«នៅទីបំផុតយើងនឹងពង្រឹងច្បាប់អន្តោប្រវេសន៍របស់យើង យើងនឹងបង្កើនប្រាក់កម្រៃ ជួយអ្នកដែលគ្មានការងារធ្វើ សន្សំប្រាក់រាប់ពាន់លានដុល្លារ និងធ្វើឲ្យសហគមន៍របស់យើងមានសុវត្ថិភាពជាងមុនសម្រាប់គ្រប់គ្នា»។
«ខ្ញុំបានបញ្ជាដល់ក្រសួងការពារប្រទេសឲ្យបង្កើតផែនការមួយដើម្បីកម្ចាត់និងបំផ្លាញក្រុមរដ្ឋឥស្លាម»។
លោក Trump ថ្លែងទៀតថា «ធ្វើឲ្យមានភាពងាយស្រួលជាងមុនសម្រាប់ក្រុមហ៊ុនក្នុងការធ្វើជំនួញក្នុងសហរដ្ឋអាមេរិកនិងធ្វើឲ្យក្រុមហ៊ុនទាំងនោះពិបាកចាកចេញពីសហរដ្ឋអាមេរិក»។
«ខ្ញុំនឹងនាំយកការងាររាប់លានត្រឡប់មកវិញ។ ការការពារកម្មកររបស់យើងក៏មានន័យថាធ្វើកំណែទម្រង់អន្តោប្រវេសន៍ស្របច្បាប់របស់យើង»។
«ខ្ញុំនឹងស្នើឲ្យសភាអនុម័តលើច្បាប់ដែលបង្កើតការវិនិយោគដែលមានទឹកប្រាក់១លានលានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាមេរិក»។
«ខ្ញុំនឹងស្នើឲ្យសភាធ្វើវិសោធនកម្មនិងលុបចោល Obamacare ដោយធ្វើកំណែទម្រង់ដែលបង្កើនជម្រើស ងាយស្រួលទៅមន្ទីរពេទ្យ មានតម្លៃថោកជាងមុន និងផ្តល់សេវាថែទាំសុខភាពល្អជាងមុន»។
«គោលនយោបាយការបរទេសរបស់យើងអំពាវនាវឲ្យមានការចូលរួមជាមួយពិភពលោកដោយផ្ទាល់ ក្លៀវក្លា និងមានន័យ។ វាគឺជាការដឹកនាំរបស់អាមេរិកដែលផ្អែកទៅលើផលប្រយោជន៍សន្តិសុខដ៏មានសារៈសំខាន់ដែលយើងចែករំលែកជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញសកលលោកយើងនេះ»។
«យើងគាំទ្រយ៉ាងពេញទំហឹងទៅលើអង្គការអូតង់ ដែលជាសម្ព័ន្ធមិត្តមួយដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលនៃសង្គ្រាមលោកទាំងពីរលើក ដែលផ្តួលរំលំរបបហ្វាស៊ី និងសង្គ្រាមត្រជាក់ដែលយកឈ្នះលើរបបកុម្មុយនិស្ត។ ប៉ុន្តែដៃគូរបស់យើងត្រូវតែបំពេញទៅតាមភារកិច្ចហិរញ្ញវត្ថុរបស់ខ្លួន»។
«ហើយឥឡូវនេះ ផ្អែកទៅលើការពិភាក្សារបស់យើងយ៉ាងរឹងមាំ និងយ៉ាងស្មោះត្រង់ទៅវិញទៅមក ពួកគេចាប់ផ្តើមបំពេញកិច្ចការនេះហើយ។ យើងរំពឹងថាដៃគូរបស់យើង ទោះជាក្នុងអង្គការអូតង់ ក្នុងតំបន់មជ្ឈឹមបូពា ឬ ក្នុងតំបន់ប៉ាស៊ីហ្វិកក៏ដោយ ដើម្បីដើរតួរនាទីយ៉ាងមានន័យ ក្នុងប្រតិបត្តិការយុទ្ធសាស្ត្រនិងយោធា ហើយជួយចេញប្រាក់សម្រាប់ចាយវាយឲ្យបានយុត្តិធម៌»
«ដំណោះស្រាយយូរអង្វែងតែមួយគត់សម្រាប់គ្រោះមហន្តរាយមនុស្សធម៌ទាំងនេះ គឺត្រូវបង្កើតស្ថានភាពមួយដែលជនផ្លាស់ប្ដូរទីលំនៅអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបានដោយសុវត្ថិភាពនិងចាប់ផ្តើមដំណើរការយូរអង្វែងនៃការស្តារឡើងវិញ»។
«ខ្ញុំបញ្ជូនថវិកាទៅកាន់សភាដែលជួយកសាងវិស័យយោធារបស់យើង លុបបំបាត់ការកាត់បន្ថយវិស័យយោធា ហើយអំពាវនាវឲ្យមានការបង្កើនថវិកាចំណាយដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម្រាប់ការពារប្រទេសជាតិរបស់យើង»។
«យើងចង់បានសន្តិភាព កន្លែងណាក៏ដោយដែលយើងអាចរកបានសន្តិភាព។ អាមេរិកសព្វថ្ងៃជាមិត្តជាមួយនឹងអតីតសត្រូវរបស់យើង។ សម្ព័ន្ធមិត្តដ៏ជិតស្និតរបស់យើងបំផុតមួយចំនួន តាំងពីប៉ុន្មានទសវត្សរ៍មុន បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមលោក។ ប្រវត្តិសាស្ត្រនេះគួរតែផ្តល់ឲ្យយើងនូវជំនឿយើងអាចមានពិភពលោកដែលល្អប្រសើរជាងមុន»។
«ខ្ញុំសុំឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ឱបក្រសោបទទួលយកនូវការលើកស្មារតីអាមេរិកាំងឡើងវិញ។ ខ្ញុំអំពាវនាវឲ្យសមាជិកសភាទាំងអស់ចូលរួមជាមួយនឹងខ្ញុំ ក្នុងការមានក្តីស្រម៉ៃខ្ពស់ មោះមុត និងប្រកបដោយភាពអង់អាចក្លាហាន សម្រាប់ប្រទេសរបស់យើង។ ហើយខ្ញុំអំពាវនាវឲ្យអ្នករាល់គ្នាដែលកំពុងទស្សនានៅយប់នេះឆ្លៀតឱកាសនេះ ត្រូវជឿជាក់លើខ្លួនរបស់អ្នក ជឿជាក់លើអនាគតរបស់អ្នក ហើយជាថ្មីម្តងទៀតជឿជាក់ទៅលើអាមេរិក»៕