មន្ត្រីក្នុងតំបន់ម្នាក់បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា លោកត្រូវបានគេប្រាប់ថា មនុស្សជាង២០នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយក្នុងព្រះវិហារសាសនាគ្រិស្តមួយនៅប៉ែកខាងត្បូងរដ្ឋ តិចសាស កាលពីថ្ងៃអាទិត្យ។
មន្ត្រីសង្កាត់រូបនោះក៏បានប្រាប់បណ្តាញសារព័ត៌មាន CNN ថា មនុស្ស២០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលបុរសម្នាក់បានដើរចូលទៅក្នុងព្រះវិហារសាសនាគ្រិស្ត និកាយ Baptist មួយ ក្នុងក្រុង Sutherland Springs រដ្ឋ តិចសាស នៅវេលាម៉ោងប្រមាណ ១១:៣០ នាទីព្រឹក ហើយបានចាប់ផ្តើមបើកការបាញ់ប្រហារ។ ប៉ូលិសបានរុំបង់ស្អិតនៅជុំវិញកន្លែងកើតហេតុ។
អ្នកបាញ់ប្រហាររូបនោះត្រូវបានបង្ក្រាបដោយប៉ូលិស ហើយឥឡូវនេះបានស្លាប់ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារមួយកាលពីរសៀលថ្ងៃអាទិត្យថា លោកកំពុងតែតាមដានស្ថានភាពនេះពីប្រទេសជប៉ុនមក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អាស៊ីចំនួន៥។
ក្រុង Sutherland Springs ស្ថិតនៅចម្ងាយ ៤៨ គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍ពីទីក្រុង San Antonio៕