ដោយស្ថិតក្នុងអាការៈក្អកខ្លាំង ទ្រាំលែងបាន ក្រុមគ្រួសាររបស់លោក ថន ចាន់ធឿន សម្រេចចិត្តនាំរូបលោកទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេទ្យបានវាស់កម្តៅលោក ហើយស្នើឲ្យក្រុមគ្រួសារបញ្ជូនលោកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី ជាទីកន្លែង ដែលលោកបានទទួលមរណភាពកាលពីសប្តាហ៍មុន។
នៅទីនោះ លោក ចាន់ធឿន អាយុ៥៥ឆ្នាំ ត្រូវបានយកសំណាករកវីរុសជំងឺកូវីដ១៩ ហើយទើបក្រុមគ្រួសារដឹងថាលោកមានផ្ទុកវីរុសជំងឺកូវីដ១៩ ក្រោយពេលលោកស្លាប់រួចទៅហើយ។
រស់នៅក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចម្ងាយប្រមាណ១២គីឡូម៉ែត្រពីរាជធានីភ្នំពេញ លោក ថន ចាន់ធឿន ជានគរបាលចរាចរណ៍ម្នាក់ប្រចាំការនៅរាជធានីភ្នំពេញ។ លោកត្រូវបានក្រសួងសុខាភិបាលប្រកាសកាលពីថ្ងៃទី២៦ ខែមីនាថាលោកស្លាប់ដោយសារជំងឺកូវីដ១៩។
អ្នកនាង ធឿន សុធារ័ត្ន អាយុ២៨ឆ្នាំ ជាកូនស្រី និងរស់នៅក្នុងផ្ទះជាមួយឪពុកដែលបានស្លាប់ រៀបរាប់ថាឪពុករបស់អ្នកនាងមានអាការៈក្អកបន្តិចបន្តួច ហើយវាកាន់តែធ្ងន់ធ្ងរ រហូតដល់គេងមិនបាន។ អ្នកនាងនិយាយថាឪពុកមានជំងឺប្រចាំកាយ គឺលើសឈាម ទឹកនោមផ្អែម និងជំងឺក្រពះផងដែរ ដែលត្រូវលេបថ្នាំជាប្រចាំថ្ងៃ។
អ្នកនាង សុធារ័ត្ន ប្រាប់VOAតាមទូរស័ព្ទថា៖ «ពេលខ្លះគាត់ឈរយូរអញ្ចឹង ជើងគាត់រាងហើម។ ពេលគាត់មកដល់ផ្ទះ ខ្ញុំឃើញអញ្ចឹង។ គាត់ពិសាថ្នាំលើសឈាម ពិសាថ្នាំទឹកនោមផ្អែម ជាប់រាល់ថ្ងៃ»។
នៅពេលពាក់កណ្តាលអធ្រាត្រចូលថ្ងៃទី២៥ ខែមីនា ឪពុករបស់អ្នកនាងបានក្អកខ្លាំង ដែលធ្វើឲ្យក្រុមគ្រួសារក្នុងផ្ទះ ដែលមានជីដូនអាយុ៩២ឆ្នាំ រូបអ្នកនាងផ្ទាល់និងស្វាមីរបស់អ្នកនាង មានការព្រួយបារម្ភខ្លាំង ទើបសម្រេចបញ្ជូនឪពុកទៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅរាជធានីភ្នំពេញ នាពេលព្រឹកថ្ងៃទី២៥ ខែមីនា។
អ្នកនាងបញ្ជាក់ថា៖ «សម្រាន្តអត់បានទេ ឲ្យតែដាក់ក្បាលដល់ខ្នើយ គាត់ក្អកខ្លាំង បើអង្គុយអត់អីទេ»។
អ្នកនាង ធឿន សុធារ័ត្ន និងបងប្រុសរបស់អ្នកនាង គឺលោក ធឿន សុធារិទ្ធិ ដែលរស់នៅភ្នំពេញ បានយកឪពុកទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រនៅម៉ោងប្រមាណ១០ព្រឹក ប៉ុន្តែពេទ្យបានណែនាំឲ្យទៅពេទ្យរុស្ស៊ី ដោយសារកម្តៅឡើងខ្ពស់និងដកដង្ហើមដង្ហក់ខ្លាំង។ នៅមន្ទីរពេទ្យរុស្ស៊ីនោះហើយ ដែលអ្នកនាងត្រូវបានគ្រូពេទ្យប្រាប់ថាឪពុកមានអាការៈជំងឺកូវីដ១៩ និងណែនាំឲ្យយកសំណាកទៅពិនិត្យ។
អ្នកនាងបញ្ជាក់ថា៖ «លោកគ្រូពេទ្យនៅពេទ្យរុស្ស៊ីថាគាត់ក្តៅអញ្ចឹង ហើយហត់អញ្ចឹង គាត់ក៏ឲ្យនាំប៉ាខ្ញុំ ទៅធ្វើតេស្តរកមេរោគកូវីដហ្នឹង»។
អ្នកនាងបន្ថែមថា៖ «ក្នុងចិត្តពួកខ្ញុំ អត់គិតទៅជំងឺហ្នឹងផងបង។ ខ្ញុំមិនដឹងថាគាត់មានជំងឺកូវីដ រហូតដល់គាត់ស្លាប់»។
មួយថ្ងៃបន្ទាប់ពីការស្លាប់របស់លោក ថន ចាន់ធឿន ក្រសួងសុខាភិបាលបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថាដោយសង្ស័យមានជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យខ្មែរសូវៀត ហើយលទ្ធផលបានបង្ហាញថាលោក ថន ចាន់ធឿន មានវិជ្ជមានវីរុសកូវីដ១៩ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា។
លោក ថន ចាន់ធឿន ជាករណីស្លាប់ទី៨ក្នុងចំណោមអ្នកស្លាប់១០នាក់ ដែលក្រសួងសុខាភិបាលបានប្រកាសថាស្លាប់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
អ្នកនាង សុធារ័ត្ន បានឲ្យដឹងថាឪពុករបស់អ្នកនាងជាអ្នកការពារអនាម័យម្នាក់ ដោយសារលោកជានគរបាលចរាចរណ៍។
អ្នកនាងនិយាយថា៖ «ការពារបង គាត់ប្រើអាល់កុល គាត់អនាម័យខ្លួនគាត់ណាស់»។
អ្នកនាងមិនដឹងថាឪពុកឆ្លងវីរុសកូវីដ១៩ពីអ្នកណានោះទេ ប៉ុន្តែអ្នកនាងយល់ថាមិនមែនឆ្លងពីអ្នកក្នុងផ្ទះរស់នៅជាមួយទេ ដោយសារអ្នកនាងផ្ទាល់តែងតែនៅផ្ទះ ស្វាមីរបស់អ្នកនាងជាកម្មករសំណង់ធ្វើការនៅជិតផ្ទះ ហើយជីដូនជាមនុស្សចាស់ជរាម្នាក់នៅតែផ្ទះ។
លោក ងី ម៉េង ប្រធានមន្ទីរពេទ្យខ្មែរសូវៀត បានបដិសេធមិនអត្ថាធិប្បាយជុំវិញករណីនេះ ដោយថាក្រសួងសុខាភិបាលបានប្រកាសរួចហើយករណីអ្នកជំងឺស្លាប់ដោយសារកូវីដ១៩ ក្រោយពេលមកព្យាបាលនៅពេទ្យរុស្ស៊ី។
VOAមិនទាន់អាចសុំការឆ្លើយតបពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលបាននៅឡើយទេ។
ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលបានប្រកាសករណីស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីអ្នកជំងឺមិនបានដឹងខ្លួនមុន។ អ្នកមានផ្ទុកវីរុសកូវីដ១៩ ត្រូវសម្រាកព្យាបាលនៅកន្លែងរៀបចំដោយក្រសួងសុខាភិបាល។
កាលពីថ្ងៃទី២៧ ខែមីនា ក្រសួងសុខាភិបាលបានឲ្យដឹងថាស្រ្តីម្នាក់អាយុ៧២ឆ្នាំ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីចូលពិនិត្យនិងយកសំណាកនៅមន្ទីរពេទ្យកាល់ម៉ែត្រពេលព្រឹកថ្ងៃទី២៧ ខែមីនា ហើយបានស្លាប់នៅពេលរសៀលថ្ងៃដដែល។
ចំណែកមួយករណីទៀត កាលពីថ្ងៃទី២៣ ខែមីនា ស្រ្តីម្នាក់អាយុ៦២ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ក្រោយមានអាការៈហត់ ហើយរកឃើញផ្ទុកវីរុសកូវីដនៅថ្ងៃទី២១ ខែមីនា។ ស្រ្តីនោះបានស្លាប់នៅថ្ងៃទី២៣ ខែមីនា។
ចំណែកកាលពីថ្ងៃទី២២ ខែមីនា ក្រសួងបានឲ្យដឹងថាបុរសម្នាក់អាយុ៧៥ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យខ្មែរសូវៀត នៅថ្ងៃទី២១ ខែមីនា ក្រោយហត់ខ្លាំង ហើយរកឃើញមានជំងឺកូវីដ១៩ និងស្លាប់នៅថ្ងៃទី២២ ខែមីនា។
លោក ពៅ វុទ្ធី មេភូមិក្តីចាស់ ជាភូមិរបស់លោក ថន ចាន់ធឿន ដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានប្រសាសន៍ថាអ្នកជិតខាងមួយចំនួនដែលមានទំនាក់ទំនងដោយប្រយោល ប្រមាណ១០គ្រួសារ ត្រូវបានយកធ្វើចត្តាឡីស័កនិងយកសំណាកផងដែរ។ លោកបន្តថារហូតមកដល់ថ្ងៃច័ន្ទនេះ ប្រជាពលរដ្ឋមិនទាន់រាយការណ៍ថាមានអាការៈសង្ស័យ ដូចជាក្តៅខ្លួន ក្អកនិងមានសញ្ញាណផ្លូវដង្ហើមអ្វីនៅឡើយទេ។
លោកប្រាប់VOAថា៖ «ប្រជាពលរដ្ឋការពារទាំងអស់គ្នាទៅ កុំឲ្យវាប្រហែស ឃើញស្រាប់ហើយ លឿនៗពេក»។
លោក គន្ធ សុគឿន មេឃុំព្រែកលួងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រសាសន៍ថាអាជ្ញាធរបានស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលត្រូវបានយកវត្ថុសំណាកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក។ លោកបន្ថែមថាក្រុមគ្រួសារស្មានថាជំងឺចាស់របស់លោក ថន ចាន់ធឿន ធ្វើទុក្ខ មិននឹកស្មានថាលោកមានផ្ទុកវីរុសជំងឺកូវីដ១៩នោះទេ។
លោកមានប្រសាសន៍ថា៖ «កូនចៅគាត់អត់ដឹងរឿង។ អត់ដឹងរឿងថាគាត់កើតជំងឺអី។ សា្មនថាជំងឺចាស់របស់គាត់។ ដល់ពេលពេទ្យគាត់ពិនិត្យ បានដឹងថាកូវីដ»។
លោកបន្ថែមថា៖ «គាត់[អ្នកភូមិ]ព្រួយបារម្ភគ្រប់គ្នា។ ឥឡូវយើងបិទផ្សារបិទអីអស់ហើយ។ ប្រជាជនឥឡូវគាត់ខ្លាច គាត់លែងហ៊ានចេញក្រៅហើយហ្នឹង»។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC Cambodia) មានប្រសាសន៍ថាប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ហើយបើសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តរកវីរុសជំងឺកូវីដ១៩ ដើម្បីកុំឲ្យជំងឺនេះវាយលុយសួតកាន់តែធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ជួនកាលប្រជាពលរដ្ឋគាត់អត់ដឹង ហើយដល់ពេលធ្ងន់ហើយ បានរត់ទៅពេទ្យ គេsurvey[ជួយ]លែងទាន់។ ឥឡូវស្ថានភាពរឿងកូវីដហ្នឹង វាខ្លាំងអញ្ចឹងហើយ ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់តាមមើលសុខភាពខ្លួនឯង [ក៏ដូចជា]ក្រុមគ្រួសារហ្នឹង…បើសិនជាមានបញ្ហាអីល្មមៗ អាការៈអីរាងសង្ស័យ ត្រូវបញ្ជូនគាត់ឲ្យលឿន ដើម្បីទៅធ្វើតេស្ត»។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃច័ន្ទនេះថាមានករណីឆ្លងថ្មីចំនួន៤០នាក់នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនាំឲ្យករណីឆ្លងសរុបមានទៅដល់១.៧៤៨នាក់ ចាប់តាំងពីផ្ទុះឆ្លងកាលពីថ្ងៃទី២០ ខែកុម្ភៈ។
ត្រឡប់ទៅអ្នកនាង ធឿន សុធារ័ត្ន វិញ អ្នកនាងដែលកំពុងរស់នៅជាមួយជីដូននិងកំពុងធ្វើចត្តាឡីស័ក មានប្រសាសន៍ថាអ្នកនាងមិនទាន់ដឹងលទ្ធផលតេស្តរកវីរុសកូវីដ១៩របស់អ្នកនាង ដែលត្រូវបានយកសំណាកកាលពីថ្ងៃទី២៦ ខែមីនា នៅឡើយទេ។
អ្នកនាង សុធារ័ត្ន ដែលជាអ្នកត្បាញអំបោះហុងលក់នៅផ្ទះ លែងបានឃើញឪពុករបស់អ្នកនាងដែលធ្លាប់ចេញពីផ្ទះទៅធ្វើការនៅម៉ោងជាង៥ព្រឹកឬពេលខ្លះម៉ោង៩ព្រឹក និងត្រឡប់មកផ្ទះវិញនៅពេលរសៀល ឬពេលខ្លះម៉ោងជាង៧យប់ទៀតហើយ។
គិតត្រឹមព្រឹកថ្ងៃច័ន្ទ អ្នកនាងក៏មិនទាន់ដឹងថាតើសាកសពរបស់ឪពុកត្រូវបានបូជាហើយឬនៅទេ ខណៈអ្នកនាងនិងក្រុមគ្រួសារមិនអាចធ្វើដំណើរទៅក្រៅបាន។
អ្នកនាងបញ្ជាក់ថា៖ «ខ្ញុំអត់ទាន់ដឹងដែរបង ព្រោះខ្ញុំនៅផ្ទះ ខ្ញុំអត់ដឹងអីផង ព្រោះគេថាចាំឲ្យពួកខ្ញុំរួចរាល់អស់សិន[ចត្តាឡីស័កនិងតេស្តរកជំងឺកូវីដ១៩] បានគេនិយាយ»៕