ប្រទេសតួកគីកំពុងបន្តដាក់សម្ពាធលើប្រទេសអារ៉ាប៊ី សាអូឌីតអំពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតនៅដើមខែតុលានៅឯស្ថានកុងស៊ុលអារ៉ាប់ប៊ី សាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅពេលដែលសេចក្តីលម្អិតបន្ថែមនៃការចោទប្រកាន់ពីឃាតកម្មបន្តលេចចេញឡើង។ ក្រុមអ្នកវិភាគនិយាយថា ការលេចចេញព័ត៌មានបន្តិចម្តងៗជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ធ្វើឲ្យខូចជាអតិបរិមាដល់កិត្យានុភាពរបស់ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohmmed Bin Salman នៃប្រទេសអារ៉ាប៊ី សាអូឌីត និងដើម្បីបង្អាក់ការគាំទ្ររបស់ប្រទេសលោកខាងលិចដល់រដ្ឋាភិបាលក្រុងរីយ៉ាដ។
នៅខាងក្រៅស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល មិត្តភក្តិ និងក្រុមអ្នកគាំទ្រលោក Jamal Khashoggi បន្តការឃ្លាំមើលរបស់ពួកគេ។
ថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងរដ្ឋ Ankara ប្រធានាធិបតីតួកគីលោកRecep Tayyip Erdogan បន្តដាក់សម្ពាធលើរដ្ឋាភិបាលក្រុងរីយ៉ាដ។ ប្រធានាធិបតី Erdogan បានថ្លែងថា៖ «វាជាការពិតថា លោក Khashoggi បានត្រូវគេសម្លាប់ ក៏ប៉ុន្តែ សាកសពនៅឯណា? គេត្រូវតែបង្ហាញសាកសព»។
លោកKyle Ortonអ្នកវិភាគតំបន់មជ្ឈឹមបូព៌ានិយាយថា ប្រធានាធិបតី Erdogan សង្ឃឹមថា នឹងធ្វើឲ្យខូចកិត្យានុភាពរបស់ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed Bin Salman ដែលត្រូវសោយរាជ្យបន្ទាប់។លោក Kyle Ortonបានថ្លែងថា៖ «ការណ៍នេះធ្វើឲ្យមានការលំបាកសម្រាប់អារ៉ាប៊ី សាអូឌីត ទាក់ទងទៅវិញទៅមកជាមួយប្រទេសលោកខាងលិច ជាពិសេសជាមួយអាមេរិក។ ការណ៍នេះផ្តល់ឱកាសឲ្យតួកគីចូលបំពេញចន្លោះនេះ»។
យុទ្ធសាស្រ្តរបស់តួកគីបណ្តាលឲ្យមានជម្លោះមេដឹកនាំនយោបាយនៅក្នុងពិភពអារ៉ាប់។ លោក Kemal Kirisci អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានBrookings បានថ្លែងថា៖ «ចាប់តាំងពីការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រក្នុងប្រទេសអារ៉ាប៊ី សាអូឌីតមក តួកគីបានស្វះស្វែងធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសកាតា ហើយបន្ទាប់មក អារ៉ាប៊ី សាអូឌីត បានធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសអារ៉ាប់រួមឬUnited Arab Emirates និងអេហ្ស៊ីប។ ហើយពួកគេបានបង្កើតប៉ូលនយោបាយ២នៅក្នុងតំបន់»។
គូប្រកួតប្រជែងទាំងនោះត្រូវបានមើលឃើញនៅសមរភូមិក្នុងប្រទេសស៊ីរី។កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក មានប្រទេសអារ៉ាប៊ី សាអូឌីតកំពុងគាំទ្រកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលត្រួតត្រាផ្នែកភាគច្រើននៃតំបន់ភាគខាងកើតប្រទេសស៊ីរីជាមួយកងកម្លាំងជនជាតិភាគតិច Kurds YPG។ តួកគីមើលឃើញក្រុមYPG ថា ជាក្រុមភេរវជនហើយចង់បំបែកសម្ព័ន្ធភាពនេះ។ លោក Kyle Orton អ្នកវិភាគនៃតំបន់មជ្ឈឹមបូព៌ាបាននិយាយថា៖ «បញ្ហាក្រុម YPG និង PKKនៅក្នុងប្រទេសស៊ីរីជាបញ្ហាដ៏សំខាន់ ហើយបញ្ហានេះនឹងពាក់ព័ន្ធពលរដ្ឋអាមេរិកាំងដែលមិនបោះបង់ពួកគេ ក៏ប៉ុន្តែ ការធ្វើឲ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងរវាងពួកគេនិងតួកគីដែលខ្ញុំដឹងថាពួកគេនឹងមិនអាចធ្វើបាន»។
លោក Ortonនិយាយទៀតថា មានភាពគ្រោះថ្នាក់នៅក្នុងយុទ្ធសាស្រ្តរបស់លោក Erdogan។លោក Kyle Orton និយាយទៀតថា៖«វាជាការចាប់ផ្តើមមើលឃើញកាន់តែអាក្រក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃថា គេ កំពុងប្រើប្រាស់ឃាតកម្មរបស់បុរសម្នាក់ដើម្បីបន្តគោលនយោបាយការបរទេសរបស់ខ្លួន»។
អ្វីស្ថិតក្នុងភាពគ្រោះថ្នាក់នោះផងដែរគឺ ការវិនិយោគទុនរបស់អារ៉ាប៊ី សាអូឌីតក្នុងប្រទេសតួកគីដែលត្រូវបានគេប៉ាន់ស្មានមានតម្លៃជាទឹកប្រាក់១ពាន់លានដុល្លារនៅឆ្នាំ២០១៧។ លោកAhmet Kasim នៅឯសាកលវិទ្យាល័យ Altinbas បាននិយាយថា៖ «វាជាយុទ្ធសាស្រ្តមានភាពប្រថុយប្រថាន ប្រសិនបើ ព្រះអង្គម្ចាស់រាជ្ជទាយាទអារ៉ាប់ប៊ី សាអូឌីត Mohammed Bin Salman ស្ថិតនៅបន្តកាន់តំណែង ហើយប្រសិនបើ បញ្ហានេះក្លាយជាបញ្ហាទ្វេភាគីរវាងតួកគីនិងអារ៉ាប៊ី សាអូឌីត នោះវាអាចនឹងលុបចោលការវិនិយោគទុនអារ៉ាប់ប៊ី សាអូឌីត»។
ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed Bin Salman បានត្រូវគេចោទសួរពីទំនាក់ទំនងជាមួយរដ្ឋាភិបាលAnkara នៅឯសន្និសីទវិនិយោគទុនកាលពីសប្តាហ៍មុន។ព្រះអង្គម្ចាស់រាជ្ជទាយាទអារ៉ាប៊ី សាអូឌីត Mohammed Bin Salman មានព្រះរាជបន្ទូលថា៖ «មានប្រទេសជាច្រើនដែលកំពុងព្យាយាមប្រើព្រឹត្តិការណ៍ដ៏ឈឺចាប់នេះ ដើម្បីធ្វើឲ្យមានការបែកបាក់រវាងព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីតនិងតួកគី។ ដោយថ្លែងចេញពីវេទិកានេះ ខ្ញុំចង់បញ្ជូនសារប្រាប់ពួកគេថា គេមិនអាចធ្វើឲ្យសម្រេចបានទេ ដរាបណានៅមានព្រះមហាក្សត្រដែលមានព្រះនាម Salman bin Abdulaziz នោះ»។
សេចក្តីថ្លែងការណ៍នោះចោទសួរថា តើនឹងមានអ្វីកើតឡើងដល់ទំនាក់ទំនងរវាងអារ៉ាប៊ី សាអូឌីត និងតួកគីនៅពេលដែលព្រះមហាក្សត្រ Salman សោយព្រះទីវង្គតនោះ?។
ក្រុមអ្នកវិភាគនិយាយថា ប្រធានាធិបតីតួកគីលោក Erdogan កំពុងលេងល្បែងដ៏អូស បន្លាយមួយដែលធ្វើខូចកិត្យានុភាពព្រះអង្គម្ចាស់រាជ្ជទាយាទ និងដើម្បីបង្កើនអំណាចតួកគីនៅក្នុងតំបន់៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន