ក្រុមសមាជិកសភានៅក្នុងតំបន់អាស៊ាន បានជំរុញប្រទេសជាសមាជិកអាស៊ានឲ្យ «បង្កើនវិធានការជាបន្ទាន់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ដោយសារកាលបរិច្ឆេទផុតកំណត់សម្រាប់ការបញ្ជូនផែនការសកម្មភាពប្រែប្រួលអាកាសធាតុរបស់ប្រទេសនីមួយៗទៅឲ្យក្រុមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុជិតចូលមកដល់ ប្រទេសជាសមាជិកអាស៊ានគួរតែចាត់វិធានការបន្ថែមទៀតចំពោះការប្រែប្រួលអាកាសធាតុ។
សេចក្ដីប្រកាសនេះបានស្រង់សម្ដីរបស់អ្នកស្រី Anthea Ong សមាជិកមួយរូបនៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលបាននិយាយថា៖ «តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់ងាយរងគ្រោះបំផុតមួយនៅលើពិភពលោកចំពោះបញ្ហាប្រែប្រួលអាកាសធាតុ ហើយស្របពេលដែលរដ្ឋាភិបាលជាច្រើនបានទទួលស្គាល់បញ្ហាគំរាមកំហែងបន្ទាន់នេះក៏ដោយ ក៏អ្នកជំនាញនានាមានការខកចិត្តជាមួយនឹងផែនការអាកាសធាតុដែលមិនសូវមានមហិច្ឆតាខ្ពស់របស់រដ្ឋាភិបាលនៃតំបន់អាស៊ីអាគ្នេយ៍នេះ»។
ការបញ្ជូនផែនការសកម្មភាពអាកាសធាតុគឺជាផ្នែកមួយនៃកាតព្វកិច្ចរបស់ប្រទេសនីមួយៗនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។
រដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានបានបញ្ជូនផែនការសកម្មភាពរបស់ខ្លួនរួចហើយ ប៉ុន្តែរហូតដល់ខែកុម្ភៈខាងមុខនេះ បណ្ដាប្រទេសទាំងនេះនៅអាចបញ្ជូនផែនការសកម្មភាពរបស់ខ្លួនដែលប្រសើរជាងមុនបានទៅកាន់សន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្ដីប្រកាសនេះ។
អ្នកស្រី Kunthida Rungruengkiat ដែលជាសមាជិកសភារបស់ប្រទេសថៃ និងជាសមាជិកមួយរូបនៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះថា៖ «ប្រជាពលរដ្ឋរបស់យើងបានរងគ្រោះរួចមកហើយដោយសារការប្រែប្រួលអាកាសធាតុ។ កាលពី ៣ សប្ដាហ៍មុន ខ្យល់ព្យុះទីហ្វុងមួយទៀតបានបោកបក់ចំប្រទេសហ្វីលីពីន ដោយសម្លាប់មនុស្សយ៉ាងតិច ២៨ នាក់។ យើងដឹងថា ការប្រែប្រួលអាកាសធាតុធ្វើឲ្យខ្យល់ព្យុះខ្លាំងជាងមុន និងញឹកញាប់ជាងមុន។ ប៉ុន្តែ ការឆ្លើយតបរបស់រដ្ឋាភិបាលរបស់ពួកយើងនៅក្នុងតំបន់ចំពោះរឿងនេះ គឺពួកគេថា ពួកគេនឹងមិនធ្វើឲ្យផែនការសកម្មភាពអំពីអាកាសធាតុនេះប្រសើរជាងមុននោះទេ ទោះបីជាអ្នកវិទ្យាសាស្ត្រថា ផែនការទាំងនេះមិនទាន់គ្រប់គ្រាន់ក៏ដោយ»៕