ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានចំនួន ៧ កាលពីថ្ងៃព្រសហ្បតិ៍ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទៅលើមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីមូលដ្ឋានដែលបានគំរាមកំហែង បំភិតបំភ័យ ឬរំខានដល់ការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីធានាថា អ្នកសារព័ត៌មានអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបាន ក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើង ក្រោយពីមានរបាយការណ៍ក្នុងសប្តាហ៍នេះថា អ្នកសារព័ត៌មានក្នុងស្រុកដែលបម្រើការងារឲ្យស្ថាប័នសារព័ត៌មានយ៉ាងតិចចំនួន ២ គឺ វីអូឌី និងសារព័ត៌មានTN Hotnews បានរងការគំរាមនិងការរំខានពីអាជ្ញាធរនិងបុគ្គលមួយចំនួន ក្នុងពេលអ្នកសារព័ត៌មានទាំងនោះចុះបំពេញកិច្ចការយកព័ត៌មានរបស់ពួកគេ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គុមស៊ីវិលទាំង ៧ ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិ ងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាជាដើម បានចាត់ទុកការរំខានលើអ្នកសារព័ត៌មានទាំងនោះថាជា «ការរំលោភសិទ្ធិសេរីភាព និងបំពានដល់ការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «សកម្មភាពទាំងអស់នោះ គឺជាការគំរាមកំហែង ជ្រៀតជ្រែក...ហើយវាធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈរបស់ប្រមុខរដ្ឋាភិបាល ក្នុងការយកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាល»។
កាលពីថ្ងៃទី ៣ ខែឧសភា ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកអ្នកសារព័ត៌មានថា ជាដៃគូ«មិនអាចខ្វះបាន»របស់រដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ៕