ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ទាហានសហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​រងការវាយប្រហារ​​ដោយ​ដ្រូន​និងរ៉ុក្កែត


រូបឯកសារ៖ យានយន្ដ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព al-Asad ក្នុង​ខេត្ត Anbar ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ យានយន្ដ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព al-Asad ក្នុង​ខេត្ត Anbar ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០។

មានកំណើនការវាយប្រហារ​តាមដ្រូននិងដោយ​រ៉ុក្កែត​ប្រឆាំង​នឹង​កង​កម្លាំង​សហរដ្ឋ​អាមេរិកនៅ​មជ្ឈិមបូព៌ា ទោះជាមាន​ការវាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិកកាលពី​សប្តាហ៍​មុនមាន​គោលដៅ​បញ្ជូន​សារទៅ​ឱ្យក្រុមជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់នៅក្នុង​តំបន់​ក៏​ដោយ។ ការវាយប្រហារ​ថ្មីៗ​បំផុត​មានឡើង​នៅ​ពេល​កិច្ចប្រតិបត្តិការរបស់​អ៊ីស្រាអែល​ប្រឆាំង​នឹងក្រុមជន​សកម្មប្រយុទ្ធហាម៉ាស់នៅ​ហ្កាហ្សាបាន​បង្កើនភាព​តានតឹង​ក្នុងតំបន់។

ពួក​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកនិយាយថាការវាយ​ប្រហារតាមអាកាសដែល​ដៅ លើឃ្លាំង​ស្តុកអាវុធនិង​គ្រាប់រំសេវនៅ​ប៉ែក​ខាង​កើតនៃប្រទេស​ស៊ីរី​ជា​ការជោគជ័យ​មួយដែល​អគារ​ទាំង​ពីរត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។

ក៏ប៉ុន្តែ នៅ​តែមាន​ការវាយ​ប្រហារ​ដោយ​ដ្រូន​និង​រ៉ុក្កែតពី​កងជីវពលគាំទ្រ​ដោយ​អ៊ីរ៉ង់​តទៅ​ទៀត។ អ្នក​នាំពាក្យ​រង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ស្រី Sabrina Singh បាន​ថ្លែង​ថា៖«យើង​ឃើញ​មាន​ការវាយប្រហារ​បី​ថែម​ទៀត​លើ​កង​កម្លាំង​អាមេរិកនៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី»។

អ្នក​នាំពាក្យ​រង​នៃក្រសួងការពារជាតិ​អាមេរិក​លោកស្រី Sabrina Singh បាន​និយាយ​ទៀត​ថា​មាន​ការវាយ​ប្រហារ​មួយ​កាលពី​ថ្ងៃសៅរ៍និង​ពីរទៀតកាលពី​ថ្ងៃអាទិត្យ។ លោក​ស្រី​បាន​បញ្ជាក់​ថា៖«គ្មាន​មនុស្ស​ស្លាប់ឬការខូច​ខាតដល់បុគ្គលិកយើងឬ​ហេដ្ឋារចនាសម្ពន្ធ​យើង​ទេ»។

ពួកមន្ត្រីក្រសួង​ការពារ​ជាតិ​និយាយ​ថាពួក​គេប្រុងប្រៀប​ធ្វើ​ការវាយ​ប្រហារ​ថែមទៀត​ប្រឆាំងនឹង​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង ប្រសិន​បើ​ចាំបាច់​ដើម្បី​ការពារក្រុមទាហាន​សហរដ្ឋ​អាមេរិក​នោះ។ នៅពេល​ជា​មួយគ្នានេះលោកស្រី Singhបាន​និយាយទៀត​ថា៖«យើងមិន​ចង់​ឃើញជម្លោះ​នេះរាលដាល​ជាសង្គ្រាម​ក្នុង​តំបន់​ទេ។ ដូច្នេះ ការធ្វើ​ឱ្យ​សង្គ្រាម​នេះមានតែ​នៅ​ក្នុងអ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា​ជា​អ្វីដែល​នៅ​តែ​ជា​ការផ្តោតការយកចិត្ត​ទុកដាក់​របស់​យើង»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG