គណៈវិនិច្ឆ័យមួយឋិតក្នុងថ្ងៃទីបីនៃការពិភាក្សាគ្នាអំពីថាតើឈ្មោះ Dzhokhar Tsarnaev អ្នកបំផ្ទុះគ្រាប់បែកក្នុងការរត់ប្រណាំង Marathon ក្នុងក្រុង Boston គួរចំណាយពេលអស់មួយជីវិតក្នុងគុកឬមួយត្រូវប្រហារជីវិត។
គណៈវិនិច្ឆ័យដែលមានបុរស៧នាក់និងស្ត្រី៥នាក់បានពិភាក្សាគ្នា៨ម៉ោងកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ដោយមិនបានសម្រេចអំពីសាលក្រមទេ។ គណៈវិនិច្ឆ័យត្រូវមានសេចក្តីសម្រេចចិត្តជាឯកច្ឆ័ន្ទដើម្បីកាត់ទោសប្រហារជីវិត Tsarnaev។
ក្រុមសមាជិកគណៈវិនិច្ឆ័យទាំងនេះបានទទួលករណីនេះកាលពីថ្ងៃពុធនៅក្រោយក្រុមរដ្ឋអាជ្ញានិងក្រុមមេធាវីការពារចុងចោទបាននិយាយបង្ហាញហេតុផលចុងក្រោយបង្អស់របស់ពួកគេនៅក្នុងដំណាក់កាលដាក់ទណ្ឌកម្មនៃការកាត់ក្តីពីបទប្រព្រឹត្តភេរវកម្មនេះ។
ក្រុមរដ្ឋអាជ្ញាបានច្រានចោលការនិយាយបង្ហាញហេតុផលរបស់ក្រុមមេធាវីចុងចោទដែលបាននិយាយថាឈ្មោះ Tsarnaev បានឋិតនៅក្រោមឥទ្ធិពលខ្លាំងរបស់បងប្រុសគាត់ឈ្មោះ Tamerlan ដែលជាមនុស្សជ្រុលនិយមដែលបានត្រូវសម្លាប់នៅក្នុងការបាញ់តគ្នាមួយជាមួយក្រុមប៉ូលិស។
ក្រុមរដ្ឋអាជ្ញានិយាយថាទោះណាជា Dzokhar មានអាយុតែ១៩ឆ្នាំនៅពេលបំផ្ទុះគ្រាប់បែកក្នុងការរត់ប្រណាំង Marathon នៅក្នុងក្រុង Boston ក៏ដោយ ក៏គាត់មានវ័យគ្រប់គ្រាន់ដើម្បីដឹងអំពីអ្វីខុសនិងអំពីអ្វីត្រូវដែរ ហើយថាគាត់ចង់សងសឹកដល់សង្គ្រាមរបស់ស.រ.អា.នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអាហ្វហ្គានីស្ថាន។
ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០១៣នៅក្នុងការរត់ប្រណាំង Marathon ក្នុងក្រុង Boston បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់និងមានជន២៦៤នាក់ទៀតបានត្រូវរបួស។
ព័ត៌មានចុងក្រោយ
គណៈកម្មការវិនិច្ឆ័យទោសបានសម្រេចកាត់ទោសប្រហារជីវិត Dzhokhar Tsarnaev ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបង្កប់គ្រាប់បែកក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុននៅទីក្រុង Boston កាលពីពីរឆ្នាំមុន ដែលបានសម្លាប់មនុស្សបីនាក់ និងបណ្តាលឲ្យមនុស្ស២៦៤នាក់រងរបួស។
គណៈកម្មការវិនិច្ឆ័យទោស៧នាក់ ក្នុងនោះមានបុរស៥នាក់ និងស្ត្រី២នាក់ បានចេញសាលក្រមនៅថ្ងៃសុក្រនេះ នៅទីក្រុង Boston ក្រោយពីបានត្រិះរិះពិចារណាលើរឿងក្តីនេះរយៈពេល១៤ម៉ោង ក្នុងអំឡុងពេលបីថ្ងៃកន្លងទៅនេះ។ គណៈកម្មការវិនិច្ឆ័យបានចេញសាលក្រមនេះ ដោយផ្អែកទៅតាម «ស្ថានភាពបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ» ហើយក៏សម្រេចថាជនល្មើស Tsarnaev សមនឹងកាត់ទោសប្រហារជីវិត៕