ប្រទេសតួកគីបានឲ្យដឹងថា ខ្លួននឹងព្យួរការអនុវត្តអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេល៣ខែ ដែលខ្លួនបានប្រកាសថាដើម្បីកម្ចាត់ឧក្រិដ្ឋជនដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានបរាជ័យកាលពីសប្តាហ៍មុននេះ។
លោក Numan Kurtulmas ឧបនាយករដ្ឋមន្ត្រីតួកគីបានមានប្រសាសន៍ថា ប្រទេសតួកគីអាចនឹងបោះជំហានបន្ទាប់ដូចដែលប្រទេសបារាំងបានធ្វើដោយយោងតាមមាត្រាទី១៥នៃអនុសញ្ញានេះ ដែលអនុញ្ញាតឲ្យប្រទេសចុះហត្ថលេខីទាំងអស់រួចកាតព្វកិច្ច ក្នុងអំឡុងពេលមានសង្គ្រាមឬស្ថិតក្នុងស្ថានភាពអាសន្ន។
លោក Kurtulmas ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Hurriyet ដកស្រង់សម្តីដើមទាំងស្រុងថា «ស្ថានភាពអាសន្ននឹងផ្តល់ឱកាសដល់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នករៀបចំផែនការធ្វើរដ្ឋប្រហារនិងបោសសម្អាតសមាជិករបស់ក្រុម Gulen ទាំងស្រុង»។
តំណាងរាស្ត្រតួកគីត្រូវបានគេរំពឹងថា នឹងអនុម័តលើសំណើរបស់លោកប្រធានាធិបតី Erdogan ក្នុងការដាក់ប្រទេសតួកគីឲ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេល៣ខែ នៅក្នុងដំណើរវិវឌ្ឍន៍នយោបាយដែលត្រួសត្រាយផ្លូវដល់ការកម្ចាត់គូប្រជែងរបស់លោក បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំលោក Erdogan និងរដ្ឋាភិបាលរបស់លោកកាលពីសប្តាហ៍មុន ដែលបានបរាជ័យនោះ។
លោក Erdogan បានប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ននៅក្នុងសុន្ទរកថាដែលផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីបើកកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិនិងគណៈរដ្ឋមន្ត្រីរបស់លោករួចមក។
លោក Erdogan បានមានប្រសាសន៍ថា គោលបំណងនៃការដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ននេះ គឺដើម្បីបោះជំហានទៅមុខឲ្យមានប្រសិទ្ធភាពបំផុតក្នុងការយកលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋត្រឡប់មកវិញ។ មេដឹកនាំតួកគីបាននិយាយថា កងកម្លាំងប្រដាប់អាវុធនឹងមិនត្រួតត្រាប្រទេសក្នុងអំឡុងពេលនេះនោះទេ៕