មន្ត្រីកងរាជអាវុធហត្ថប្រចាំខេត្តកំពង់ធំ២នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអង្គភាពរកឃើញកំហុសនៅពេលចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញមួយកន្លែងក្នុងខេត្តកំពង់ធំ កាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យបុរសម្នាក់ ដែលមានតួនាទីជាអនុប្រធានភូមិបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន១៣នាក់បានចុះប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ បូករួមវត្ថុតាង។ ប៉ុន្តែការបង្រ្កាបនោះបានធ្វើឱ្យបុរសម្នាក់ ឈ្មោះ សួង ឌ័ន ដែលមានតួនាទីជាអនុប្រធានភូមិរូងបានស្លាប់ នៅពេលជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តរបស់កងរាជអាវុធហត្ថមកកាន់មន្ទីរពេទ្យស្រុកបារាយណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រុមគ្រួសារអះអាងថា លោក សួង ឌ័ន ស្លាប់ដោយសារលោកត្រូវបានក្រៀកក ពីក្រោយខ្លាំងពេករហូតដល់ពិបាកដកដង្ហើម។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេថា មន្ត្រីយោធា២នាក់ ឈ្មោះ សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងឈ្មោះ លុយ តាំងឈួយ ប្រធានអង្គភាពនគរបាលយុត្តិធម៌ខេត្តកំពង់ធំ ត្រូវបានអង្គភាពឃាត់ខ្លួន នៅថ្ងៃអង្គារនេះ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ លោកឱ្យដឹងទៀតថា ចំពោះអ្នកពាក់ព័ន្ធជាង១០នាក់ផ្សេងទៀត អង្គភាពនឹងពិនិត្យមើល និងដាក់ទោសទៅតាមសកម្មភាព និងកម្រិតវិន័យរបស់អង្គភាព។
លោកថ្លែងថា៖ «អ៊ីចឹងជាគោលការណ៍ យើងត្រូវតែបញ្ជូនទៅតុលាការ អ្នកដែលពាក់ព័ន្ធបទល្មើស ដែលបណ្តាលឱ្យស្លាប់នោះ។ ក៏ប៉ុន្តែអ្នកដែលមិនពាក់ព័ន្ធបទល្មើស តែចូលរួមនៅក្នុងកិច្ចប្រតិបត្តិការដែរ យើងមើលទៅតាមបទវិន័យ និងតាមឋានានុក្រម និងតាមនីតិវីធី តើគាត់ខុសអី យើងនឹងដាក់វិន័យទៅតាមសកម្មភាពរបស់គាត់»។
លោកបន្ថែមថា កងរាជអាវុធហត្ថទាំងអស់ត្រូវតែអនុវត្តតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះប្រសិនបើមន្ត្រីយោធាណាអនុវត្តខុស នោះនឹងត្រូវរងពិន័យ។
តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់នៅឡើយទេពីមូលហេតុនៃការបង្ក្រាបនោះ ដែលធ្វើឱ្យអនុប្រធានភូមិម្នាក់ស្លាប់នោះ ដោយលោកនិយាយថា នឹងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយដែលនឹងធ្វើឡើងនៅអង្គភាពរបស់កងរាជអាវុធហត្ថ ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែសីហា។
ក្រោយហេតុការណ៍ចុះបង្រ្កាបបណ្តាលឱ្យបុរសម្នាក់ស្លាប់ កាលពីសប្តាហ៍មុន មន្ត្រីកងរាជអាវុធហត្ថពាក់ព័ន្ធជាង១០នាក់ត្រូវបានសាកសួរ ហើយអង្គភាពប្រកាសថា ខ្លួនបានពិនិត្យមើលជាក់ស្តែង និងដាក់ពិន័យផ្សេងៗគ្នាទៅតាមឋានានុក្រម និងសកម្មភាពជាក់ស្តែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចំណែកក្រុមគ្រួសារអ្នកស្លាប់បានត្រៀមប្តឹងទៅតុលាការ និងទាមទារសំណងជំងឺចិត្ត។
កញ្ញា ឌិន នារតី អាយុ២៥ឆ្នាំ ដែលជាកូនស្រីច្បងរបស់លោក សួង ឌ័ន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា នៅថ្ងៃកើតហេតុ ឪពុករបស់កញ្ញាទើបចេញពីប្រជុំ និងបានទៅអង្គុយពិសាកាហ្វេនៅកន្លែងកើតហេតុ សឹងតែមិនទាន់បាន៣នាទីផង ក៏ស្រាប់តែមានកងកម្លាំងរាជអាវុធហត្ថខេត្តចុះដេញចាប់អ្នកនៅកន្លែងកើតហេតុនោះ និងបានក្រៀកកឪពុករបស់កញ្ញាមួយទំហឹងធ្វើឱ្យពិបាកដកដង្ហើម ដែលជាហេតុបណ្តាលឱ្យស្លាប់។
កញ្ញាបញ្ជាក់ថា៖ «បងឯងដឹងហើយពេលក្រៀកកទៅក្រោយមួយទំហឹង ក៏ពិបាកដកដង្ហើមដែរ»។
កញ្ញា ឌិន នារតី បារម្ភអំពីចំណូលក្នុងគ្រួសារនៅពេលដែលបាត់បង់ឪពុក។
កញ្ញាបន្ថែមថា៖ «ខ្ញុំចង់បានសំណងជំងឺចិត្តមកគ្រួសារខ្ញុំវិញ ពីព្រោះខ្ញុំបាត់បង់អ្នកគោលជំហររកប្រាក់ចំណូលប្រចាំគ្រួសារអ៊ីចឹង»។
លោក ញ៉ែម សារ៉ាត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ធំ ថ្លែងថា ចំណាត់ការរបស់អង្គភាពកងរាជអាវុធហត្ថជារឿងល្អ ប៉ុន្តែលោកជំរុញឱ្យអនុវត្តតាមច្បាប់ឱ្យបានពេញលេញ៕