ការផ្ទុះគ្រាប់បែកផ្ទុកក្នុងរថយន្តនៅខាងក្រៅទីស្នាក់ការប៉ូលិសក្នុងតំបន់ Gaziantep ភាគអាគ្នេយ៍នៃប្រទេសតួកគី បានសម្លាប់ប៉ូលីសយ៉ាងហោចណាស់ម្នាក់ និង ធ្វើឲ្យមនុស្ស១៣នាក់រងរបួស នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់នោះ។
បណ្តាញផ្សាយព័ត៌មានតួកគីដកស្រង់លោកAli Yerlikayaអភិបាលតំបន់ Gaziantep មកចុះផ្សាយថា មនុស្សរងរបួស៩នាក់នៃមនុស្សរងរបួសទាំងអស់ ជាមន្រ្តីប៉ូលិស។
រូបភាពតាមវីដេអូ ដែលបានបង្ហាញនៅលើបណ្តាញទូរទស្សន៍ NTV ដែលជាអង្គការឯកជន បានបង្ហាញពីភាពច្របូកច្របល់បន្ទាប់ពីការផ្ទុះនៅខាងក្រៅទីស្នាក់ការប៉ូលិសនៅពេលដែលពួកអ្នកដើរក្រឡេកមើលកញ្ចក់បែកនិងកំទិចបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ បានបើកសម្រុកទៅកាន់ទីកន្លែងកើតហេតុនោះ។
Gaziantep ជាទីក្រុងធំទី៦នៅក្នុងប្រទេសតួកគីដែលមានប្រជាពលរដ្ឋ១លាន៥សែននាក់ហើយស្ថិតនៅចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីទឹកដីដែលត្រួតត្រាដោយក្រុមរដ្ឋឥស្លាមនៅតាមបណ្តោយព្រំដែននៃប្រទេសស៊ីរី។ ទីក្រុងនោះត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ជនភៀសខ្លួនដែលបានរត់គេចចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
ខណៈដែលមិនមានការចង្អុលបង្ហាញថាតើនរណាធ្វើការវាយប្រហារនោះ ក្រុមជីហាដ បានធ្វើការវាយប្រហារប្រហាក់ប្រហែលគ្នា២នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅឆ្នាំនេះ៕