ខណៈដែលពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត ដែលមានវ័យ៧៣ឆ្នាំ ត្រូវបានភរិយារបស់លោកប្រទះឃើញថាបានផុតដង្ហើម ដេកស្លាប់ស្ដូកស្ដឹង ក្លាយជារាងកាយគ្មានវិញ្ញាណនៅលើគ្រែដេករបស់លោក ក្នុងផ្ទះដែលលោកត្រូវបានគេដាក់ឃុំឃាំងលើខ្នងភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ចម្ងាយមិនឆ្ងាយប៉ុន្មានពីព្រំដែនថៃ។
មរណភាពរបស់ ប៉ុល ពត នាពាក់កណ្ដាលខែមេសា ឆ្នាំ១៩៩៨ គឺនៅត្រឹមពីរថ្ងៃ មុនខួបអនុស្សាវរីយ៍លើកទី២២នៃជ័យជម្នះរបស់ខ្មែរក្រហមទៅលើរបបសាធារណរដ្ឋខ្មែរ កាលពីឆ្នាំ១៩៧៥ ដែលបើកទំព័រដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរសម័យទំនើប ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា ដែលអនុវត្តលទ្ធិកុម្មុយនីស្តប្រកាន់តឹង បែបម៉ៅនិយម លុបបំបាត់វណ្ណៈសង្គម ទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធសង្គម នាំឱ្យមានប្រជាជនស្លាប់យ៉ាងហោច១,៧លាននាក់។
មេដឹកនាំកំពូលរបស់ខ្មែរក្រហមនោះ គឺគ្មាននរណាក្រៅតែពី ប៉ុល ពត ដែលដឹកនាំបក្សកុម្មុយនីស្តកម្ពុជា និងចលនាខ្មែរក្រហមអស់ជាច្រើនទសវត្សរ៍ តាំងតែពីឆ្នាំ១៩៦០ មកទល់នឹងការចូលកាន់អំណាចនៅឆ្នាំ១៩៧៥។ លោក ត្រូវបានផាត់ចេញពីអំណាចដោយកងទ័ពវៀតណាម ហើយលោកក៏ចាប់ផ្តើមតស៊ូប្រដាប់អាវុធក្នុងព្រៃជាថ្មីទៀត មកទល់នឹងឆ្នាំ១៩៩៧ នៅពេលដែលលោកត្រូវបានសមមិត្តជាមេដឹកនាំខ្មែរក្រហមដូចគ្នាទម្លាក់ចោល យកទៅកាត់ទោស និងជាប់ឃុំឃាំងក្នុងផ្ទះដល់ថ្ងៃស្លាប់។
២០ឆ្នាំក្រោយមក នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រឿងរ៉ាវទាក់ទិននឹង ប៉ុល ពត បានក្លាយជាអតីតកាល។ ទីតាំងដែល សព ប៉ុល ពត ត្រូវបានបូជា និងកប់ ក្លាយទីអាស្រមដ៏រខេករខាក។ ផ្នូរ ប៉ុល ពត ត្រូវបានគេរៀបចំដោយមានសន្លឹកស័ង្កសីគ្របថ្ងៃ និងភ្លៀង នៅក្នុងដីឡូតិ៍មួយដែលមានផ្កា ស្មៅ និងដើមឈើ ដុះចម្រុះគ្នា ព័ទ្ធជុំវិញដោយសំណង់អគារថ្មីៗ រួមមានលំនៅដ្ឋាន សណ្ឋាគារ និងកាស៊ីណូជាដើម។
នៅក្នុងផ្ទះខ្ទមតូចមួយរបស់ខ្លួន ក្បែរទីតាំងផ្នូររបស់ ប៉ុល ពត ដែលជាអតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម អ្នកស្រី សេង រ៉ា អាយុ២៧ឆ្នាំ កំពុងមើលថែកូនតូចរបស់ខ្លួន និងបាននិយាយថា អ្នកស្រីបានផ្លាស់ទីចូលមករស់នៅភូមិជាំនេះ តាំងតែពី១៦ឆ្នាំមុន ជាមួយឪពុកម្ដាយបងប្អូន។
ក្នុងនាមជាប្រជាជនដែលកើតក្រោយរបបខ្មែរក្រហម អ្នកស្រី សេង រ៉ា ដែលមានស្វាមីជាអ្នកធ្វើការក្នុងកាស៊ីណូដ៏ប្រណីតនៅក្បែរនោះ បាននិយាយថាចំណេះដឹងរបស់លោកស្រីអំពីការដឹកនាំរបស់ ប៉ុល ពត នៅមានកម្រិត តែអ្នកស្រីយល់ថាទីកន្លែងបញ្ចុះសព ប៉ុល ពត គួរតែត្រូវបានរៀបចំឱ្យបានល្អគត់មត់ជាងនេះ។ ពេលមកនៅដំបូងៗ អ្នកស្រីសេង រ៉ា មិនជឿឡើយ នៅពេលត្រូវបានប្រាប់ថា ទីតាំងដ៏រខេករខាកមួយនេះ គឺជាផ្នូរអតីតមេដឹកនាំរដ្ឋមួយរូប។
លោកស្រីនិយាយថា៖ «នឹកឃើញថាផ្នូររបៀបដូចយើងចេតិយទៅណា ខ្ញុំគិតអ៊ីចេះ! ប៉ុន្តែនៅតូច អត់ដឹងផង! ថាគាត់មេធំអ៊ីចឹងទៅ បានផ្នូរស្អាត ដល់ពេលបានផ្នូរអ៊ីចឹង ខ្ញុំម៉េចជឿ!»។
ក៏ប៉ុន្តែ សម្រាប់អ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម ការចងចាំពី ប៉ុល ពត មានតែការឈឺចាប់ និងមេរៀនជូរចត់ ដែលខ្លួនត្រូវបានលត់ដំឱ្យធ្វើការជាទម្ងន់ ជាមួយរបបទទួលអាហារតិចតួច និងការព្រាត់ប្រាសគ្នា សឺងតែគ្មានថ្ងៃជួបវិញ។
នៅមុនខ្មែរក្រហមចូលមកកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ អ្នកស្រី ម៉ៅ សារឿម បានរៀបការជាមួយនឹងស្វាមីទីមួយដែលជាគ្រូពេទ្យ និងមានកូនពីរនាក់ រស់នៅស្រុកកោះធំ ខេត្តកណ្ដាល។ ក៏ប៉ុន្តែ វិជ្ជាជីវៈការងាររបស់ប្ដីអ្នកស្រី បានក្លាយជាគោលដៅរបស់ខ្មែរក្រហម ដែលបានចាប់ស្វាមីរបស់អ្នកស្រីយកទៅដាក់ឃុំឃាំងនៅមន្ទីរសន្តិសុខពោធិ៍ទន្លេ ក្នុងស្រុកកោះធំ ជាទីដែលលោកត្រូវគេជឿថាត្រូវបានសម្លាប់។
បន្ទាប់ពីត្រូវបានពង្រាត់ពីស្វាមី អ្នកស្រី ម៉ៅ សារឿម ត្រូវបានគេជម្លៀសទៅរស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ជាទីដែលកូនទាំងពីររបស់អ្នកស្រីបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ និងភាពអត់ឃ្លាន ដែលនាំឱ្យអ្នកស្រីក្លាយជាមនុស្សតែម្នាក់គត់ក្នុងគ្រួសារដែលរស់រានមានជីវិត នៅពេលដែលរបបខ្មែរក្រហមដួលរលំ ក្នុងខែមករា ឆ្នាំ១៩៧៩។
អង្គុយក្នុងអង្រឹង នៅផ្ទះរបស់ខ្លួនដែលនៅជាប់នឹងច្រាំងទន្លេសាប ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្ត្រីវ័យ៦៣ឆ្នាំរូបនេះ បានបន្តប្រាប់ VOA យ៉ាងដូច្នេះថា៖
«ទៅហ្នឹងវាលត់ដំខ្ញុំណាស់ ធ្វើបាបខ្ញុំណាស់ បណ្ដើរខ្ញុំ ម៉ោង៣ ម៉ោង៤ ជិតភ្លឺ ក្នុងខ្លួនវាហត់វាអី មិនបានដេកមិនបានពួនអីទេ ហើយចប់ម៉ោង៥ ម៉ោង៦ [ល្ងាច] អីណោះ ហើយជិតភ្លឺ ភ្លឺមិនទាន់ទេ ទៅហើយ ហើយនៅជិតភ្នំណា រងារណាស់ណា ក្មួយណា»។
នៅទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រី ម៉ៅ សារឿម បានរៀបការម្ដងទៀតជាមួយស្វាមីទីពីរ និងទទួលបានកូនប្រុសស្រី ចំនួន៥នាក់ ហើយក្នុងពេលមួយនៅឆ្នាំ១៩៩៨ ពេលដែលអ្នកស្រីកំពុងស្ដាប់ព័ត៌មានតាមវិទ្យុ អ្នកស្រីទទួលបានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ប៉ុល ពត ដែលជាមេខ្មែរក្រហម បានទទួលមរណភាព។
«ឮតាម Radio (វិទ្យុ) ទូរទស្សន៍ អារម្មណ៍ថា «ងាប់ចុះ!» វាសាងអាក្រក់លើប្រជាជន! ងាប់ក៏ងាប់ទៅ»។
ទំហំនៃវិនាសកម្មដែលកើតមានក្រោមការគ្រប់គ្រងមើលការខុសត្រូវរដ្ឋរបស់គណបក្សកុម្មុយនីស្តកម្ពុជា រួមមានការបាត់បង់ជីវិតមនុស្ស និងការខូចខាតនៃសណ្ដាប់ធ្នាប់វប្បធម៌ ច្បាប់ និងប្រពៃណីរបស់សង្គមកម្ពុជា ជាទឡ្ហីករណ៍យ៉ាងជាក់ច្បាស់ថា ប៉ុល ពត ដែលជាមេដឹកនាំនៃរបបនេះ គឺជាអ្នកដឹកនាំប្រទេសឈានទៅរកភាពបរាជ័យ។ នេះបើតាម លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ដែលស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហមអស់ជាង២០ឆ្នាំ។
«ខ្ញុំក៏យល់ដែរថា ប្រហែលគាត់ជាឪពុកល្អ ឪពុកមាល្អ ប្ដីល្អ ប៉ុន្តែនៅក្នុងការងារ ដែលគាត់ដឹកនាំជាអ្នកដឹកនាំរដ្ឋ ហើយបានធ្វើឱ្យមានរណ្ដៅសាកសពជាងពីរម៉ឺនកន្លែង ធ្វើឱ្យប្រជាជនគ្រប់រូប គ្រប់គ្រួសារនៅក្នុងប្រទេសកម្ពុជា ទាំងមូល សុទ្ធតែមានអ្នកស្លាប់បាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម ធ្វើឱ្យប្រទេសទាំងមូលក្រឡាប់ចាក់ ធ្វើឱ្យលទ្ធផលនៃរបបនេះ ធ្វើឱ្យមនុស្សរងទុក្ខវេទនា ពិការ ដែលសេសសល់មកទល់នឹងពេលបច្ចុប្បន្ននេះ ទាំងអស់នេះវាបញ្ជាក់ច្បាស់ណាស់ថា គាត់ជាមេដឹកនាំម្នាក់ដែលបរាជ័យ»។
លោក ឆាំង យុ បានប្រាប់ VOA បន្តទៀតថា ការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមពីដើមទី មកទល់នឹងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ជាដំណើររួមគ្នាដើម្បីឈានទៅដល់ការស្វែងយល់ពីគ្នារវាងមិត្ត និងសត្រូវ ដែលដំណើរដ៏វែងឆ្ងាយនេះចាំបាច់ត្រូវតែបន្តទៅមុខឱ្យខានតែបាន។
ប៉ុល ពត កើតនៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ ជាមួយឈ្មោះពីកំណើតថា សាឡុត ស ក្នុងក្រុមគ្រួសារដែលមានជីវភាពធូរធារក្នុងភូមិព្រែកស្បូវ ជាប់មាត់ស្ទឹងសែន ដែលនៅកៀកនឹងទីរួមខេត្តកំពង់ធំ។ អនាគតមេដឹកនាំកុម្មុយនីស្តរូបនេះ បានចូលរៀននៅសាលាកម្រិតវរជនមួយនៅទីក្រុងភ្នំពេញ មុននឹងជាប់បានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង ទីដែលលោកប្រឡូកយ៉ាងជោកជាំនឹងចលនាកុម្មុយនីស្តដែលកំពុងរីករាលដាលនាដើមដំបូងៗនៃសង្គ្រាមត្រជាក់។
មកទល់នឹងឆ្នាំ១៩៦០ ប៉ុល ពត ដែលបានត្រឡប់ពីស្រុកបារាំង ទាំងមិនទាន់រៀនចប់ បានក្លាយជាមេដឹកនាំកំពូលនៃចលនាកុម្មុយនីស្តខ្មែររហូតទទួលបានជោគជ័យទៅដឹកនាំប្រទេសនៅឆ្នាំ១៩៧៥។ ទីក្រុង បានក្លាយជាទីស្ងៀមស្ងាត់ គ្មានមនុស្សនៅ តំបន់សហករណ៍ការងាររួមត្រូវបានបង្កើតឡើងនៅទីជនបទ។
ប៉ុល ពត បានក្លាយជាសមាជិកដ៏ចម្លែកម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់។ មេខ្មែរក្រហមរូបនេះ មិនដែលបានទាក់ទងសួររកបងប្អូនសាច់ញាតិរបស់លោកឡើយ ខណៈដែលលោកចំណាយពេលរាប់ទសវត្សរ៍រស់នៅក្នុងព្រៃតស៊ូអាវុធ។ ប្អូនប្រុសដែលនៅរស់រានមានជីវិត នៅភូមិកំណើត ក្បែរក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដល់ឆ្នាំ២០១០ គឺលោក សាឡុត ញ៉េប។
អ្នកស្រី ញ៉េប ថុល ក្មួយរបស់ ប៉ុល ពត និងត្រូវជាកូនរបស់លោក សាឡុត ញ៉េប បាននិយាយថា អ្នកស្រីមិនដែលបានជួប ប៉ុល ពត ជាឪពុកមានោះឡើយ តែថា លោក សាឡុត ញ៉េប ជាឪពុកអ្នកស្រី និងអ្នកស្រីផ្ទាល់ ក៏មានជោគវាសនា និងស្ថានភាពមិនខុសពីប្រជាជនខ្មែរដទៃទេ ក្រោមការដឹកនាំរបស់ ប៉ុល ពត។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំថាគាត់ជាអ្នកល្អ ប៉ុនដល់ពេលអញ្ចឹង ខ្ញុំមិនដឹងដែរ ព្រោះអីជំនាន់ហ្នឹង ខ្ញុំមិនដឹងដែររឿងនយោបាយ។ និយាយទៅខ្ញុំអត់សូវដឹងរឿងនយោបាយ»។
បើទោះបីជាជាប់ជាសាច់ញាតិមេដឹកនាំកំពូលរបស់ខ្មែរក្រហម អ្នកស្រី ញ៉េប ថុល មិនដែលទទួលការស្អប់ខ្ពើម រើសអើងពីអ្នកជិតខាងដែលនៅជុំវិញនោះទេ ហើយខ្លួនក៏មិនដែលតូចចិត្តចំពោះការណ៍ដែលជាប់សាច់ញាតិនឹង ប៉ុល ពត នោះដែរ។ ស្ត្រីវ័យ៥៤ឆ្នាំរូបនេះបាននិយាយថា៖
«គេរាប់អានខ្ញុំធម្មតា ព្រោះអីគេដឹងខ្ញុំ អ្នកវេទនាជំនាន់ ប៉ុល ពត អីចឹងដែរទៅ។ ខ្ញុំអត់ដែលខ្វល់រឿងហ្នឹងផងហ្នឹង។ បានថាខ្ញុំអត់ខ្វល់ ខ្ញុំអត់មានពាក់ព័ន្ធអីរឿងហ្នឹងផង។ ខ្ញុំគិតរឿងតែ ខ្ញុំរស់នៅក្នុងសង្គមគេម៉េច ខ្ញុំរស់តាមហ្នឹងដែរ។ ខ្ញុំអត់មានគិតគូររឿងអញ្ចឹងផង»។
ប៉ុល ពត ធ្លាប់មានភរិយាពីរនាក់។ ក្នុងចំណងសហព័ទ្ធជាមួយភរិយាទីមួយ អ្នកស្រី ខៀវ ប៉ុណ្ណារី ដែលក្រោយមកមានបញ្ហាសុខភាព មិនមានកូនឡើយ។ តែចំណងអាពាហ៍ពិពាហ៍របស់លោកលើកទីពីរ ជាមួយអ្នកស្រី មា សុន បានបន្សល់នូវកូនស្រីម្នាក់ដែលបច្ចុប្បន្នចម្រើនវ័យបាន៣០ឆ្នាំ និងរស់នៅជាមួយម្ដាយនៅស្រុកម៉ាឡៃ តាំងតែពីមរណភាពរបស់ ប៉ុល ពត នៅឆ្នាំ១៩៩៨ ជាមួយអតីតជំនួយការ ប៉ុល ពត គឺលោក ទេព ឃុនណាល់។ នេះបើតាមអ្នកជំនិត និងជាអតីតចុងភៅរបស់ ប៉ុល ពត គឺអ្នកស្រី យ៉ុង មឿន។
អ្នកស្រី យ៉ុង មឿន វ័យ៧១ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាននិយាយថា កាលពីនៅរស់ ប៉ុល ពត ជាមនុស្សស្ងប់ស្ងៀម និងចូលចិត្តហូបម្ហូបខ្មែរ។ បើទោះជានិយាយពោលសរសើរអំពី ប៉ុល ពត ទាក់ទិននឹងទស្សនវិស័យដឹកនាំ និងការប្រាស្រ័យរស់នៅប្រចាំថ្ងៃ អ្នកស្រីក៏យល់ស្របដែរថា ប៉ុល ពត មានអម្រែកទទួលខុសត្រូវចំពោះកំហុសរបស់ខ្មែរក្រហម។
«គេថាបាន អ្វីដែលមានចលនា ត្រូវទទួលខុសត្រូវ! គាត់មិនដឹកនាំឱ្យធ្វើ ក៏គាត់ត្រូវទទួលខុសត្រូវ។ ក្នុងសង្គមណាក៏ដោយ បើសិនជាចលនាវាទៅអាក្រក់អ៊ីចឹង កុំឆ្លើយយើងថាមិនដឹង។ តាមពិតគាត់អត់បានទេ អ្នកខាងក្រោមធ្វើពិត គាត់អាល័យតែសមរភូមិ អត់សូវបានចុះជាប់អានៅខាងក្រោម នៅមូលដ្ឋាន តាមតែគេរាយការណ៍»។
នៅឯភូមិជាំ កន្លែងបូជា និងបញ្ចុះសព ប៉ុល ពត ឯណោះវិញ ផ្នូរអតីតមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានហ៊ុមព័ទ្ធដោយអ្វីដែលលោកស្អប់ និងប្រយុទ្ធប្រឆាំងកាលពីនៅរស់ នោះគឺ កាស៊ីណូ របបមូលធននិយម អតីតទាហាន លន់ ណុល និងជនជាតិវៀតណាម។
លោក ឌី សំអូន វ័យ៧០ឆ្នាំ ជាអតីតទាហានសាធារណរដ្ឋខ្មែរ បាននិយាយថាលោកបានបាត់បង់ ឪពុកម្ដាយ បងប្អូនទាំងអស់ក្នុងសម័យខ្មែរក្រហម។ លោកបានរស់រានមានជីវិតដ្បិតអីលោកបានភៀសខ្លួនទៅប្រទេសថៃ។ លោកថា ការដឹកនាំរបស់ ប៉ុល ពត មានទស្សនវិស័យមួយបែប តែការអនុវត្តមិនបានជោគជ័យ។
«និយាយមិនស្អប់ម៉េច វាយម៉ែឪចោល! ស្អប់ដល់ក តែមិនដឹងធ្វើម៉េច។ ប៉ុន្តែគាត់ល្អ ល្អត្រង់ថា វិន័យគាត់ ស្អាតស្អំតែម្ដង ស្អប់តែវាយចោលទេ ប៉ុណ្ណេះ បង្អត់បាយ! អារឿងសង្គម ស្អាតរបស់គាត់មែន ខ្ញុំជឿ! ស្អប់តែបង្អត់បាយ វាយចោលនៀក ស្អប់ត្រង់នៀក»។
អ្នកស្រី ឡេ ធី ធូ កុក (Le Thi Thu Cuc) ហៅ យាយអ៊ុក ជាជនជាតិវៀតណាម ដែលបានមករស់នៅភូមិជាំ កាលពីឆ្នាំ១៩៩៩ ពោលគឺនៅពេលដែលមានការធ្វើសមាហរណកម្មតំបន់អន្លង់វែង និងរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពេលត្រូវបានសួរអំពី ប៉ុល ពត ដែលមានទីតាំងបញ្ចុះសពតែប៉ុន្មានម៉ែត្រពីផ្ទះរបស់ខ្លួន យាយអ៊ុក ដែលមានវ័យ៦៣ឆ្នាំ បាននិយាយថាអ្នកស្រី មានការគោរពចំពោះ ប៉ុល ពត ដូចជាម្ចាស់ទឹកម្ចាស់ដីតាមអប្បិយជំនឿ។
«ដូចអត់មានបានគិតទៅយ៉ាងម៉េចទេពូ! ដូចថាយើងវាគោរពដែរ យើងដើរទៅ យូរៗ យើងចូលកន្លែងហ្នឹង យើងសុំឱ្យកូនចៅនៅលើភ្នំហ្នឹង ឱ្យតែបានសុខប៉ុណ្ណឹងឯង ... ចិត្តយើងវាគោរពគេ ចាស៎ យើងនៅលើដីរបស់គេ យើងគោរពគេ។ គាត់ជាអ្នក[ដឹក]នាំខ្មែរក្រហម យើងនៅនេះទៅដូចដែលយើងគោរពទាំងអស់គ្នា យើងគោរពអ្នកស្លាប់ ដូចដែលយើងគោរពឪម៉ែយើងអ៊ីចឹងណាពូ!»។
បច្ចុប្បន្ននេះ មានមេដឹកនាំខ្មែរក្រហមតែបីរូបប៉ុណ្ណោះ ដែលត្រូវបាននាំយកជំនុំជម្រះនៅក្នុងរង្វង់ក្រចកសេះនៃតុលាការខ្មែរក្រហម ដែលជាការបង្កើតរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ ប្រធានមន្ទីរសន្តិសុខ ស២១ របស់ខ្មែរក្រហម គឺលោក កាំង ហ្គេកអៀវ ហៅឌុច ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ រីឯអតីតបងធំទីពីរ នួន ជា និងអតីតប្រធានរដ្ឋ ខៀវ សំផន ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ក្នុងសំណុំរឿង០០២/០១ និងកំពុងរង់ចាំសាលក្រមក្នុងសំណុំរឿង០០២/០២។
អ្នកស្រី អៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីសង្គមកិច្ចរបស់ខ្មែរក្រហម ត្រូវបានតុលាការទម្លាក់បទចោទ ដោយសារតែជំងឺភ្លេចភ្លាំងរបស់អ្នកស្រីកាលពីឆ្នាំ២០១២ មុននឹងអ្នកស្រីទទួលមរណភាពនៅឆ្នាំ២០១៥។ ស្វាមីរបស់អ្នកស្រី អៀង ធីរិទ្ធិ គឺអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម លោក អៀង សារី បានទទួលមរណភាពកាលពីឆ្នាំ២០១៣។
ភាគីជាតិ និងភាគីអន្តរជាតិនៅតុលាការកូនកាត់ នៅបន្តប្រទាំងប្រទើសក្នុងសំណុំរឿងផ្សេងទៀត បន្ទាប់ពីសំណុំរឿង០០២ ដើម្បីនាំយកមេដឹកនាំថ្នាក់ក្រោមផ្សេងទៀតរបស់ខ្មែរក្រហម មកកាត់ទោស។
អ្នកស្រី Elizabeth Becker អ្នកកាសែតជាតិអាមេរិកាំង ដែលបានជួបសម្ភាស ប៉ុល ពត កាលពីឆ្នាំ១៩៧៨ បាននិយាយថា មេរៀននៃការដឹកនាំដាច់ណាត់ដែលជាកេរដំណែលរបស់ ប៉ុល ពត ដែលមេដឹកនាំខ្មែរជំនាន់ក្រោយគួរតោងចាំនោះគឺថា ការដឹកនាំបែបឯកបក្ស នឹងបង្កជាហានិភ័យក្នុងថ្ងៃអនាគត។
អតីតអ្នកសារព័ត៌មានរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមទាំងស្រុងថា៖
«មេរៀននៅត្រង់នេះគឺថា បុគ្គលតែម្នាក់ និងបក្សតែមួយ ដែលឱបប្រមូលអំណាចទាំងស្រុង និងបង្កការខូចខាតដល់កម្ពុជា។ អំណាចដែលខ្វះការត្រួតពិនិត្យ នឹងនាំឱ្យមានមេដឹកនាំពុករលួយ ការសម្លាប់មិនរើសមុខ និងការបដិសេធសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ពុំមានសង្គមណាមួយដែលអាចរីកស្គុះស្គាយក្រោមមេដឹកនាំបែបនេះបានទេ»៕
រាយការណ៍បន្ថែមដោយ ខាន់ សុគំុមនោ