ការធ្វើមិនឱ្យប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ គាំងដំណើរនៅពេលគំនាបសង្កត់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសនេះហាក់ដូចជាបានធូរស្រាល ហើយនៅក្រោយលោកប្រធានាធិបតីស.រ.អា. Donald Trump បានប្រកាសថាប្រទេសកូរ៉េខាងជើងលែងជាការគំរាមកំហែងនុយក្លេអ៊ែរទៀតហើយ។
នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រីមួយជាមួយលោកប្រធានាធិបតីនិងសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោកកាលពីថ្ងៃពុធ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានមានប្រសាសន៍ថាការសម្រេចកិច្ចព្រមព្រៀងមួយជាមួយប្រទេសកូរ៉េខាងជើងអំពីការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ «ប្រហែលចំណាយពេលខ្លះ»។
លោក Trump ក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា «គ្មានការកម្រិតពេលវេលា» ដល់ការចរចាទេ ក៏ប៉ុន្តែលោកបានថ្លែងកាលពីថ្ងៃពុធក្នុង tweet ថាការដាក់ទណ្ឌកម្មនឹងនៅតែមានតទៅទៀតហើយថានឹងមានអត្ថប្រយោជន៍ធំៗសម្រាប់ប្រទេសកូរ៉ខាងជើងនៅទីបញ្ចប់នៃដំណើរការនេះ។
លោក Cheong Seong-chang អ្នកធ្វើវិភាគកិច្ចការកូរ៉េខាងជើងនៅឯវិទ្យាស្ថាន Sejong ក្នុងប្រទេសកូរ៉េខាងត្បូង និយាយថារបៀបដោះស្រាយថ្មីមានការអត់ធន់របស់រដ្ឋបាល Trump បញ្ជាក់ថាមានការទទួលស្គាល់ច្រើនឡើងៗថាការទាមទារកាលពីពេលមុនៗរបស់ប្រទេសអាមេរិកដែលឱ្យមានការធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរឱ្យបានឆាប់រហ័សនិងជាឯកតោភាគីនៅមុនផ្តល់សម្បទានណាមួយ ជាការគ្មានភាពប្រាកដនិយមទេ៕