គណបក្សនយោបាយរបស់មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឲ្យមានការធ្វើការតវ៉ាបញ្ចេញកំហឹង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ទៅកាន់ទីក្រុង Jerusalem នាសប្ដាហ៍ក្រោយ។
គណបក្ស Fatah បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញថា៖ «យើងអំពាវនាវឲ្យមានការតវ៉ាបញ្ចេញកំហឹងនៅឯផ្លូវចូលទៅកាន់ទីក្រុង Jerusalem និងទៅកាន់ទីក្រុងចាស់ នៅពេលអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងនោះនៅថ្ងៃពុធខាងមុខនេះ និងអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនឹងការសម្រេចរបស់លោក Donald Trump ក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនេះផងដែរ»។
លោក Trump បានធ្វើឲ្យប្រជាពលរដ្ឋប៉ាឡេស្ទីនខឹងសម្បាកាលពីដើមខែនេះ នៅពេលលោកបានប្រកាសថា សហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយសើរើនូវគោលនយោបាយទន់ខ្សោយមួយដែលអនុវត្តអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ មេដឹកនាំប៉ាឡេស្ទីនបានមានប្រតិកម្មដោយលុបចោលនូវគម្រោងរបស់ពួកគេក្នុងការជួបជាមួយនឹងលោក Mike Pence។ ប៉ុន្តែ លោក Mike Pence នៅតែគ្រោងជួបជាមួយនឹងមន្ត្រីអ៊ីស្រាអែលដដែល។
ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែលសុទ្ធតែទាមទារទីក្រុង Jerusalem ជារដ្ឋធានីពិតប្រាកដរបស់ខ្លួន។ ប៉ុន្តែដោយសារជម្លោះរឿងទីក្រុង Jerusalem នេះ មុខងាររដ្ឋាភិបាលរបស់អ៊ីស្រាអែលគឺធ្វើឡើងនៅទីក្រុង Tel Aviv ចំណែកឯមុខងាររបស់អាជ្ញាធរជាតិប៉ាឡេស្ទីនគឺធ្វើឡើងនៅទីក្រុង Ramallah វិញ។
ការប្រកាសរបស់លោក Trump ពាក់ព័ន្ធនឹងទីក្រុង Jerusalem នេះ បានធ្វើឲ្យសហគមន៍ប៉ាឡេស្ទីននានាមានការខឹងសម្បា ដោយប្រជាពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់នៅតំបន់មជ្ឈិមបូព៌ា និងនៅតំបន់ផ្សេងទៀតបានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចនេះ៕