ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី ​ព្រមាន​អំពី​ការ​ភៀស​ខ្លួន​ជាថ្មី​ទៀត​ចេញ​ពី​ប្រទេស​ស៊ីរី​


ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​កូឡាឡាំពួរប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​កូឡាឡាំពួរប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​តួកគី​លោក ​Recep Tayyip Erdogan​ កំពុង​ព្រមាន​អំពី​ការ​ភៀស​ខ្លួន​ជាថ្មី​ទៀត​ចេញ​ពីប្រទេស​ស៊ីរី ​ ​ខណៈ​កម្លាំង​រដ្ឋាភិបាល​នៅទី​នោះ​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​គោល​ដៅ​របស់​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ខេត្ត Idlib។​ ដោយសារ​កង​កម្លាំង​រុស្ស៊ី​គាំទ្រ​ការ​វាយ​ប្រហារ​នេះ ​ ​ចំណង​មិត្តភាព​កក់​ក្តៅ​នា​ពេល​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​និង​រដ្ឋាភិបាល​ក្រុងមូស្គូ​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើង។​ ​

លោក ​Erdogan ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់មេដឹកនាំឥ ស្លាម​ក្នុង​ពិភព​លោក​នៅ​ទី​ក្រុង​ Kuala Lumpur​ ប្រទេស​ម៉ាឡេស៊ី​ថា​៖ «ឥឡូវនេះ​មាន​មនុស្ស​៥​ម៉ឺន​នាក់ចេញ​ពី ​Idlib ​មក​ប្រទេស​យើង។​ យើង​បាន​ទទួល​មនុស្ស​៤​លាន​នាក់​រួច​ហើយ​ ហើយ​ឥឡូវ​នេះ​មាន​ចំនួន​៥​ម៉ឺន​នាក់​ទៀត​កំពុង​មក។ ​តួលេខ​នេះ​ប្រហែល​ជា​នឹង​កើន​ឡើង​ថែម​ទៀត»។​

លោក​ Erdogan ​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​ថា ​តើ​មាន​ជន​ភៀស​បាន​ទៅ​ដល់​ព្រំដែន​តួកគី​ឬយ៉ាង​ណា​ទេ។ ​ខេត្ត Idlib គឺ​ជា​តំបន់​ត្រួតត្រា​សំខាន់​ចុង​ក្រោយ​របស់ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ​មាន​ប្រជាជន​ប្រមាណ​៣​លាន​នាក់​ត្រូវ​គេជឿថា ​បាន​ជាប់​នៅ​ក្នុង​ទីប្រជុំជន​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​តួកគី។

ការ​ភៀស​ខ្លួន​ចេញ​ចុង​ក្រោយ​នេះ​បង្ក​ឡើង​ដោយ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​របស់រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ដែល​គាំទ្រ​ដោយ​កងកម្លាំង​អាកាស​រុស្ស៊ី។​ មន្រ្តី​តួកគី​និយាយ​ថា ​ជន​ភៀស​ខ្លួន​ប្រហែល​២០​ម៉ឺននាក់​មកពី​ខេត្ត Idlib ​បាន​បោះ​ជំរំជិត​ព្រំដែន​តួកគី​ ​បន្ទាប់​ពី​បាន​គេចចេញ​ពីការ​វាយលុក​ពីមុន​របស់​រដ្ឋាភិបាល​ស៊ីរី៕

XS
SM
MD
LG