អ្នកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ ដោយជំនួសតំណែងរបស់លោក Boris Johnson នៅចំពេលដែលមានចលាចលសេដ្ឋកិច្ចនិងការកើនឡើងនៃតម្លៃថាមពល។
លោក Johnson បានដាក់លិខិតជាផ្លូវការលាលែងពីតំណែងរបស់លោកជានាយករដ្ឋមន្ត្រីទៅព្រះមហាក្សត្រីយានី Elizabeth II នៅឯព្រះរាជដំណាក់ Balmoral របស់ព្រះអង្គក្នុងប្រទេសស្កុតលែននៃចក្រភពអង់គ្លេស ហើយបន្ទាប់ពីនោះមក ព្រះមហាក្សត្រីយានីបានតែងតាំងអ្នកស្រី Truss ជានាយករដ្ឋមន្ត្រីថ្មី។
អ្នកស្រី Truss អាយុ ៤៧ ឆ្នាំ បានក្លាយជាស្ត្រីទី ៣ ដែលដឹកនាំប្រទេសនិងជានាយករដ្ឋមន្ត្រីទី ៤ របស់ចក្រភពអង់គ្លេសក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។
អ្នកស្រីបានឈ្នះនៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្សកាលពីថ្ងៃចន្ទដោយបានយកឈ្នះលើអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក Rishi Sunak។
បន្ទាប់ពីជ័យជម្នះត្រូវបានប្រកាស អ្នកស្រី Truss បានប្រាប់ដល់សមាជិកសមាជិកាដែលចូលរួមក្នុងការប្រជុំរបស់គណបក្សថា៖ «ខ្ញុំបានធ្វើយុទ្ធនាការក្នុងនាមជាអ្នកអភិរក្សនិយម ហើយខ្ញុំនឹងគ្រប់គ្រងក្នុងនាមជាអ្នកអភិរក្សនិយម»។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំនឹងផ្តល់ផែនការដ៏ចម្បងមួយដើម្បីកាត់បន្ថយពន្ធនិងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងកើនឡើង ក៏ដូចជាដោះស្រាយបញ្ហាតម្លៃថាមពលរបស់ប្រជាពលរដ្ឋនិងដោះស្រាយបញ្ហារយៈពេលវែងដែលយើងមានលើការផ្គត់ផ្គង់ថាមពលផងដែរ»។
អ្នកស្រី Truss ធ្លាប់ជាអ្នកប្រឆាំងនឹងការដកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប ប៉ុន្តែឥឡូវនេះគឺជាអ្នកគាំទ្រដ៏រឹងមាំលើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នេះ។
អ្នកស្រីមានទស្សនៈគោលនយោបាយការបរទេសយោធានិយម ហើយត្រូវបានគេរំពឹងថាដូចជាលោក Johnson ដែរ នឹងនៅតែរក្សាទំនាក់ទំនងដ៏រឹងមាំនៅក្នុងសម្ព័ន្ធភាពបស្ចិមប្រទេសដោយបញ្ជូនជំនួយទៅឱ្យប្រទេសអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីក្នុងរយៈពេល ៦ ខែកន្លងមកនេះ។
អ្នកស្រី Truss នឹងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរនានា ដែលក្នុងនោះរួមមានទាំងវិបត្តិសេដ្ឋកិច្ច ភាពចលាចលកម្លាំងពលកម្ម ការកើនឡើងតម្លៃថាមពលសម្រាប់ពលរដ្ឋ និងការខ្វះខាតប្រេងឥន្ធនៈដែលអាចកើតមានក្នុងរដូវរងាខាងមុខនេះផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន AFP។