ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ថៃ​ប្រជែង​គ្នា​ពីរ​ក្រុម បង្ហាញ​កម្លាំង​ដាក់​គ្នា​ក្នុង​ទីក្រុង​បាងកក


បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នាំ​គ្នា​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ខួប​ទី ៤៧ នៃការ​តវ៉ា​របស់​និស្សិត ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នាំ​គ្នា​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ខួប​ទី ៤៧ នៃការ​តវ៉ា​របស់​និស្សិត ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​ក្រុម​រាជានិយម​គាំទ្រ​ព្រះមហាក្សត្រ Maha Vajiralongkorn រាប់​ពាន់​នាក់ បាន​ប្រឈម​មុខ​បង្ហាញ​កម្លាំង​ដាក់​គ្នា​នៅ​ថ្ងៃពុធ​នេះ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ស្រប​ពេល​ដែល​ភាព​តាន​តឹង​ផ្នែក​នយោបាយ​កំពុង​កើនឡើង ក្រោយ​ពី​មាន​រលក​តវ៉ា​ប្រមាណ ៣ ខែ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ប្រមូល​ផ្ដុំ​គ្នា​ចេញ​ដំណើរ​ពី​វិមាន​ប្រជាធិបតេយ្យ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល ដើម្បី​ទាមទារឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha ដែល​ជា​អតីត​មេដឹកនាំ​យោធា ចុះចេញ​ពី​តំណែង និងទាមទារ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី។ ពួកគេ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម។

នៅ​ប៉ុន្មាន​ម៉ែត្រ​ពីគ្នា​នោះ គេ​ឃើញ​មាន​ក្រុម​រក្សា​សន្តិសុខ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​រាជានិយម ដែល​ស្លៀក​សំលៀកបំពាក់​ពណ៌​លឿង​តំណាង​ឲ្យ​ពណ៌​ព្រះមហាក្សត្រ មុន​ពេល​ដែលក្បួន​ព្រះ​ទីន័ង​ព្រះមហាក្សត្រ​គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ។

ទោះបីជា​មាន​ការ​ប្រតាយប្រតប់​គ្នា​បន្តិច​បន្ដួច​ក៏ដោយ ក៏​ភាគី​ទាំង​ពីរភាគ​ច្រើន​រក្សា​គម្លាត​ពី​គ្នា ប៉ុន្តែ​ការបង្ហាញ​កម្លាំង​ដាក់​គ្នា​នេះ បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​រួច​ទៅ​ហើយ​ដោយសារ​អំពើ​ហិង្សា​តាម​ដង​ផ្លូវ​អស់​ពេល​មួយ​ទស្សវត្សរ៍​រវាង​ក្រុម​អ្នក​គាំទ្រ និង​ក្រុម​ប្រឆាំង​រដ្ឋាភិបាលមុន​រដ្ឋ​ប្រហារ​ឆ្នាំ ២០១៤។

លោក Parit "Penguin" Chirawat មេដឹកនាំ​ក្រុម​អ្នក​តវ៉ាប្រឆាំង​រដ្ឋាភិបាល បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា៖ «មាន​ជំនឿ​លើ​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ»។

ចំណែក​ឯ​លោក Buddh Issara មេដឹកនាំ​ខាង​ក្រុម​អ្នក​រាជានិយម​វិញ បាន​និយាយ​ថា អ្នក​តវ៉ា​អាច​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​បាន ប៉ុន្តែ​មិន​ត្រូវ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​របប​រាជានិយម​ដូច​អ្នក​ខ្លះ​បាន​ធ្វើ​នោះ​ទេ៕

XS
SM
MD
LG