កាលពីសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសអំពីការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអំពីធាតុអាកាសជាប្រវត្តិសាស្ត្រដែលត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីនៃប្រទេសបារាំង។ ការសម្រេចនេះ ធ្វើឲ្យមេដឹកនាំពិភពលោកជាច្រើន ខកចិត្ត។ សម្រាប់កម្ពុជាដែលជាប្រទេសមួយងាយរងគ្រោះធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏បានសម្ដែងការសោកស្ដាយដូចគ្នា ចំពោះការសម្រេចរបស់ប្រធានាធិបតីអាមេរិកនោះ ហើយបានអំពាវនាវឲ្យមានការពិចារណាឡើងវិញចំពោះការសម្រេចចាកចេញនេះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកថា ទង្វើនេះគឺជា«ការដោះដៃមិនទទួលខុសត្រូវ»។
កាលពីសប្ដាហ៍មុន លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក(ស.រ.អា) នឹងចាកចេញពីកិច្ចព្រមព្រៀងមួយនេះ ដែលការប្រកាសនេះធ្វើឲ្យមាន «ការខកចិត្ត»ពីមេដឹកនាំពិភពលោកមួយចំនួន ក្នុងនោះមានប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី ព្រមទាំងការរិះគន់ពីអង្គការដែលធ្វើការលើផ្នែកបរិស្ថានផងដែរ។
ប្រទេសកម្ពុជាដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុផងដែរ មិនបានចេញសេចក្ដីថ្លែងការណ៍ណាមួយ ស្ដីពីការសម្រេចចិត្តចាកចេញរបស់ស.រ.អា នោះទេ។
លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចិរភាព នៃក្រសួងបរិស្ថាន បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តចាកចេញរបស់ប្រទេសមហាអំណាចមួយនេះ គឺជាការសោកស្ដាយមួយ ដោយសារអាមេរិកជាប្រទេសមួយដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន នៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍។
លោកយល់ថា ការសម្រេចនេះ គឺដើម្បីគោរពតាមការសន្យារបស់លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីកន្លងទៅ ហើយលោកសន្និដ្ឋានថា លោក ដូណាល់ ត្រាំ យល់ថា ការកាត់បន្ថយការបញ្ចេញឧស្ម័ននេះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
លោក ទិន ពន្លក មានប្រសាសន៍ថា៖
«ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលហ្នឹង អាចធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ អានេះ ខ្ញុំគិតថា ក្នុងនាមជាអ្នករកស៊ី ហើយគាត់គិតឃើញអញ្ចឹង»។
លោក ទិន ពន្លក ចាត់ទុក ការសម្រេចចាកចេញរបស់សហរដ្ឋអាមេរិកនេះ ថាជាការគេចវេសពីការទទួលខុសត្រូវមួយ។
លោកបានបញ្ជាក់បន្ថែមថា៖
«ពិតប្រាកដណាស់ អានេះជាការដោះដៃពីការទទួលខុសត្រូវ ពីព្រោះបើយើងមើលទៅលើគោលការណ៍សំខាន់ៗនៃអនុសញ្ញាប្រែប្រួលអាកាសធាតុដែលសហរដ្ឋអាមេរិកជាភាគីហត្ថលេខីដែរ យើងឃើញហើយថា គោលការណ៍ សំខាន់មួយ គឺការទទួលខុសត្រូវរួមគ្នា តែក្នុងកម្រិតផ្សេងគ្នា»។
មន្ត្រីរដ្ឋាភិបាលរូបនេះ ក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរថា ប្រទេសនេះ មិនបានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការចូលរួមជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដូចជាការមិនផ្ដល់សច្ចាប័នលើពិធីសារតូក្យូ ស្ដីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលកាលនោះអតីតប្រធានាធិបតីអាមេរិក លោក George W.Bush បានអះអាងថា កិច្ចព្រមព្រៀងនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិក។
ស.រ.អា ត្រូវបានគេចាត់ទុកថា ជាប្រទេសលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន ក្នុងការរួមចំណែកច្រើនជាងគេដល់ការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។
ប្រទេសកម្ពុជា បានក្លាយជាសមាជិកអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុចាប់តាំងពីឆ្នាំ១៩៩៥។ កម្ពុជាក៏បានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ នៅដើមឆ្នាំ២០១៧។ កិច្ចព្រមព្រៀងនេះ បានបញ្ជាក់ពីកាតព្វកិច្ចរបស់ប្រទេសហត្ថលេខីចំនួន១៩៥ប្រទេស ក្នុងការកាត់បន្ថយ និងធានាកុំឲ្យសីតុណ្ហភាពពិភពលោក ឡើងលើសពី២អង្សាសេ។
លោក ទិន ពន្លក មិនទាន់ដឹងថា នឹងមានការបន្ថយជំនួយមកកម្ពុជា ឬយ៉ាងណានោះទេ។ តែលោកថា ការផ្ដល់ជំនួយ គឺជាសីលធម៌មួយសម្រាប់ប្រទេសអ្នកមាន ដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន។
លោកបានថ្លែងប្រាប់VOAថា៖
«អ្នកដែលផ្ដល់ជំនួយគឺជាកាតព្វកិច្ចរបស់គាត់ ពីព្រោះបញ្ហាហ្នឹងគាត់ជាអ្នកដើមចមនៃបញ្ហាធំការប្រែប្រួលអាកាសធាតុហ្នឹង។ គាត់ផ្ដល់ មិនផ្ដល់ អាហ្នឹងជាការទទួលខុសត្រូវរបស់គាត់ ជាពិសេសខាងផ្នែកសីលធម៌។ ពិតមែនយើងអត់ទាន់មានច្បាប់អន្តរជាតិ ណាដែលចងគាត់ ត្រូវតែជួយខ្មែរប៉ុន្មាន ព្រោះប្រទេសអ្នកមានទាំងអស់ហ្នឹង មិនដែលចង់និយាយទេ ពីរឿងការសងទូទាត់ការខូចខាតប្រែប្រួលអាកាសធាតុ»។
ប្រទេសកម្ពុជាបានទទួលជំនួយពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសស៊ុយអែត ជប៉ុន និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដើម្បីចូលរួមកាត់បន្ថយឥទ្ធិពលនិងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក ទិន ពន្លក បានបញ្ជាក់ថា កន្លងទៅ រដ្ឋាភិបាលបានខិតខំបំពេញការងារនេះ មានទាំងការងាររៀបចំគោលនយោបាយ រៀបចំផែនការ កៀរគរធនធាន អនុវត្តគម្រោងបន្សាំ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់ការយល់ដឹង ជាដើម។
ជាមួយការសម្រេចចាកចេញកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនេះ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចធ្វើការចរចាជាថ្មី ដើម្បីនាំស.រ.អា.ចូលទៅក្នុងកិច្ចព្រមព្រៀងនេះជាថ្មីវិញបាន។ តែពួកមេដឹកនាំពិភពលោកមួយចំនួនបាននិយាយថា ពួកគេជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះ មិនអាចត្រូវធ្វើការចរចាជាថ្មីបានទេ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum បានស្នើឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញសម្រាប់កិច្ចព្រមព្រៀងមួយនេះ។
លោកបានថ្លែងប្រាប់VOAថា៖
«ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគិតគូរឡើងវិញ»។
លោក តឹក វណ្ណារ៉ា បន្តថា ការចាកចេញនេះ អាចនាំឲ្យមានការកាត់បន្ថយថវិកានៅក្នុងមូលនិធិបៃតង(Green Climate Fund) និងប៉ះពាល់ដល់ការតាំងចិត្តជាសាកល ដើម្បីជួយដល់ការបន្សាំ និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
លោកបញ្ជាក់ថា នេះគឺជា«នយោបាយការពារនិយម»របស់លោក ដូណាល់ ត្រាំ ដែលលោកថា បានបង្ហាញទៅកាន់ពិភពលោកអំពីភាពមិនទទួលខុសត្រូវរបស់អាមេរិក។
លោកមានមានប្រសាសន៍ថា៖
«បើយើងនិយាយពីភាពទទួលខុសត្រូវ អ្នកណា អ្នកបង្កើតឲ្យមានការប្រែប្រួលអាកាសធាតុ អាហ្នឹងត្រូវតែចេញលុយ ចេញធនធាន ចេញទាំងផ្នែកបច្ចេកទេស ហើយការផ្លាស់ប្ដូរ ទាក់ទងនឹងបច្ចេកវិទ្យាឲ្យបានច្រើន មកកាន់ប្រទេសដែលមានលក្ខណៈទន់ខ្សោយ»។
លោក តឹក វណ្ណារ៉ា បានឲ្យដឹងទៀតថា កន្លងទៅ កម្ពុជាបានរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ ដូចជាកម្រិតទឹកតិចនៅរដូវប្រាំង ភ្លៀងច្រើនក្នុងរយៈពេលខ្លីដែលប៉ះពាល់ដល់ការរស់នៅប្រជាជននៅតាមទីក្រុង និងជនបទ ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺប្លែកៗ និង
កម្ដៅកាន់តែកើនឡើង។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកឬអ៊ីមែលថា ដៃគូរបស់សហភាពអឺរ៉ុបបានផ្ដល់ប្រាក់ជាង១៤លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុចាប់ពីឆ្នាំ២០១៤ដល់២០១៦។
លោកបន្តថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានផ្ដល់ថវិកាដល់ដៃគូជាង៦លាន៧សែនដុល្លារអាមេរិក ដើម្បីជួយដល់ការងារបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក David Josar បានថ្លែងប្រាប់ VOA តាមរយៈអ៊ីមែលថា សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់ស.រ.អា USAID បានផ្ដល់ជំនួយជួយដល់សហគមន៍ជនបទ ដើម្បីត្រៀមខ្លួន និងដោះស្រាយបញ្ហាទាក់ទងនឹងអាកាសធាតុ ក្នុងនោះមានភាពរាំងស្ងួត និងទឹកជំនន់ជាដើម។ លោកបន្តថា USAID ក៏បានផ្ដល់ជំនួយផងដែរ ក្នុងការជួយការពារធនធានធម្មជាតិរបស់កម្ពុជា។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនោះ មិនទាន់ដឹងនៅឡើយទេ ថាតើនឹងមានការកាត់បន្ថយជំនួយមកកម្ពុជា ឬយ៉ាងណា ស្ដីពីការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយរង់ចាំការអនុម័តថវិកានៅឆ្នាំ២០១៨។
លោកស្រី ខឿន ឡាត់ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិបាក់ត្រាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា តំបន់ដែលលោកស្រីកំពុងរស់នៅ កំពុងជួបប្រទះភាពរាំងស្ងួត មិនមានទឹកសម្រាប់ធ្វើស្រែ និងដាំដំណាំផ្សេងៗ និងប៉ះពាល់ដល់សុខភាពកុមារ និងសត្វពាហនៈ។ លោកស្រីបារម្ភថា បញ្ហានេះកាន់តែអាក្រក់ទៅៗទៅថ្ងៃអនាគត ។
លោកស្រីបានថ្លែងប្រាប់VOAថា៖ «ខ្ញុំព្រួយបារម្ភ ហើយប្រជាពលរដ្ឋអត់មានទឹកធ្វើស្រែ ប្រជាពលរដ្ឋខ្ញុំនឹងក្រីក្រទៅៗ ហើយមានចំណាកស្រុក ចេញពីស្រុកទៅ»។
កម្ពុជាគឺជាប្រទេសមួយ ដែលងាយទទួលរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្ដែង ផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុបានកើតមានរួចទៅហើយនៅកម្ពុជា។ គម្រោងដើម្បីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ(UNDP) បានរកឃើញថា ក្នុងអំឡុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១២ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង២២.០០០នាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកហើយ បានរងការរិះគន់ជាបន្តបន្ទាប់ ថាបានបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលជាមូលហេតុចម្បងមួយដែលរួមចំណែកដល់បញ្ហាបម្រែបម្រួលអាកាសធាតុនេះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានអះអាងថា ខ្លួនបាននិងកំពុងចាត់វិធានការលើការកាប់បំផ្លាញព្រៃឈើនេះហើយ៕