីជាយុត្តិធម៌ ការអត់ឱន និងការផ្សះផ្សា។
នៅអ៊ូហ្គង់ដា មានការខ្វែងគំនិតគ្នាតាមតំបន់។ សម្រាប់មនុស្សមួយចំនួននៅភាគខាងត្បូងអ៊ូហ្គង់ដា លោក Dominic Ongwen គឺជាសត្រូវរបស់ប្រទេស ដែលត្រូវកាត់ទោសសម្រាប់បទឧក្រិដ្ឋរបស់លោកនៅអ៊ូហ្គង់ដា ហើយអាចនឹងត្រូវប្រហារជីវិតទៀតផង។
ប៉ុន្តែ សម្រាប់ប្រជាជននៅភាគខាងជើង ទោះបីជាត្រូវបានចាត់ទុកជាអ្នកប្រព្រឹត្តិអំពើឃោរឃៅដោយក្រុម LRA ក្តី ក៏មានទាហានកុមារតិចតួចប៉ុណ្ណោះដែលត្រូវបានយល់ឃើញថាមានការទទួលខុសត្រូវពេញលេញលើបទឧក្រិដ្ឋ ដែលពួកគេបានប្រព្រឹត្ត។
លោក Joseph Ogama ដែលបានធំដឹងក្តីនៅអំឡុងពេលមានជម្លោះនៅភាគខាងជើងអ៊ូហ្គង់ដា បានបកស្រាយពីផ្នត់គំនិតមនុស្សទាក់ទងនឹងការអត់ឱន។ លោកថា៖
«ច្បាស់ណាស់ ពួកគេមានការអត់ឱន ដោយសារតែសាច់ញ្ញាតិចំណាស់ៗរបស់ពួកគេ ដែលបានចាកចេញអស់រយៈពេលជាយូរយារណាស់មកហើយ ហើយកំពុងតែនៅក្នុងព្រៃ។ ហើយឥឡូវនេះ ពួកគេបានកំពុងសុំឲ្យសាច់ញ្ញាតិទាំងនោះវិលត្រលប់មកវិញ ដើម្បីឲ្យពួកគេអាចអត់ទោសឲ្យអ្នកទាំងអស់គ្នាសម្រាប់ហេតុផលមួយ។ ពួកគេត្រូវអភិវឌ្ឍខ្លួនឡើងវិញ ដូចក្រុមកុលសម្ព័ន្ធ Acholi និងក្រុម Luo និងដូចអ្នកដទៃទៀតនៅអ៊ូហ្គង់ដា។ ហើយនេះជាហេតុផល ដែលនាពេលនេះ ពួកគេកំពុងតែអត់ឱនឲ្យអ្នកគ្រប់គ្នា។ ដោយសារតែ ពួកគេដឹងថា បើអ្នកទាំងនោះវិលត្រលប់មកវិញ ពួកគេនឹងនៅជួបជុំជាមួយនឹងគ្រួសារពួកគេ ហើយយ៉ាងហោចណាស់បានពិចារណា អភិវឌ្ឍខ្លួន និងបង្កើតជំនាន់បន្តទៀតដូចក្រុមកុលសម្ព័ន្ធ Acholi»ជាដើម។
លោក Nicholas Opiyoអ្នកជំនាញផ្នែកច្បាប់នៅអ៊ូហ្គង់ដា បាននិយាយថា ឋានៈរបស់លោក Ongwen ជាទាហានកុមារមិនមែន ហើយមិនត្រូវលើកលែងរូបលោកពីការទទួលខុសត្រូវលើបទឧក្រិដ្ឋរបស់លោកឡើយ។ លោកថា៖
«ហើយទឡីករណ៍ក្រមសីលធម៌ គឺជាទឡីករណ៍ ដែលកំពុងត្រូវបានធ្វើឡើងដោយប្រជាជននៅភាគខាងជើងអ៊ូហ្គង់ដា ដែលរួមមានមេដឹកនាំសាសនា និងថ្នាក់ដឹកនាំផ្សេងៗទៀត។ ទឡីករណ៍ក្រមសីលធម៌នោះគឺថា នេះគឺជាកុមារមួយរូប ដែលជាប់នៅក្នុងសង្រ្គាមឧទ្ទាមមួយ ដោយសារតែការខកខានរបស់រដ្ឋាភិបាលក្នុងការការពាររូបគេ។ នេះគឺជាទឡីករណ៍ក្រមសីលធម៌របស់ខ្ញុំ។ ប្រសិនបើអ្នកដាក់ក្រមសីលធម៌នោះនៅក្នុងទឡីករណ៍ផ្លូវច្បាប់ វាអាចទៅរួច តែមិនមែនសម្រាប់ការពារក្តីនោះទេ ប៉ុន្តែសម្រាប់ការសម្រួលទោស ដែលលោកប្រហែលនឹងទទួលពីតុលាការតែប៉ុណ្ណោះ ហើយនេះគឺដោយសារតែពិរុទ្ធភាពមិនអាចបែងចែកឲ្យដាច់ពីហេតុផលដែលថាលោកធ្លាប់តែជាទាហានកុមារ»។
លោក Opiyo លើកឡើងថា យុត្តិធម៌គួរតែត្រូវសម្រេចដោយតុលាការ ICC ជាជាងតុលាការអ៊ូហ្គង់ដា។ ប៉ុន្តែ អ៊ូហ្គង់ដាមានទំនាក់ទំនងចម្រូងចម្រាស់មួយជាមួយនឹងតុលាការអន្តរជាតិ។
កាលពីខែធ្នូ លោកប្រធានាធិបតី Yoweri Museveni បានកោះហៅឲ្យសហភាពអាហ្វ្រិកដកខ្លួនចេញពីតុលាការ ICC ដោយនិយាយថា តុលាការ ICC មានភាពលម្អៀងប្រឆាំងនឹងមេដឹកនាំនៅអាហ្វ្រិក។ នៅពេលដែលលោក Ongwen បានចុះចាញ់ រដ្ឋាភិបាលបានផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ហើយបានអនុញ្ញាតិឲ្យតុលាការ ICC ឃុំខ្លួនលោក Ongwen ដើម្បីការកាត់ក្តី។
មន្រ្តីរដ្ឋាភិបាល និយាយថា ជាអន្តរជាតិ សណ្ឋាននៃឧក្រិដ្ឋកម្មរបស់លោក Ongwen ត្រូវការយុត្តាធិការអន្តរជាតិ។
លោក Stephen Lamony អ្នកប្រឹក្សាជាន់ខ្ពស់ឲ្យសម្ព័ន្ធសម្រាប់តុលាការ ICC និយាយថា លោកគិតថា លោក Ongwen គួរតែត្រូវកាត់ទោសដោយតុលាការ ICC ប៉ុន្តែ អ៊ូហ្គង់ដាមានយុត្តាធិការនៅក្នុងការឃុំខ្លួនលោក។ លោកថា៖
«លោក Dominic Ongwen ត្រូវបានរងការចោទប្រកាន់ពីការប្រព្រឹត្តបទឧក្រិដ្ឋនៅអ៊ូហ្គង់ដាតែប៉ុណ្ណោះ។ បរិបទតំបន់ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលត្រូវបានលើកឡើងប្រឆាំងលោកមិនទាន់មាននៅឡើយទេ។ អ្វីដែលខ្ញុំបានឮគឺ ហេតុផលដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋមន្រ្តីការបរទេសគឺលោក Okello Oryem ដែលលោកបានបកស្រាយអំពីហេតុផល ដែលរដ្ឋាភិបាលបានប្រគល់លោក Dominic Ongwen ទៅតុលាការអន្តរជាតិ ហើយលោកបានលើកឡើងខ្លីៗអំពីបញ្ហា ដែលលោក Dominic Ongwen បានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងតំបន់ដទៃទៀត។ ហេតុដូចនេះហើយ វាលំបាកក្នុងការកាត់ទោសលោកនៅអ៊ូហ្គង់ដា។ ប៉ុន្តែ ជាការពិតណាស់ ប្រសិនបើអ្នកពិនិត្យមើលទៅលើការចោទប្រកាន់ដោយតុលាការ ICC ពួកគេបានផ្សារភ្ជាប់ស្ថានភាពនៅអ៊ូហ្គង់ដា ដែលជាទីកន្លែងលោក Ongwen បានប្រព្រឹត្តបទឧក្រិដ្ឋ ហើយមិនមែននៅប្រទេសដទៃទៀត ដែលលោកធ្លាប់បានប្រព្រឹត្តិអំពើឃោរឃៅ»។
ទោះបីជាមានអ្នករិះគន់ ក្រុមអ្នកជំនាញផ្លូវច្បាប់ បាននិយាយថា តុលាការ ICC អាចសម្រេចបានច្រើនជាងអ៊ូហ្គង់ដា ហើយជាពិសេសគឺ ធ្វើឲ្យមានការដឹងឮជនរងគ្រោះដោយក្រុមឧទ្ទាម LRA៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា