ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​លោក Trump គ្រោង​ជ្រើសរើស​ជា​នាយខុទ្ទកាល័យ​ថ្មី​នៃ​សេតវិមាន បដិសេធ​មិន​ទទួល​យក​មុខ​តំណែង​នេះ


លោក Nick Ayers អញ្ជើញ​ទៅ​ដល់​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
លោក Nick Ayers អញ្ជើញ​ទៅ​ដល់​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។

បេក្ខជន​ដែល​គេ​រំពឹង​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump នឹង​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​នាយ​ខុទ្ទកាល័យ​ថ្មី​របស់​លោក បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​សម្រាប់​មុខ​ដំណែង​ជាន់​ខ្ពស់​នៅ​សេតវិមាន​នេះ។

លោក Nick Ayers ដែល​បច្ចុប្បន្ន​ជា​នាយ​ខុទ្ទកាល័យ​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence បាន​សរសេរ​នៅ​លើ Twitter អរគុណ​លោក Trump និង​លោក Pence កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុន្តែ​បាន​និយាយ​ថា លោក​នឹង​មិន​ទទួល​យក​មុខ​តំណែង​ណា​មួយ​ទាំង​អស់ និង​ចាកចេញ​ពី​ការងារ​ក្នុង​រដ្ឋបាល​របស់​លោក Trump តែ​ម្ដង។

លោក Trump ត្រូវ​គេ​គិត​ថា នឹង​ស្វែងរក​នរណា​ម្នាក់ ដែល​នឹង​កាន់​មុខ​តំណែង​នៅ​ក្នុង​សេតវិមាន​នេះ​យ៉ាង​ហោច​ណាស់​រហូត​ដល់​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឡើង​វិញ​ឆ្នាំ ២០២០ ផង​ដែរ។ លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​គ្រោង​នឹង​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដោយសារ​លោក Ayers បដិសេធ​មិន​ទទួល​យក​មុខ​តំណែង​នេះ សេចក្ដី​រាយការណ៍​នានា​បាន​លើក​ឡើង​ថា លោក Trump ឥឡូវ​នេះ​កំពុង​ពិចារណា​លើ​បេក្ខភាព​លោក Steve Mnuchin ដែល​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បច្ចុប្បន្ន លោក Mick Mulvaney ដែល​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង និង​ថវិកា​បច្ចុប្បន្ន ឬ​ក៏​លោក Mark Meadows ដែល​ជា​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ សម្រាប់​ធ្វើ​ជា​នាយ​ខុទ្ទកាល័យ​ថ្មី​របស់​លោក។

បេក្ខជន​ម្នាក់​ក្នុង​ចំណោម​នោះ ឬ​ក៏​ប្រហែល​ជា​នរណា​ម្នាក់​ផ្សេង​ទៀត នឹង​ត្រូវ​ជ្រើសរើស​ដើម្បី​ឲ្យ​មក​ជំនួស​តំណែង​លោក John Kelly។

លោក Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក Kelly នឹង​ចាកចេញ​ពី​មុខ​តំណែង​ជា​នាយ​ខុទ្ទកាល័យ​សេតវិមាន​នៅ​ចុង​ខែ​ធ្នូ​នេះ៕

XS
SM
MD
LG