ការស្ទង់មតិកាលពីដំបូង២បានផ្តល់ពិន្ទុខ្ពស់ដល់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ចំពោះសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារនៅខាងមុខសម័យប្រជុំសភារួមមួយ។
ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CBS News/You Gov បានរកឃើញថា មនុស្សជាង៣ភាគ៤នៃអ្នកដែលបានមើលសុន្ទរកថាតាមទូរទស្សន៍បានយល់ស្រប ខណៈដែលចំនួន៨២ភាគរយបានគិតថា លោកមានលក្ខណៈជាប្រធានាធិបតី។ ៧៦ភាគរយនៃអ្នកមើលសុន្ទរកថារបស់លោកប្រធានាធិបតីគិតថា សុន្ទរកថានោះកំពុងបង្រួបបង្រួមប្រទេស រួមមាន៣៦ភាគរយនៃអ្នកមើលទាំងនោះចាត់ទុកខ្លួនឯងជាអ្នកប្រជាធិបតេយ្យផង។
យោងតាមការស្ទង់មតិដែលបានធ្វើឡើងដោយបណ្តាញទូរទស្សន៍ CNN/ORC បានប្រាប់ឲ្យដឹងថា សុន្ទរកថារបស់លោកប្រធានាធិបតីត្រាំបានធ្វើឲ្យអ្នកមើលទូរទស្សន៍ប្រហែល៧០ភាគរយមានសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើងអំពីអនាគតរបស់ប្រទេសអាមេរិក។ អ្នកមើលទូរទស្សន៍ជិត២ភាគ៣ជឿជាក់ថា លោកប្រធានាធិបតី បានកំណត់អាទិភាពត្រឹមត្រូវ។ អ្នកមើល៥៧ភាគរយ មានប្រតិកម្មប្រកបដោយវិជ្ជមានដល់សុន្ទរកថារបស់លោកប្រធានាធិបតី ទោះយ៉ាងណាក៏ដោយ បណ្តាញទូរទស្សន៍ខ្សែកាប CNN ក៏បានកត់សំគាល់ដែរថា អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលការគាំទ្រ៦៨ភាគរយហើយលោក George W. Bush បានទទួលការគាំទ្រ៦៦ភាគរយដែលជាពិន្ទុខ្ពស់បំផុតបន្ទាប់ពីសុន្ទរកថាលើកដំបូងរបស់ពួកអស់លោកទៅកាន់សភា។
បណ្តាញទូរទស្សន៍ CBS News/You Go បានរកឃើញថា អ្នកឆ្លើយតប៦១ភាគរយ មានអារម្មណ៍ប្រកបដោយក្តីសង្ឃឹមអំពីអ្វីដែលលោកប្រធានាធិបតីត្រាំ នឹងធ្វើបន្ទាប់ពីសុន្ទរកថាទោះជាយ៉ាងណាក៏ដោយ សុន្ទរកថានោះខ្វះចំណុចជាក់លាក់អំពីសំណើគោលនយោបាយរបស់លោក៕