ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​មនុស្ស​ធម៌​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ភាគ​ខាង​កើត​នៃ​តំបន់ Ghouta ប្រទេស​ស៊ីរី


បេសកជន​របស់​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ឆ្លង​កាត់​ចូល​ទៅ​ផ្នែក​ខាង​កើត​នៃ​តំបន់​ Ghouta កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
បេសកជន​របស់​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ឆ្លង​កាត់​ចូល​ទៅ​ផ្នែក​ខាង​កើត​នៃ​តំបន់​ Ghouta កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ អង្គការ​សហប្រជាជាតិ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ និង​អង្គការ​អឌ្ឍចន្ទ​ក្រហម​អារ៉ាប់​ស៊ីរី បាន​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ផ្នែក​ភាគ​ខាង​កើត​នៃ​តំបន់ Ghouta ប្រទេស​ស៊ីរី ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម និង​ត្រូវ​បាន​ហ៊ុមព័ទ្ធ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​បណ្ដេញ​ក្រុម​ប្រឆាំង​ចេញ​ពី​តំបន់ Ghouta នោះ។

អ្នក​នាំ​ពាក្យ​អង្គការ​កាកបាទ​ក្រហម​លោក Pawel Krzysiek បាន​និយាយ​ថា ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្ស​ធម៌​ចំនួន ៤៦ គ្រឿង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ផ្នែក​ភាគ​ខាង​កើត​នៃ​តំបន់ Ghouta។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា រដ្ឋាភិបាល​ស៊ីរី​នឹង​មិន​ផ្ដល់​គ្រឿង​ផ្គត់ផ្គង់​ចំនួន ៧០ ភាគរយ ដូចជា​ឧបករណ៍​ពេទ្យ​សង្គ្រោះ​បន្ទាន់​ជា​ដើម ដែល​បាន​ត្រៀម​ទុក​សម្រាប់​បញ្ជូន​ទៅ​កាន់​តំបន់​រងគ្រោះ​នោះ​ទេ។ កន្លង​មក អង្គការ​ជំនួយ​មនុស្ស​ធម៌​បាន​ត្អូញត្អែរ​អំពី​ករណី​ដែល​ជំនួយ​មនុស្ស​ធម៌​របស់​ពួកគេ​ត្រូវ​បាន​កាត់​បន្ថយ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៣០ ថ្ងៃ នៅ​ទូទាំង​ប្រទេស​ស៊ីរី ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​ជន​ស៊ីវិល ដែល​ក្នុង​នោះ​មាន​ទាំង​មនុស្ស​ចំនួន ៤ សែន​នាក់​នៅ​ក្នុង​ផ្នែក​ភាគ​ខាង​កើត​នៃ​តំបន់ Ghouta ផង​ដែរ។

ប៉ុន្តែ អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ បន្ទាប់ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្ដី​សម្រេច​នោះ​មក គេ​ឃើញ​មាន​សញ្ញាណ​តិចតួច​ណាស់​ដែល​បង្ហាញ​ថា សេចក្ដី​សម្រេច​នេះ​ចូល​ជា​ធរមាន​នោះ៕

XS
SM
MD
LG