ថ្លែងនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តដំណើរទស្សនកិច្ចខាងការទូតរបស់លោក លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នៅតែមិនទាន់ឆ្លើយតបថាតើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងទទួលបានលទ្ធផលជាក់ស្តែងដែរ ឬក៏យ៉ាងណានោះ។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា៖ «យើងនៅមានដំណើរវែងឆ្ងាយទៀត ក៏ប៉ុន្តែ ការសន្យាដែលបានធ្វើឡើងដោយកូរ៉េខាងជើង និយាយតាមត្រង់ទៅគឺថា គីម ជុងអ៊ុនបានធ្វើការសន្យាដោយផ្ទាល់ចំពោះប្រធានាធិបតីត្រាំគឺនៅតែអនុវត្តដដែល»។
នៅលើសារតាមប្រព័ន្ធ Twitter ប្រធានាធិបតីត្រាំនិយាយថា លោកមានទំនុកចិត្តថា គីម ជុងអ៊ុននឹងគោរពអ្វីដែលលោកបានហៅថា «កិច្ចសន្យា» ដែលលោកទាំង២បានចុះហត្ថលេខា។ ពួកអ្នកជំនាញនិយាយថា ចំពោះជំនួបរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Pompeo ជាមួយមន្ត្រីកូរ៉េខាងជើង ការណ៍ដែលសហរដ្ឋអាមេរិកសម្តែងសុទិដ្ឋិនិយមនោះ ហើយកូរ៉េខាងជើងដែលបានហៅជំនួបនោះថា «ជាការគួរឲ្យសោកស្តាយ» អាចបង្កើតបានជានីតិវិធីចរចាស្តង់ដារមួយសម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ លោក James McKeon នៃមជ្ឈមណ្ឌលត្រួតត្រាអាវុធ និងការមិនរីកសាយអាវុធបាននិយាយថា៖ «កូរ៉េខាងជើងកំពុងខិតខំរារាំងយ៉ាងច្បាស់ក្រឡែត។ ភាគីសហរដ្ឋអាមេរិកកំពុងជំរុញឲ្យកូរ៉េខាងជើងលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឲ្យបានឆាប់រហ័សដែលជាអកុសល វាមិនមានភាពប្រាកដប្រជាទេនៅពេលនេះ។ ដូច្នេះ យើងនឹងឃើញការចរចាកើតមានឡើង»។
ពួកអ្នកវិភាគនិយាយថា វាជាការពិបាកដើម្បីទទួលបានសេចក្តីសម្រេចដ៏ឆាប់រហ័សមួយសម្រាប់ការចរចាអំពីអាវុធនុយក្លេអ៊ែរហើយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo ប្រហែលជាចាំបាច់ត្រូវជំរុញឡើងវិញនូវអ្វីដែលអាចជាដំណើរការដ៏វែងអន្លាយមួយ។ លោក James McKeon នៃមជ្ឈមណ្ឌលត្រួតត្រាអាវុធ និងការមិនរីកសាយអាវុធបាននិយាយថា៖ «នៅពេលឥឡូវនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo ទំនងអាចជាអ្នកដឹកនាំមុខនៅក្នុងការចរចានេះ។ ក៏ប៉ុន្តែ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកមានតួនាទីយ៉ាងច្រើនដែលលោកនឹងដោះស្រាយនៅជុំវិញពិភពលោក។ ដូច្នេះ ការមានលោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo អាចមើលការខុសត្រូវលើបញ្ហានេះ ក៏ប៉ុន្តែ ផ្ទេរតួនាទីនេះទៅឲ្យមន្ត្រីការទូតណាដែលយល់ពិតប្រាកដពីស្ថានភាពកូរ៉េខាងជើងនឹងអាចដឹកនាំដោយផ្ទាល់លើបញ្ហានេះគឺជាគំនិតដ៏ល្អបំផុតមួយ»។
លោក McKeon និយាយបន្តទៀតថា បញ្ហាសំខាន់គឺថា សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនៅបន្តការនិយាយរកគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាពិបាកៗ រួមទាំងការ ផ្តល់និយមន័យពិតប្រាកដអំពីអ្វីដែលភាគីនីមួយៗចង់សំដៅលើ «ការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន