ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស២នាក់ទៀតរស់នៅរាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន១៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថាស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៥៦ឆ្នាំ រស់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានស្លាប់នៅព្រឹកថ្ងៃពុធ វេលាម៉ោង១០និង៣៧នាទី នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ស្រ្តីម្នាក់នោះត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃដដែល។ ក្រសួងសុខាភិបាលបញ្ជាក់ថាស្រ្តីម្នាក់នោះស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកទងសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសជំងឺកូវីដ១៩។
ចំណែកសេចក្តីប្រកាសព័ត៌មានមួយទៀតឲ្យដឹងថាស្រ្តីខ្មែរម្នាក់ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់នៅម៉ោង២និង៤០នាទី ថ្ងៃពុធនេះដែរ ដោយសារជំងឺកូវីដ១៩។ ស្រ្តីនោះត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមីនា ហើយត្រូវដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត នៅថ្ងៃដដែល។
ក្រសួងបញ្ជាក់ថាស្រ្តីម្នាក់នោះមានជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដែលអាចជាមូលហេតុបណ្តាលឲ្យអ្នកជំងឺធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថាកម្ពុជាកំពុងប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរ ចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលករណីឆ្លងមានជាង១.៩០០នាក់ គិតត្រឹមថ្ងៃពុធនេះ។
ដោយយោងតាមការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យមួយនៅថ្ងៃនេះ ដោយដាក់បម្រាមជាច្រើនរួមទាំងការធ្វើដំណើរ ការជួបជុំ ការធ្វើចរាចរណ៍ចេញពីតំបន់ឆ្លងរាលដាល ការធ្វើអាជីវកម្ម ពាណិជ្ជកម្មដែលបង្កហានិភ័យ ឬជាប្រភពឆ្លងរាលដាលជំងឺកូវីដ១៩ និងសកម្មភាពកីឡាជាដើម។ អនុក្រឹត្យនេះ ចុះហត្ថលេខាដោយលោកហ៊ុន សែន គឺមុនប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលពលរដ្ឋមិនអាចប្រារព្ធបានដោយទូលំទូលាយព្រោះតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
គេមិនដឹងថាតើអនុក្រឹត្យនេះនឹងអនុវត្តជាបណ្តោះអាសន្នឬបន្តអនុវត្តដល់ពេលណាមួយនោះទេក្នុងពេលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ជំងឺកូវីដនេះ៕