ក្រុមអាជ្ញាធរបាននិយាយថា មនុស្សជាច្រើននាក់បានស្លាប់បន្ទាប់ពីមានការបាញ់ប្រហារកើតឡើងនៅថ្ងៃនេះក្នុងសង្កាត់ អេល ប៉ាសូ (El Paso) រដ្ឋតិចសាស់ (Texas)។
ការបាញ់ប្រហារនោះបានកើតឡើងក្នុងផ្សារលក់ទំនិញដ៏ធំហៅថា សៀឡូ វីស្តា ម៉ល (Cielo Vista Mall)។ ក្រុមអាជ្ញាធរបានបិទផ្លូវនានាជុំវិញហាងទំនិញទាំងនោះ ហើយកំពុងស៊ើបអង្កេតរកជនដៃដល់និងកំណត់ពីមូលហេតុនៃការបង្កឲ្យមានការបាញ់ប្រហារនោះកើតឡើង។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរបានប្រាប់ទូរទស្សន៍ NBC News ថា មានមនុស្សយ៉ាងតិច១៨នាក់បានស្លាប់ ហើយប៉ូលិសបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះ Patrick Crusius អាយុ២១ឆ្នាំ។
ប្រភពព័ត៌មានផ្សេងទៀតបានរាយការណ៍មកថា មានមនុស្សយ៉ាងតិច២០នាក់រងរបួស។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានហៅការបាញ់ប្រហារនោះថា ជារឿងដ៏អាក្រក់។ នេះបើតាមសារតាមប្រព័ន្ធទ្វីតធឺរបស់លោក។ លោក ត្រាំ បានបញ្ជាក់ថាលោកកំពុងធ្វើកិច្ចការជាមួយអភិបាលរដ្ឋ ក្រុមអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអនុវត្តន៍ច្បាប់ ហើយសម្តែងការគាំទ្រទាំងស្រុងដល់កិច្ចការរបស់អាជ្ញាធរ ដែលបានទទួលការជូនដំណឹងអំពីការបាញ់ប្រហារតាំងពីម៉ោង១០ព្រឹក៕