ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី​លោក Erdogan ឈ្នះ​ការ​បោះឆ្នោត​មួយ​អាណត្តិ​ទៀត


ប្រធានាធិបតី​តួកគី​​ដែល​កំពុង​កាន់​តំណែង​ និង​ជា​បេក្ខជន​ប្រធានាធិបតី លោក Recep Tayyip Erdogan ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី​អង់ការ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣។
ប្រធានាធិបតី​តួកគី​​ដែល​កំពុង​កាន់​តំណែង​ និង​ជា​បេក្ខជន​ប្រធានាធិបតី លោក Recep Tayyip Erdogan ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី​អង់ការ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣។

ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​តួកគី​លោក Recep Tayyip Erdogan បាន​ឈ្នះ​ ការ​បោះឆ្នោត​មួយ​អាណត្តិ​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃ​អាទិត្យ។

លោក Erdogan បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​បឋម​មិន​ផ្លូវការ​បាន​បង្ហាញ​ថា លោក​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥២% បើ​ប្រៀប​ជាមួយ​នឹង​សំឡេង​គាំទ្រ​ចំនួន ៤៨% ដែល​លោក Kemal Kilicdaroglu ដែល​ជា​គូ​ប្រជែង​របស់​លោក​ទទួល​បាន។

លោក Kilicdaroglu បាន​រិះគន់​ការ​បោះឆ្នោត​នេះ​ថា​មិន​យុត្តិធម៌ និង​បាន​អរគុណ​អ្នក​បោះឆ្នោត​ជាង ២៥ លាន​នាក់​ដែល​បាន​បោះឆ្នោត​ឱ្យ​លោក។

មុន​ការ​បោះឆ្នោត​ជុំ​ទី​ពីរ​កាលពី​ថ្ងៃ​អាទិត្យ លោក Erdogan ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ជា​អ្នក​នាំ​មុខ បន្ទាប់ពី​លោក​ស្ទើរតែ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។

ទាំង​លោក Erdogan និង​លោក Kilicdaroglu សុទ្ធតែ​បាន​និយាយ​នៅ​ក្នុង​ការ​ឃោសនា​នៅ​នាទី​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​គឺ​សំខាន់​សម្រាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។

កន្លង​មក អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​លោក Erdogan ថា​បាន​ធ្វើ​ឱ្យ​អន្តរាយលទ្ធិ​ប្រជាធិបតេយ្យ ដោយសារ​លោក​បាន​ចាប់​អ្នក​រិះគន់​ដាក់​គុក ​និង​ក្ដោបក្ដាប់​អំណាច។ លោក Kilicdaroglu បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ប្រទេស​តួកគី​ត្រឡប់​ទៅ​រក​ប្រទេស​ប្រជាធិបតេយ្យ​អាស្រ័យ​សភា​ឡើង​វិញ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​ល្បី​ឈ្មោះ​ទាំង​ឡាយ។

ប៉ុន្តែ លោក Erdogan បាន​លើកឡើង​ពី​រឿង​ជាតិ​និយម​ដើម្បី​ប្រយោជន៍​នយោបាយ ដោយ​បាន​ចោទ​គូ​ប្រជែង​របស់​លោក​ថា​មិន​រឹងមាំ​ក្នុង​រឿង​ភេរវកម្ម​និង​បាន​ទទូច​ថា​ប្រទេស​តួកគី​ត្រូវការ​មេដឹកនាំ​ខ្លាំងក្លា​ដើម្បី​តទល់​នឹង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​ខ្លួន និង​ដោះស្រាយបញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​នានា​ដែល​កំពុង​កើតឡើង​នៅ​តាម​ប្រទេស​ជិតខាង​ដូចជា​ស៊ីរី​និង​អ៊ុយក្រែន​ជា​ដើម៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។

XS
SM
MD
LG