មេដឹកនាំចំនួន២២នាក់ រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសចំនួន២៣រូប បានចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។
ការជួបជុំគ្នានេះធ្វើឡើងដើម្បីបន្តការវាយប្រហារទៅលើសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ថាជារដ្ឋធានីរបស់អ៊ីស្រាអែល។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ដែលជាប្រធានរៀបចំកិច្ចប្រជុំកំពូលនេះ បានថ្លែងសុន្ទរកថានៅពេលបើកកិច្ចប្រជុំកំពូលនេះ ដោយលោកបានរិះគន់ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ដោយថ្លែងចង្អុលទៅកាន់ផែនទី លោក Erdoganបា នចោទប្រកាន់អ៊ីស្រាអែលថាបានព្យាយាមទន្ទ្រានយកដែនដីទាំងអស់របស់ជនជាតិប៉ាឡេស្ទីន និងបានប្រើប្រាស់កងកម្លាំងសន្តិសុខរបស់ខ្លួនធ្វើប្រតិបត្តិការដូចនឹងរដ្ឋភេរវកម្មដែរ។
លោក Erdogan ក៏បានទាមទារយ៉ាងខ្លាំងក្លាទៅសហគមន៍អន្តរជាតិផងដែរ។ លោក Erdogan បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើទៅកាន់ប្រទេសទាំងអស់ដែលជាអ្នកការពារយុត្តិធម៌ និងច្បាប់អន្តរជាតិ ឲ្យទទួលស្គាល់ថាទីក្រុងហ្ស៊េរុយសាឡិម គឺជារដ្ឋធានីរបស់ប៉ាឡេស្ទីន។ យើងមិនអាចបង្អង់ពេលតទៅទៀតទេ។ ក្នុងនាមជាប្រទេសឥស្លាម យើងនឹងមិនបោះបង់ចោលការទាមទាររបស់យើងចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់ទីក្រុងហ្ស៊េរុយសាឡិម ឲ្យទៅជារដ្ឋធានីរបស់ប្រទេសប៉ាឡេស្ទីន»។
ក៏ប៉ុន្តែកិច្ចប្រជុំកំពូលនេះបានបង្ហាញពីការបែកបាក់នៅក្នុងតំបន់ជាយូរមកហើយ ដោយសារតែអវត្តមានរបស់ពួកមេដឹកនាំប្រទេសសំខាន់ៗនៅក្នុងកិច្ចប្រជុំនេះ ដូចជាអារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីបជាដើម។ លោក MESUT HAKKI CASIN មកពីសាកលវិទ្យាល័យ ISTINYE បានថ្លែងថា៖ «ទស្សនវិស័យរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់ សម្រាប់អារ៉ាប៊ីសាអូឌីត និងពលរដ្ឋអេហ្ស៊ីប។ ពួកគេមិនចង់ប្រឈមនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេ។ យើងអាចនិយាយបានថា ពួកគេនៅស្ងៀមនៅពេលដែលពួកគេប្រៀបធៀបពីការប្រឈមជាមួយនឹងតួកគី ហ្ស៊កដានី និងប្រទេសអ៊ីរ៉ង់នោះ»។
មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្លែងសារប្រឆាំងនឹងការសម្រេចនេះ និងបានដាក់លោក Trump នៅឲ្យឆ្ងាយពីប្រទេសដ៏ទៃ ដោយសារតែជំហររបស់លោកទៅលើទីក្រុងហ្ស៊េរុយសាឡិមនេះ។ លោក MAHMOUD ABBAS បានថ្លែងថា៖ «ដោយសារតែជំហរនេះ សហរដ្ឋអាមេរិកបានបាត់បង់លទ្ធភាពរបស់ខ្លួន ក្នុងតំណែងជាអ្នកសម្របសម្រួល និងបាត់បង់តួនាទីនៅក្នុងដំណើរការនយោបាយ។ យើងនឹងមិនយល់ព្រមឲ្យប្រទេសនេះដើរតួនាទីនៅក្នុងដំណើរនយោបាយតទៅទៀតទេ។ ប្រទេសនេះលម្អៀងទៅខាងអ៊ីស្រាអែល។ នេះជាជំហររបស់យើង ហើយយើងសូមស្នើឲ្យអ្នកទាំងអស់គ្នាគាំទ្រយើង។
សេចក្តីថ្លែងការណ៍បញ្ចប់កិច្ចប្រជុំកំពូលនេះ បានប្រកាសពីការប្តេជ្ញាចិត្តទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីរបស់ប្រទេសប៉ាឡេស្ទីន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា