រយៈពេល១៣ម៉ោងនៃការកាប់សម្លាប់នៅក្នុងសហរដ្ឋអាមេរិក អ្នកបាញ់ប្រហារ២នាក់នៅក្នុងឧបទ្ទវហេតុ២ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្ស២៩នាក់ហើយនិងធ្វើឲ្យរាប់សិបនាក់ទៀតរងរបួស ដោយបានធ្វើឲ្យពួកអាជ្ញាធរស្វែងរកមូលហេតុនៅពីខាងក្រោយនៃភាពច្របូកច្របល់វឹកវរនេះ។
ខ្មាន់កាំភ្លើងម្នាក់ដែលពាក់អាវក្រោះ និងកាន់ឡតសម្រាប់ដាក់គ្រាប់រំសេវបន្ថែម បានត្រូវប៉ូលិសបាញ់សម្លាប់មិនដល់១នាទីផងបន្ទាប់ពីជននោះ បានបើកការបាញ់ប្រហារកាលពីព្រឹកថ្ងៃអាទិត្យនៅរង្គសាលដ៏មានប្រជាប្រិយភាពមួយកន្លែងនៅក្នុងទីក្រុង Dayton តំបន់ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិកនៃរដ្ឋអូហៃយ៉ូ។ បុរសនោះ បានសម្លាប់មនុស្ស៩នាក់ហើយនិងធ្វើឲ្យរបួសយ៉ាងតិចណាស់ក៏២៧នាក់ដែរ ដោយមាន៤នាក់មានរបួសយ៉ាងធ្ងន់ធ្ងរ។
ប៉ូលិស បាននិយាយថា ពួកគេជឿថា មានអ្នកបាញ់ប្រហារតែម្នាក់គត់ក្នុងឧបទ្ទវហេតុនេះ ក៏ប៉ុន្តែ ប៉ូលិស នៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះទេ។ សេចក្តីរាយការណ៍របស់ព័ត៌មាន បានកំណត់អត្តសញ្ញាណជនបាញ់ប្រហារនោះមានឈ្មោះថា Connor Betts អាយុ២៤ឆ្នាំ ដែលនិយាយដោយខ្លួនឯងនៅក្នុងបណ្តាញព័ត៌មានសង្គមថា ជានិស្សិតចិត្តវិទ្យានៅឯមហាវិទ្យាល័យសហគមន៍នៅក្នុងទំបន់ទីក្រុង Dayton។
លោកស្រី Nan Whaley អភិបាលក្រុង Dayton បាននិយាយថា ការឆ្លើយតបដ៏ឆាប់រហ័សរបស់ប៉ូលិស «បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់» នៅសង្កាត់ Oregon ដោយមានសុទ្ធតែរង្គសាល ភោជនីយដ្ឋាន និងមហោស្រពពោរពេញទៅដោយមនុស្ស។
ការបង្ហូរឈាមនៅរដ្ឋអូហៃយ៉ូ បានកើតមានឡើងប្រហែល១៣ម៉ោងបន្ទាប់ពីប៉ូលិសនៅក្នុងក្រុង El Paso រដ្ឋតិចសាសដែលមានព្រំដែនជាប់ប្រទេសម៉ិចស៊ិក និយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅឯហាងលក់ដូរទំនិញ Walmart បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏២០នាក់ហើយនឹងធ្វើឲ្យ២៦នាក់ទៀតរងរបួស ហើយវាជាការវាយប្រហារមួយដែលពួកអាជ្ញាធរ និយាយថា ពួកគេ កំពុងស៊ើបអង្កេតដែលអាចជាការស្អប់ខ្ពើមលើជនជាតិ Hispanic៕