នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលតួកគីនឹងសងសឹកនៅក្នុង «វិធីដ៏ខ្លាំងបំផុត» និង «តបតចំពោះឥរិយាបថដែលមិនអាចទទួលយកបាននេះ» បន្ទាប់ពីប្រទេសហូឡង់មិនបានអនុញ្ញាតឲ្យរដ្ឋមន្ត្រីតួកគីមួយរូបចូលទៅក្នុងប្រទេសរបស់ខ្លួន និងបានបណ្ដេញរដ្ឋមន្ត្រីមួយរូបទៀតរបស់តួកគីចេញពីប្រទេសរបស់ខ្លួន។
ជាងនេះទៅទៀត មន្ត្រីរដ្ឋាភិបាលតួកគីបានបិទស្ថានទូតហូឡង់នៅក្នុងទីក្រុងអង់ការ៉ា និងបាននិយាយថា តួកគីមិនស្វាគមន៍អគ្គរដ្ឋទូតហូឡង់នោះទេ។
កាលពីព្រឹកថ្ងៃអាទិត្យនេះ ប៉ូលិសជិះសេះបង្ក្រាបកុបកម្មរបស់ហូឡង់ បានប៉ះទង្គិចជាមួយនឹងអ្នកគាំទ្ររដ្ឋាភិបាលតួកគីរាប់រយនាក់ នៅក្នុងទីក្រុង Rotterdam ដែលអ្នកគាំទ្ររដ្ឋាភិបាលតួកគីទាំងនោះកំពុងតវ៉ាប្រឆាំងនឹងវិធានការរារាំងរដ្ឋមន្ត្រីតួកគីទាំងនោះ។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ត្រូវបានរដ្ឋាភិបាលហូឡង់រារាំងមិនឲ្យចូលក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសារតែមានការប្រឆាំងកាន់តែកើនឡើងចំពោះការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញរបស់តួកគីដែលធ្វើយុទ្ធនាការនៅទូទាំងសហភាពអឺរ៉ុប។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្កោលទោសសកម្មភាពនេះ និងប្រទេសហូឡង់ ដែលជាដៃគូរបស់ខ្លួននៅក្នុងសម្ព័ន្ធមិត្តអង្គការ NATO។
លោក Cavusoglu បាននិយាយថា តួកគី នឹងចាត់វិធានការទាំងអស់ប្រឆាំងនឹងប្រទេសហូឡង់។ កាលពីមុនហ្នឹង លោកបានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងនយោបាយដល់ប្រទេសហូឡង់។
បណ្ដាប្រទេសសហភាពអឺរ៉ុបភាគច្រើនប្រឆាំងនឹងការធ្វើដំណើររបស់រដ្ឋមន្ត្រីតួកគីក្នុងការអំពាវនាវឲ្យជនជាតិតួកគីចូលរួមបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិដើម្បីផ្លាស់ប្ដូររដ្ឋធម្មនុញ្ញតួកគី ដោយសារតែមានភាពតានតឹងនៅក្នុងប្រទេសទាំងនោះ ដែលបណ្ដាលមកពីយុទ្ធនាការរបស់តួកគីនេះ៕