ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ជួប​តំណាង​រដ្ឋាភិបាល​ស្រមោល​របស់​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jake Sullivan ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​មួយ​នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jake Sullivan ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​មួយ​នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

សេតវិមាន​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហ​រដ្ឋ​អាមេរិក​លោក​ Jake Sullivan ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ជួប​ជា​មួយ​តំណាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ប្រឆាំង​ការ​ដឹកនាំ​របស់​របប​យោធា។ ​នេះ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

នៅ​ក្នុង​ជំនួប​តាម​អនឡាញ​នោះ​ លោក​ Sullivan ​បាន​គូស​បញ្ជាក់​សារជា​ថ្មី​នូវ​ការ​បន្ត​ការ​គាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ចលនា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​បាន​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ គឺ​លោក ​Duwa Lashi La ​និង ​អ្នកស្រី ​Zin Mar Aung ​អំពី​កិច្ច​ប្រឹង​ប្រែង​ដែល​កំពុង​កើត​មាន​ឡើង​ដើម្បី​ស្តារ​មាគ៌ា​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ។ ​ នេះ​ បើ​តាម​សេចក្តី​ថ្លែង​របស់​សេតវិមាន។​

ក្នុង​ជំនួប​នោះ​ លោក​ Sullivan​ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​អំពើ​ហិង្សា​របស់​ក្រុម​យោធា​មីយ៉ាន់ម៉ា​ និង​បាន​គូស​បញ្ជាក់​ថា​ «សហ​រដ្ឋ​អាមេរិក​ នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋប្រហារ​នោះ»។​

បាតុកម្ម ​និង​ភាព​ចលាចល​បាន​ធ្វើឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ពិការ​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ ​ដោយ​យោធារង​ការចោទ​ប្រកាន់​អំពី​អំពើ​ឃោរឃៅ ​និង​ការប្រើ​កម្លាំង​ហួសហេតុ​ប្រឆាំង​នឹង​ជន​ស៊ីវិល។​ របប​យោធា ​បាន​ស្តី​បន្ទោស​ភាព​ចលាចល​លើ«ភេរវករ»​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​រដ្ឋាភិបាល​ស្រមោល។​

បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ជិត​ផុត​អាណត្តិ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការ​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​នេះ​ នឹង​មិន​បញ្ចប់​អំពើ​ហិង្សា​ ដែល​កំពុង​កើន​ឡើង​នោះ​ទេ។​

លោក​ Sullivan​ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ផង​ដែរ​ ដល់​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជា​ធិបតេយ្យ​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថ្មីៗ​នេះ​ គឺ​លោក ​Ko Jimmy​ហើយ​ថា​ ​សហ​រដ្ឋ​អាមេរិក ​នឹង​បន្ត​តស៊ូមតិ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​រូប​នេះ។​ នេះ ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ថែមថា លោក​ Sullivan ​និង​មន្ត្រី​រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ក៏បាន​ពិភាក្សា​អំពី​ជំងឺ​រាតត្បាត​កូវីដ១៩​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដោយ​ផ្ទាល់​ដល់​ប្រជាជន​មីយ៉ាន់ម៉ា៕

XS
SM
MD
LG