ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពីរ​ឆ្នាំ​ក្រោយ​ការ​ស្លាប់​លោក កែម ឡី ការ​ទាញ​ចំណេញ​ខាង​នយោបាយ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង


ផ្ទាំង​រូបថត​ចាស់​លោក កែម ឡី បន្ត​ដាក់​តាំង​នៅ​មុខ​គេហដ្ឋាន​លោក​ក្នុង​ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)
ផ្ទាំង​រូបថត​ចាស់​លោក កែម ឡី បន្ត​ដាក់​តាំង​នៅ​មុខ​គេហដ្ឋាន​លោក​ក្នុង​ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

ការ​បាញ់​សម្លាប់​​លោក កែម ឡី​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​​នៅ​បន្ត​ជា​ការ​ចងចំា​​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ តែ​អ្វី​ដែល​ថ្មី ក្រោយ​ការ​ស្លាប់​របស់​អ្នក​វិភាគ​នយោបាយ​​រូប​នេះ គឺ​ការ​កើត​ចេញ​ជា​គណបក្ស​នយោបាយ​ថ្មីៗ​ពីរ​ ដែល​សុទ្ធតែ​បាន​ផ្អែកលើ​វីរៈភាព​របស់​លោក កែម ឡី។

ផ្ទាំង​រូបថត​អ្នក​វិភាគ​នយោបាយ​លោក​កែម ឡី ដែល​ដាក់​តាំង​នៅមុខ​គេហដ្ឋាន​របស់​លោក​នៅ​ខេត្ត​តាកែវ ​បាន​ប្រែ​ពណ៌ ​បាត់​សោភ័ណ​ភាព​តែ ​អ្វី​ដែល​ថ្មីនោះ​គឺ​មាន​ផ្ទាំង​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​តូចមួយ​ត្រូវ​បាន​ដំឡើង​នៅកំណាត់​ផ្លូវ​ចូល​ទៅ​កាន់​គេហដ្ឋាន​របស់​លោក។​ ផ្ទាំង​ស្លាក​សញ្ញា​គណបក្ស​គណបក្ស​តូចមួយ​នោះជា​«គណបក្ស​ខ្មែរ​តែមួយ»​ ដែល​ត្រៀមចូលរួម​ការ​បោះឆ្នោត​ខែ​កក្កដាដ៏ចម្រូង​ចម្រាសខាង​មុខ​នេះ​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​គេអនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង។​

នៅ​ឯ​ពិធី​រំឭក​ដល់​ការ​ស្លាប់លោក​កែម ឡី​ ក្នុង​ខួប​ពីរ​ឆ្នាំ​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ឃុំ​លាយ​បូ ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ​ លោក​កែម រិទ្ធិសិត​ ប្អូនប្រុស​លោក​ កែម ឡី និង​ជា​ប្រធាន​គណបក្ស​ខ្មែរតែមួយ ​មិនត្រឹម​តែ​បាន​ថ្លែង​អំពី​ការ​តាំង​ចិត្ត​របស់​លោក​ដើម្បីរៀប​ចំ​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​បង​ប្រុស​លោក​នោះ​ទេ​ លោក​ក៏​ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខាង​នយោបាយ ធ្វើ​ឲ្យ​មាន​ពហុបក្ស​ក្នុង​សភា​ជាតិ​ខ្មែរ​ ក្រោយ​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​តាម​អំណាច​តុលាការ​កំពូល​ ដែល​លោក​នឹក​ស្មាន​មិន​ដល់​នោះ។​

«អីចឹងវា​ត្រូវ​មា​ន​គណបក្ស​មួយ​ ពីរ​ ដើម្បី​ឲ្យ​ប្រជាជន​គាត់​ចូល​រួម ​ដើម្បី​ផ្តុំ​គ្នា​ ឲ្យ​មាន​សំឡេង​ក្នុង​សភា​ច្រើន​ ដើម្បី​តតាំង​គ្នា​ ដើម្បី​យើង​ចែង​ច្បាប់​ក្នុង​សភា​ហ្នឹង។​ បើសិន​ជា​មាន​គណបក្ស​តែ​មួយ​ គេ​សម្រេច​អី​មួយគឺ​អត់​មាន​អ្នក​ដែល​ត្រូវ​ជំទាស់​ ដែល​ត្រូវ​រិះគន់​ទេ»។​

លោក កែម រិទ្ធិសិត ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA ​នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
លោក កែម រិទ្ធិសិត ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA ​នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

អង្គុយ​នៅ​ក្រោយ​ចេតីយ៍​តម្កល់​សព​លោក​កែម ឡី ​និងពាក់​អាវ​ពណ៌ស​ លោក​កែម រិទ្ធិសិត បាន​និយាយ​ថា​ ​ការ​ស្វែង​រកយុត្តិធម៌​ជូន​បង​ប្រុស​របស់​លោក​ និង​អ្នក​រិះគន់​រដ្ឋាភិបាល​ឯទៀត​ ក៏ដូចជា​អ្នក​សិល្បៈ​ និង​សកម្មជន​នយោបាយ​ ដែល​បាន​បង់​ជីវិតតាំង​ពី​ទសវត្សរ៍​១៩៩០​មក​នោះ​ ក៏​នឹង​នៅ​តែ​បន្ត​ ដោយ​ហេតុ​ថា​ ការ​ស្វែង​រក​យុត្តិធម៌​នេះជា​ចំណុច​មួយ​ដែល​មាន​ចែងក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ខ្មែរ​តែ​មួយ​ ដែល​លោក​បញ្ជាក់​ថា ជា​គណបក្ស​ឯករាជ្យ​ និង​មិន​ចំណុះ​ឲ្យ​គណបក្សណា​ផ្សេង​ទៀតនោះ​ឡើយ។​

«ក្នុង​នាម​ខ្ញុំ​ជាប្រធាន​គណបក្ស​ខ្មែរ​តែមួយ​ គោល​គំនិត​ គោលដៅ​ គឺ​យើង​តាំង​តែង​ឈ្មោះ​ ខ្មែរ​តែមួយ​នេះ​ គឺ​យើង​មិន​ចំណុះ​ឲ្យ​គណបក្ស​ណា​ ហើយ​យើង​អព្យា​ក្រឹត្យ។ អីចឹងភាព​យុត្តិធម៌​ ​មិន​មាន​ត្រឹមតែ​អ្នក​ដែល​បាន​ស្លាប់​ដោយ​រឿង​អយុត្តិធម៌​ច្រើន​ទេ។​ យើង​លើក​ករណី​ ដូច​តាំងពី​ឆ្នាំ​១៩៩១​មក​ ករណី​អ្នកស្រី​ពិសិដ្ឋ​ ពីលីកា​ ឬមួយ​ក៏តារា​ចំរៀង​ទូច ស៊ុននិច ដែល​បាន​ទទួល​រង​គ្រោះ​ឬ​មួយ​ក៏​លោក​ឈុត វុទ្ធី​ លោក​ជា វិជ្ជា​ហើយនឹង​អ្នក​សហជីព​ច្រើន​ទៀត​ ព្រមទាំង​អ្នក​ទោស​នយោបាយ​ជាច្រើន​ យើង​ត្រូវការ​ដើម្បី​ដោះ​ស្រាយ»។​

លោក​កែម ឡី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​មួយ​ ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​ ២០១៦។​ ការ​បាញ់​សម្លាប់​អ្នក​វិភាគ​រូប​នេះ​ កើត​មាន​ឡើង​ បន្ទាប់ពី​លោក​បានផ្តល់​ការ​អធិប្បាយ​នានា​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ក្តោបក្តាប់​ទ្រព្យ​សម្បត្តិ​រាប់រយ​លាន​ដុល្លារ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលកាន់អំណាច​ជាង​បី​ទស​វត្សរ៍​មក​នោះ។​

ក្រោយ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ភ្លាមៗ​ សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​មាន​ឈ្មោះ​ជួប សំលាប់​ ​ហើយ​ថា​ ​ការ​បាញ់​សម្លាប់​លោក​កែម ឡីគឺ​ ដោយ​សារ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ជំពាក់​លុយ​ខ្លួន​ចំនួន​៣.០០០​ដុល្លារ​មិន​ព្រម​សង។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ​និង​ក្រុ​ម​គ្រួសារ​របស់​លោក​កែម ឡី​មិន​អស់​ចិត្ត​ ​និង​បាន​លើក​ឡើង​ថា​ ​ជួប សំលាប់​បាន​ប្រឌិត​ការ​ជំពាក់​បំណុល​នេះ​ឡើង។​

ជន​នេះ​ក្រោយមក​ត្រូវ​បាន​ក្រុម​អ្នក​អង្កេត​លើ​ករណី​សម្លាប់​លោក​កែម​ ឡី​ និង​អាជ្ញាធរ​រក​ឃើញ​ឈ្មោះ​ពិតថា​ អឿត អាង ដែល​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

ការ​ដណ្តើម​យក​ផល​ប្រយោជន៍​នយោបាយពីសព​លោក​កែម ឡី​

ផ្ទាំង​គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក​កែម រិទ្ធិសិត​ ត្រូវ​គេ​ឃើញ​ដាក់​នៅ​មុខ​ផ្ទះ​លោក កែម ឡី កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០១៨។ (ហ៊ុល រស្មី/VOA)
ផ្ទាំង​គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក​កែម រិទ្ធិសិត​ ត្រូវ​គេ​ឃើញ​ដាក់​នៅ​មុខ​ផ្ទះ​លោក កែម ឡី កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០១៨។ (ហ៊ុល រស្មី/VOA)

ឃាតកម្ម​លោក​កែម ឡី​មាន​ឥទ្ធិពល​ខាង​នយោបាយ​ផង​ដែរ ទៅ​លើ​គណបក្ស​ផ្សេង​ទៀត​ ពោល​គឺគណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ដែលនឹង​ចូលរួម​ប្រជែង​យក​កៅអី​សភា​ពី​បក្ស​កាន់​អំណាចរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រុម​មន្ត្រី​នៃ​គណបក្ស​នេះ​ ដែល​ភាគ​ច្រើន​ជា​អតីត​មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​បន្ត​ផ្តល់​តម្លៃ​ដល់​ទស្សននយោបាយ​របស់​លោក​កែម ឡី​ ដែល​មុនពេល​ស្លាប់​បាន​ប្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍​សង្គម​កម្ពុជា​ផ្សេង​ទៀត​ថា​ លោក​ចង់​ឃើញការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​មួយ។​

នៅមុន​ពេល​ហែ​ក្បួន​ឃោសនា​នយោបាយ​ពី​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជា​ធិបតេយ្យមូល​ដ្ឋាន​ ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ មក​ប្រារព្ធ​ពិធី​ខួប​នៃ​ការ​បាញ់​ស្លាប់​លោក​កែម ឡី​រយៈពេល​ពីរ​ឆ្នាំ​ នៅ​ស្ថានីយ៍​ប្រេង​មួយ​ក្នុង​ខណ្ឌ​ចំការ​មន ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ​ លោក​យ៉ង​ សាំងកុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រ​ជាធិប​តេយ្យ​មូលដ្ឋាន​ ប្រាប់ ​VOA​ថា ​គំនិត​នានា​របស់​លោក​កែម ឡី​ ត្រូវបាន​បញ្រ្ជាប​ទៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​លោក។ ​អតីត​មេដឹកនាំ​អង្គការ​ក្រៅរដ្ឋាភិបាល​រូប​នេះ​ថ្លែង​ថា៖​

«ក្នុង​ឧត្តមគតិ​កែម​ ឡី​ វាមាន​១០​ចំណុច​ ដែល​យើង​បាន​សរសេរ​ផ្សព្វផ្សាយ​ ហើយ​ក្នុង​ហ្នឹង​ គឺ​មាន​សាមញ្ញ​និយម​ មូលដ្ឋាន​និយម​ សេរីភាព​និយម​អីចឹង។ល។​ គាត់​ជា​មនុស្ស​សាមញ្ញ​ ជា​អ្នក​មូលដ្ឋាន​និយម​ ហើយ​យើង​ចង់​ធ្វើ​ឲ្យ​អ្វីៗទៅ​ជា​ភាព​ ​ជា​សាមញ្ញ។​ ធ្វើ​នយោបាយ ធ្វើ​តំណាង​រាស្ត្រ ធ្វើអ្នកធំ​ ធ្វើឯក​ឧត្តម​ មិន​មែន​រាស្ត្រ​នៅ​ជិត​មិន​បាន។ អាហ្នឹង​ហើយ​ជា​ភាព​សាមញ្ញ​និយម​ សេរីភាព​និយម​ គោរព​សិទ្ធិ​សេរីភាព​អ្នក​ដ​ទៃ។ ​ទោះបី​គេ​ជេរ​ ប្រមាថ​ លាប​ពណ៌​យើង​ គ្រប់​រូបភាព​ក៏ដោយ​ ប៉ុន្តែ​យើង​យោគយល់​ អត់​ធ្មត់។​ អាហ្នឹង​ជា​ឧត្តម​គតិ​របស់​គាត់»។​

លោក​កែម ឡី​ ដែល​ជាអ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​ត្រូវ​គេ​ដឹង​ថា​ បាន​ចុះ​ធ្វើការ​ជាមួយ​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ ​ចុះ​អង្កេត​បញ្ហា​សង្គម​នានា​នៅតាម​ព្រំដែន​ និងចូល​រួមចង​ក្រង​បណ្តាញ​ «ខ្មែរ​ដើម្បី​ខ្មែរ»​ ដែល​ក្រោយ​មក​ត្រូវ​បាន​បង្កើតជា​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន។​

មិនមាន​នរណា​ម្នាក់​បាន​បញ្ជាក់​ភ្លាមៗ​ថា​ លោក​កែម ឡីមាន​មហិច្ឆតា​ស្វែង​រក​អំណាច​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សង្គមកិច្ច​ និង​នយោបាយ​ក្នុង​ប្រទេស​នោះ​ទេ​ នៅពេល​ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​កាល​ពី​ឆ្នាំ​២០១៦។ ​សូម្បី​តែ​ភរិយា​របស់​លោក​ គឺ​អ្នកស្រី​ប៊ូ រចនា​ក៏​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​មិន​ចំណុះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា​ ស្វាមី​របស់​អ្នកស្រី​គ្មាន​បំណង​ធ្វើ​នយោបាយ​ទេ។ តែ​លោកកែម រិទិ្ធសិត​បាន​ប្រាប់​ VOA​ ថា​ លោក​កែម​ ឡី​តែង​រំឭក​លោក​អំពី​ការ​ចងក្រង​គណបក្ស​នយោបាយ។ លោកនិយាយថា៖​

«ខ្ញុំយក​គំនិត​របស់​លោក​បណ្ឌិត​កែម ឡី​មក​ធ្វើ​ មក​ធ្វើ​យ៉ាង​ម៉េច? ​គាត់​ថា​ គណបក្ស​នយោ​បាយ​ មិនចាំ​បាច់​យើង​មាន​តែមួយ​ទេ​ មានតែ​មួយ​ តែ​ពីរ​ទេ យើង​អាច​បង្កើត​បាន​ច្រើន​ អាច​ថា​ ឥឡូវ​នេះ​ យើង​ថា​ ២០​ យើង​អាច​ថា​១០០​ឬ​ ២០០​ ទៅ​ទៀតក៏​អត់​បញ្ហា​ដែរ។ ​ប៉ុន្តែ​សំខាន់​គឺ​យើង​មាន​គោលនយោបាយ​ច្បាស់​លាស់​ ប្រជាជន​មាន​ទំនុក​ចិត្ត​ គឺយើង​អាច​មានការ​គាំទ្រ​ច្រើន​ហើយ​»។

ដោយមាន​ជំនឿថា គណបក្ស​នយោបាយ​របស់​លោក​នឹង​ទទួល​បាន​អាសនៈ​សភា​ក្នុងការ​បោះ​ឆ្នោត​ថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨ ​លោក​កែម រិទ្ធិសិត បាន​ពន្យល់​បន្ត​ថា​ គណបក្ស​របស់​លោក​បាន​យក​បញ្ហា​សុខភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជា​រាស្ត្រ​ខ្មែរ ជា​ចំណុច​ស្នូល​ក្នុង​គោល​នយោបាយ​គណបក្ស។​

លោក​លើក​ឡើង​ថា​ បើ​គណបក្ស​លោក​ឈ្នះ​បាន​កៅអី​នៅ​រដ្ឋសភា​នោះ ​គណបក្ស​លោក​នឹង​ចូលរួម​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​កំហិត​ឲ្យ​មាន​ការ​ដាក់​ទោស​ប្រហារ​ជីវិត​អ្នក​ជួញដូរ​គ្រឿង​ញៀន​ ការ​ធានា​បាន​សុវត្ថិភាព​អាហារ​ ដោយ​ការ​បិទ​មិន​ឲ្យ​នាំ​ចូល​ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមី​ពី​ប្រទេស​វៀតណាម​ និង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់លក់​កសិផល​របស់​កសិករ​ខ្មែរ​ឲ្យ​បាន​តម្លៃ​សមរម្យ​មួយ។​

សម្រាប់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ គោល​នយោបាយ​របស់​គណបក្ស​នេះ​មាន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ឧត្តម​គតិ​របស់​លោក​កែម ឡី។ ​លោក​សាម អ៊ីន​ អគ្គ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យគណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​បាន​ថ្លែង​តាម​វីដេអូ​ឃ្លីប​ខ្លី​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់គណ​បក្ស​លោក​ថា​ ​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ហៅ​កាត់​ថា​ ​គ.ប.ម.មាន​គោល​នយោបាយ ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្លាំង​នៃ​សេវា​សាធារណៈ​ និង​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​សន្ទុះ​ខ្លាំងក្លា។ ​លោក​បញ្ជាក់​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គោល​នយោបាយ​សំខាន់​ពីរ​នេះ​សុទ្ធ​តែ​ផ្តើម​ចេញ​ពីការ​ពិគ្រោះ​យោបល់​ជាមួយលោក​កែម ឡី​ កាល​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ។​

«ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ រីក​លូតលាស់​ប្រកប​ដោយ​ភាព​សមធម៌​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ល្អ​ ជូន​ប្រជា​ពលរដ្ឋ​ដោយ​រហ័ស​ ទាន់​ចិត្ត​ មិន​គិត​កម្រៃ​ថែម​ មិន​ពុក​រលួយ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ខ្មែរ​មួយ​មាន​សេដ្ឋកិច្ច​ រីកលូត​លាស់​ល្អ​ ខ្លាំង​រឹងមាំ»។

ការរួប​រួមគ្នា​មិនអាច​ទៅ​រួច​

​ទោះណា​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំងពីរ​បាន​បញ្ជាក់​រៀងៗ​ខ្លួន​ថា​ ពួក​គេ​បាន​រៀនសូត្រ​ជាច្រើន​ពី​គំនិត​លោក​កែម ឡី ​និង​ថែម​ទាំង​បាន​ពិគ្រោះ​យោបល​បញ្ហា​នយោបាយ​មុន​ការ​បង្កើត​គណបក្ស​ក៏​ដោយ​ចុះ ​ ផ្លូវ​ដើរតែ​មួយ​សម្រាប់​គណបក្ស​ទាំង​ពីរ​នេះ​គឺ​មិន​អាច​ទៅរួច​នោះ​ឡើយ។​

លោក​កែម រិទ្ធិសិត​ ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​បាន​លេច​ចេញ​រូបរាង​មុន ​មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ ដែល​ពិបាក​នឹង​មក​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស​លោក​ដែល​លោក​អះអាង​ថា​ ក៏​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់​ដូចគ្នា​ ហើយ​អាច​ធ្វើការ​ដោយ​ខ្លួនឯង​បាន​ផង​ដែរ។​

រី​ឯ​លោក​សាម អ៊ីន​ថ្លែង​ថា​ ការ​ច្របាច់​ក្រុម​ពីរ​ ឬបី​បញ្ចូល​គ្នា​នោះ​ជា​បញ្ហា​ប្រឈម​មួយ​របស់​អ្នក​នយោបាយ។ ​លោក​មាន​ប្រសាសន៍​តាមន័យ​ដើម​ថា៖​

«ការ​រួបរួម​ក្រុម​២ ​ឬ៣​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ វា​ត្រូវការ​មាន​គុណ​តម្លៃ​រួម​ គោល​ការណ៍​រួមគ្នា​ គោល​បំណង​រួម​គ្នា​ និង​អត្តចរិត​ និង​របៀប​ធ្វើការ​ស្រដៀង​គ្នា​ ទើប​អាច​រួបរួម​ជា​ក្រុម​មួយ​ខ្លាំង​បាន។ ​បើមិន​មាន​ភាព​ដូចគ្នា​ ឬ​ស្រដៀង​គ្នា​នៃ​លក្ខណៈ​ទាំង​បួន​ខាង​លើ​ ការ​រួប​រួម​នឹង​ធ្វើ​ឲ្យ​ក្រុម​ខ្សោយ​ និង​មាន​បញ្ហា​ច្រើន​ទៅ​វិញ»។​

អ្នកស្រី ភោគ សេ ម្តាយ​បង្កើត​លោក កែម ឡី អង្គុយ​នៅ​កណ្តាល​ពិធី​បុណ្យ​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការស្លាប់​របស់​លោក កែម ឡី ធ្វើ​ឡើង​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)
អ្នកស្រី ភោគ សេ ម្តាយ​បង្កើត​លោក កែម ឡី អង្គុយ​នៅ​កណ្តាល​ពិធី​បុណ្យ​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការស្លាប់​របស់​លោក កែម ឡី ធ្វើ​ឡើង​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)

ភាពស្ងប់ស្ងាត់បាន​កើតឡើង

​នៅពេល​ដែល​ក្រុម​សាច់​ញាតិ​សន្តាន​ និង​អ្នក​ធ្លាប់​ចូល​រួម​ជួយ​ធ្វើការ​ខាង​សង្គមជា​មួយ​លោក​កែម ឡីបាន​បែង​ចែក​ផ្លូវ​នយោបាយ​សម្រាប់​ដើរ​រៀងៗ​ខ្លួន​នោះ​ មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​មក​ចូល​រួម​គោរព​សព​លោក​កែម ឡី​ និង​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​រូប​នេះ។​

លោក​ឃឹម សុខុន​ អ្នក​រត់​ម៉ូតូកង់​បី​ និង​ជា​អ្នក​គោរព​ស្រឡាញ់​ លោក​កែម ឡី​ ​បាន​មើល​ឃើញ​ពីភាព​ស្ងប់ស្ងាត់​នៃ​ពិធី​បុណ្យ​សព ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា ​នៅ​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។​ លោក​និយាយ​ថា៖​

«អា​នេះ​គ្រាន់​ថា​ ខ្ញុំ​មើល​ឃើញស្ថាន​ភាព​ជាក់​ស្តែង។​ តាំង​ពី​ព្រឹក​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មើល​ឃើញ​ស្ថានភាព​ បាន​ន័យ​ថា បុណ្យ​គម្រប់​ខួប​ពីរ​ឆ្នាំ​របស់​លោក​បណ្ឌិត​កែម ឡី​ វា​ហាក់​ដូច​ជា​ខុស​ពីមុន។​ កាល​គម្រប់​ខួប​មួយ​ឆ្នាំ​ ក៏ដូច​ជា​ពេល​ដែល​គាត់​ខូច​ ពេល​ដែល​ដង្ហែ​សព​គាត់​មក​អី​ វាខុស​ពី​ប្រក្រតី។ ​អីចឹង ចំណុច​សំខាន់​បំផុត​ ដែល​ខ្ញុំមើល​ឃើញ​ស្ថានភាព​ជាក់​ស្តែង​ គឺ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ ឬការ​បែកបាក់​សាមគ្គី​របស់​ខ្មែរ​ និង​ខ្មែរ»។​

អ្នក​រត់ម៉ូតូ​កង់បី​រូប​នេះ​ ​បាន​បន្ថែម​ថា​ ការ​បែកបាក់​នេះ​ក៏​នឹង​ជា​ឧបសគ្គ​មួយ​សម្រាប់​មាគ៌ា​នាំទៅ​រក​ការ​ទទួល​បានយុត្តិធម៌​ពិត​ប្រាកដដល់​សព​លោក​កែម ឡី​ទៀត​ផង។​

ខណៈ​ដែល​យុត្តិធម៌​មិន​ទាន់​ត្រូវបាន​រក​ឃើញ​នៅឡើយ​សម្រាប់​លោក​កែម ឡី​ ក្នុង​ពេល​អ្នក​ដែល​ផ្តល់​តម្លៃដល់​ការវិភាគ​របស់​លោក​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ កំពុង​វក់វី​ក្នុង​ដំណើរ​ផ្សង​ព្រេងខាង​នយោ​បាយនោះ​ ចេតីយ៍​សម្រាប់​តម្កល់​សព​អ្នក​វិភាគ​រូប​នេះ​ក៏​មិន​ទាន់​ត្រូវ​បាន​សាង​សង់​ចប់​រួចរាល់​នៅ​ឡើយ​ ហើយ​រូប​ថត​បង្ហាញ​ការ​បាញ់​ស្លាប់​លោក​កែម ឡី​ ដែល​ត្រូវ​បាន​ព្យួរ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក៏​បាន​ប្រែ​ពណ៌​ខុស​ពី​សភាព​ដើម​ រី​ឯ​រូប​សំណាក​របស់​លោក​កែម ឡី​ ក៏​មិន​សូវ​មាន​មនុស្ស​មក​ផ្តិត​យក​រូប​ភាព​ ដូចគ្រា​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ថ្មីៗ​នោះ​ឡើយ។​

ចេតិយ​តម្កល់​សព​លោក កែម ឡី ដែល​មិន​ទាន់​ត្រូវ​បាន​សាងសង់​ចប់​រួចរាល់​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨។ (ហ៊ុល រស្មី/VOA)
ចេតិយ​តម្កល់​សព​លោក កែម ឡី ដែល​មិន​ទាន់​ត្រូវ​បាន​សាងសង់​ចប់​រួចរាល់​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨។ (ហ៊ុល រស្មី/VOA)

កាល​ពីពេល​កន្លង​មក អ្នក​វិភាគ​ជា​ច្រើន​បាន​បក​ស្រាយ​ខុសៗ​គ្នា​ថា​ ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក​កែម ឡី​ ដោយ​យក​ទស្សនៈ​របស់​លោកមក​ឡូក​ឡំ​នឹង​រឿង​នយោបាយ​ អាច​នឹង​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​របស់​លោក​សាប​រលាប​ ដែល​យូរៗ​ទៅ​លោក​កែម ឡី​នឹង​ក្លាយ​ជា​ជន​ធម្មតា​ ហើយ​ការ​រំឭក​ដល់​រូបលោក​នោះ​ នឹង​ថយ​ចុះ​បន្តិច​ម្តងៗ​ ឬ​ក៏​ត្រូវ​បាន​គេបំភ្លេច​ចោល៕

XS
SM
MD
LG