ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​១២ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​យាយី​សំឡេង​រិះគន់​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ចំនួន​១២​ នៅ​ថ្ងៃ​អង្គារ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការយាយី​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​រិះគន់​វិធានការ​ឆ្លើយតប​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​រួម​ទាំង​អ្នក​សារព័ត៌មាន​ឯករាជ្យ​និង​ពលរដ្ឋ​សាមញ្ញ​ផង​ដែរ។ ​

ការអំពាវ​នាវ​នេះ​ធ្វើ​ឡើង​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​កម្ពុជា​រួម​សហការ​ជាមួយ​អង្គការ​យូណេស្កូ ត្រៀម​រៀបចំ​កិច្ចពិភាក្សា​«កម្រិត​ខ្ពស់»​មួយ​ស្តីពីសេរីភាព​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។

ក្រុម​អង្គការ​ទាំង​១២​ដែល​រួម​មាន​អង្គការ ​Human Rights Watch អង្គការ ​Amnesty International និង​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ជា​ដើម​ បាន​រៀបរាប់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ពួកគេ​ថា ប្រទេស​កម្ពុជា​បាន​រំលោភ​បំពាន​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​ក្នុង​គ្រា​មានវិបត្តិ​ជំងឺ​កូវីដ​១៩​ ដោយ​ការបំបិទ​មាត់​សំឡេង​រិះគន់​តាម​បណ្តាញ​សង្គម​និង​ការ​រាយការណ៍​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​១៩​ដោយ​អ្នកសារព័ត៌មាន​ឯករាជ្យ។

លោក​ Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​ថ្លែង​ថា៖

«ការ​បញ្ចេញ​មតិ​ដោយ​សេរី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់​តម្លាភាព​និង​ព័ត៌មាន​ទាន់​ពេល​វេលា​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ឆ្លង​រាត​ត្បាត​នេះ។ ប៉ុន្តែ ជា​អកុសល រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ធ្វើ​ផ្ទុយស្រឡះ​ពី​នេះ​ទៅ​វិញ»។

អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួនបុគ្គល​រាប់​សិប​នាក់​ដោយសារ​ការបញ្ចេញ​មតិ​រិះគន់​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​បាន​កាត់​ទោស​មនុស្យ​យ៉ាង​តិច​៣​នាក់ ចំពោះ​ការបង្ហោះ​វីដេអូតាម​បណ្តាញ TikTok រិះគន់​ការប្រើប្រាស់​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នេះ។

ប៉ុន្តែ កន្លង​មក​ មន្ត្រី​រដ្ឋាភិបាលបាន​លើកឡើង​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​មួយ​ចំនួន​គឺ​ដោយសារ​ពួកគេ​បាន​ប្រព្រឹត្ត​ទង្វើ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​«បង្ក​ភាព​វឹកវរ​ដល់​សង្គម»តែ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ​២០២១​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤៤​ក្នុង​ចំណោម​ប្រទេស​១៨០​ក្នុង​សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន៕

XS
SM
MD
LG