បទចម្រៀង«អន្លង់វែងស្នេហា» គឺជាបទចម្រៀងថ្មី១ក្នុងចំណោមពីរបទដែលបានរៀបរាប់ពីមូលដ្ឋានដ៏រឹងមាំចុងក្នុងក្រោយរបស់ខ្មែរក្រហម ដែលស្ថិតនៅភាគខាងជើងបំផុតរបស់ប្រទេសកម្ពុជាជាប់ទល់ដែនថៃ។ បទចម្រៀង«អន្លង់វែងស្នេហា» ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ តាមទំព័រហ្វេសប៊ុកនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាកម្មវិធីមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ឬ DC-Cam។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលផលិតបទចម្រៀងទាំង២នេះ បានប្រាប់ VOA ថាចម្រៀងទី១ «អន្លង់វែងស្នេហា» ត្រូវបានចងក្រងឡើងដោយរៀបរាប់ពីក្តីសេ្នហារបស់បុរសទាហានខ្មែរក្រហមមួយរូបនិងនារីមួយរូប ដែលមានសម្រស់ល្អផូរផង់។ អ្នកនិពន្ធធៀបបុរសនោះទៅនឹងអតីតខ្មែរក្រហមដែលរស់នៅតំបន់អន្លង់វែង ឯស្ត្រីដ៏ស្រស់ផូរផង់គឺជាសង្គមកម្ពុជានិងរដ្ឋាភិបាលកម្ពុជាដែលទាក់ទាញឱ្យក្រុមខ្មែរក្រហមចុងក្រោយសុខចិត្តទំលាក់អាវុធចូលរួមរស់ជាមួយវិញ។
លោក ឆាំង យុ បានសរសេរក្នុងសារអេឡិចត្រូណិកឬ email មកកាន់ VOA ក្នុងន័យដើមយ៉ាងដូច្នេះ៖
«សាច់រឿងនេះជានិមិត្តរូប នៃអន្លង់វែងបន្ទាយខ្មែរក្រហមដ៏ខ្លាំងក្លាចុងក្រោយបង្អស់ បានទម្លាក់អាវុធចុះ ហើយប្តេជ្ញាចិត្តរួមរសក្នុងសង្គមជាតិ តាមការសន្យាមួយ។ តាមច្រើនទម្រង់ បទចម្រៀងនេះបានបង្ហាញថា ការសន្យានោះមិនត្រូវបានបំពេញជូនពួកគាត់នោះទេ»។
អន្លង់វែងជាតំបន់ចុងក្រោយបង្អស់របស់ខ្មែរក្រហម ក្រោយពីការផ្តាច់ខ្លួនរបស់ក្រុមខ្មែរក្រហមមួយចំនួនធំនៅតំនប់ម៉ាឡៃ សំឡូត និងខេត្តប៉ៃលិន ក្នុងឆ្នាំ១៩៩៦។ វាជាទីលំនៅរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ រួមមាន ប៉ុល ពត នួន ជា និង តាម៉ុក។ មេដឹកនាំនៃរបបវាលពិឃាដ ប៉ុល ពត ត្រូវបានទុកឱ្យរស់នៅក្នុងខ្ទមមួយលើខ្នងភ្នំដងរែក រហូតដល់ស្លាប់នៅឆ្នាំ១៩៩៨ ក្រោយការកាត់ទោសមួយដោយតុលាការប្រជាជន។
ប៉ុន្មានខែក្រោយមក ថ្នាក់ដឹកនាំខែក្រហមដែលនៅសេសសល់បានសម្រេចធ្វើសមាហរណកម្ម និងបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជិត៣០ឆ្នាំ។ នាគ្រានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថានឹងមិនយកទោសពៃរ៍ដល់ក្រុមខ្មែរក្រហមចុងក្រោយ ហើយឱ្យពួកគេរស់នៅប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់នោះជាមួយអ្វីដែលពួកគេមាន។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូលៗនៃរបបខែ្មរក្រហមមួយចំនួនរួមទាំង នួន ជា តា ម៉ុក ខៀវ សំផន អៀង សារី អៀង ធារិទ្ធិ ត្រូវបាននាំមកកាត់ទោសក្នុងរាជាធានីភ្នំពេញ ដោយសាលាក្តីកូនកាន់ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែមេដឹកនាំខ្មែរក្រហមកំពូលៗមួយចំនួនធំបានស្លាប់មុនការកាត់ទេសជាបន្តបន្ទាប់ ដោយឡែក កាំង ហ្គិចអ៊ាវ ហៅឌុច មេគុកទួលស្លែងត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិត សម្រាប់ឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តនៅគុកទួលស្លែង ឬ ស-21។ ក្រោយការស្លាប់របស់បងធំទី២ នួន ជា កាលពីដើមខែសីហាកន្លងទៅ សព្វថ្ងៃនេះមានតែមេដឹកនាំខ្មែរក្រហមមួយរូបគត់គឺ ខៀវ សំផន ដែលបន្តការកាត់ទោសក្នុងវ័យចាស់ជរា។
បើតាមការឱ្យដឹងរបស់លោក ឆាំង យុ បទចម្រៀងទីពីរដែលនឹងចេញផ្សាយនាពេលខាងមុខទៀតនោះគឺ «គ្មានឥន្ទធនូស្នេហ៍»។ បទនេះបានធៀបបញ្ច្រាសមកវិញដោយស្ត្រីដែលជានារីជនបទ និងជាអតីតខ្មែរក្រហមនៅស្រុកអន្លង់វែង ហើយបុរសទីក្រុងគឺជាប្រទេសកម្ពុជា ដែលចេចូវក្រមុំអន្លង់វែង។ តួអង្គស្ត្រីយល់ថា បុរសទីក្រុងគឺជាគូដែលទេវតាចារពីព្រេងព្រឹទ្ធ ហើយពួកគេបានរួមរស់នៅជាមួយគ្នាយ៉ាងសុខដុមនៅតំបន់ដែលព័ទ្ធដោយព្រៃ។ ក៏ប៉ុន្តែបុរសទីក្រុងធៀបបាននឹងឥន្ទធនូដែលគ្មានស្នេហ៍ វាតែងតែរលាយបាត់រូបកាយក្រោយភ្លៀង។
លោក ឆាំង យុ បញ្ជាក់ថា អត្តសញ្ញាណនៃអតីតកាលនិងព្រឹត្តិការណ៍ឈឺចាប់របស់ស្រុកអន្លង់វែងត្រូវបានសាបរលាបបន្តិចម្តងៗ ដោយសារតែសារៈសំខាន់នៃការវិវត្តសេដ្ឋកិច្ចនិងជីវភាពរស់នៅ ហើយក្មេងជំនាន់ក្រោយដែលកើតក្នុងស្រុកអន្លង់វែងមិនសូវជាយកចិត្តទុកដាក់ទាក់ទិននឹងប្រវត្តិ បញ្ហាខ្មែរក្រហមឬជនរងគ្រោះដែលនៅមានការឈឺចាប់ពីរបបនេះនៅឡើយ។
លោក ឆាំង យុ បន្តថា៖
«ប្រទេសនេះបានផ្លាស់ប្តូរភាគច្រើនពីប្រវត្តិសាស្ត្រខ្មែរក្រហម ហើយជាមួយនឹងការផ្លាស់ប្តូរនេះ វាបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ប្រជាជាតិ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ប្រទេសទាំងមូល ចំពោះតំបន់ខ្មែរក្រហមបានរសាត់បាត់ទៅៗ»។
យ៉ាងណាក៏ដោយ លោកថាបទចម្រៀងថ្មីពីរបទដែលនិពន្ធដោយអ្នកនិពន្ធជំនាន់ចាស់ គឺលោក ស៊ុំ សារឿន ក៏ដូចកម្មវិធីអប់រំផ្សេងៗតាមរយៈមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង វានឹងអាចរួមចំណែកក្នុងការផ្សះផ្សារផ្លូវចិត្តសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនិងសង្គមខ្មែរ។
«ចម្រៀងទាំងពីរបទនេះគឺសម្រាប់ប្រាប់ដល់ការតស៊ូរបស់កម្ពុជាក្នុងការស្វែងរកផ្សះផ្សារសម្រាប់ខ្លួនឯងរវាងអតីតកាលនិងបច្ចុប្បន្នផង។ ចម្រៀងនេះក៏មានគោលបំណង ដើម្បីអប់រំពីការតស៊ូប្រវត្តិសាស្ត្រ និងជំរុញឱ្យកម្ពុជារិះរកវិធីផ្សេងៗដើម្បី ជៀសវាងការជាន់ដានប្រវត្តិសាស្ត្រកាលពីអតីត ជាពិសេសដើម្បីឱ្យយុវជនខ្មែរជំនាន់ក្រោយអាចរស់នៅបានប្រសើរជាងនេះ»។
គិតត្រឹមឆ្នាំ ២០១៥ ស្រុកអន្លង់វែងដែលជាផ្នែកមួយនៃខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជាង៩ពាន់គ្រួសារ ស្មើនឹង ៤២.០០០នាក់ ហើយ ៧០ ទៅ៨០ភាគរយគឺជាអតីតខ្មែរក្រហម។ ក្រោយការឈឺចាប់ក្នុងភ្លើងសង្គ្រាមនិងការតស៊ូរយៈពេល២១ឆ្នាំមកនេះ អន្លង់វែងបានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយសក្តានុពលផ្នែកកសិកម្ម ដោយសារតែផ្ទៃដំណាំដ៏ធំល្វឹងល្វើយរបស់ខ្លួន។ ជាមួយនឹងប្រវត្តិសាស្ត្រដែលខ្លួនបានឆ្លងកាត់ អន្លង់វែងក៏បានទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនាទីតាំងខ្មែរក្រហមចុងក្រោយមួយចំនួនផងដែរ៕