ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ទីហ្វុង Rai នៅ​ហ្វីលីពីន កើន​ជាង ​២០០នាក់


នៅក្នុងរូបថត​ដែលថត​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និង​ទទួលបាន​នៅ​ថ្ងៃទី១៩ ខែធ្នូ ២០២១ ពី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នេះ បង្ហាញ​ពី​អ្នកស្រុក​ម្នាក់ កំពុង​ហាល​សម្លៀកបំពាក់​នៅ​លើ​គំនរ​ផ្ទះ​បាក់បែក​ក្នុង​ក្រុង Del Carmen ក្នុង​ខេត្ត Surigao del Norte នៃ​ប្រទេស​ហ្វីលីពីន។
នៅក្នុងរូបថត​ដែលថត​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និង​ទទួលបាន​នៅ​ថ្ងៃទី១៩ ខែធ្នូ ២០២១ ពី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នេះ បង្ហាញ​ពី​អ្នកស្រុក​ម្នាក់ កំពុង​ហាល​សម្លៀកបំពាក់​នៅ​លើ​គំនរ​ផ្ទះ​បាក់បែក​ក្នុង​ក្រុង Del Carmen ក្នុង​ខេត្ត Surigao del Norte នៃ​ប្រទេស​ហ្វីលីពីន។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ទីហ្វុង​ដ៏​ខ្លាំងក្លា​មួយ​ដែល​បាន​បោកបក់​ចំ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ​កាលពី​សប្តាហ៍​មុន ឥឡូវ​នេះ ​បាន​កើន​ដល់​ជាង ២០០នាក់​ហើយ ដោយ​មនុស្ស​មួយ​ចំនួន​នៅ​បាត់ខ្លួន​នៅឡើយ ហើយ​តំបន់​ជាច្រើន​កំពុង​អំពាវនាវ​សុំ​ជំនួយ​ម្ហូប​អាហារ​ និង​ទឹក​បរិភោគ។

អាជ្ញាធរ​ហ្វីលីពីន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា យ៉ាង​ហោចណាស់​មាន​មនុស្ស ២០៨ នាក់ បាន​ស្លាប់ មនុស្ស ៥២ នាក់ កំពុង​បាត់​ខ្លួន ហើយ​មនុស្ស ២៣៩ នាក់​ទៀត បាន​រងរបួស​ដោយសារ​ខ្យល់ព្យុះ​ទីហ្វុង Rai នេះ។

ចំនួន​មនុស្ស​ស្លាប់ រង​របួស និង​បាត់​ខ្លួន​ទាំង​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​កើនឡើង​ថែមទៀត ដោយសារតែ​អាជ្ញាធរ​ នៅ​មិន​ទាន់​អាច​ទាក់ទង ​ឬ​ចូល​ទៅ​ដល់​តំបន់​និង​ភូមិ​ជាច្រើន​កន្លែង​ទៀត​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នេះ ដោយសារតែ​ខ្សែ​ទំនាក់ទំនង ចរន្ត​អគ្គិសនី និង​ផ្លូវ​នានា ​ត្រូវបាន​កាត់ផ្ដាច់ ​ឬ​បង្អាក់។

ខ្យល់ព្យុះ​ទីហ្វុង Rai នេះ​ មាន​ល្បឿន ១៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​សន្ទុះ​បោកបក់​រហូត​ដល់ ២៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មុន​ពេល​វា​ថមថយ​ឥទ្ធិពល​បក់​ឆ្ពោះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

មនុស្ស​ប្រមាណ​ជាង ៧០០.០០០ នាក់ ក្នុង​បណ្តា​ខេត្ត​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​នេះ ដែល​ក្នុង​នោះ​មនុស្ស​ជាង ៤០០.០០០ នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Cebu និង​ខេត្ត Bohol កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ និង​បាន​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​សម្រាប់​អ្នក​ភូមិ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​នេះ៕

XS
SM
MD
LG