លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្ភាសបេក្ខជន ៤ នាក់កាលពីថ្ងៃអាទិត្យសម្រាប់តំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក មួយសប្តាហ៍បន្ទាប់ពីលោកបានឲ្យអតីតមេយោធាម្នាក់លាលែងពីតំណែងនេះ ហើយបេក្ខជនដែលជាជម្រើសបន្ទាប់របស់លោកបានប្រកែកមិនព្រមទទួលយកតំណែងនេះ។
លោក ត្រាំ បានចំណាយពេលចុងសប្តាហ៍របស់លោកនៅឯរមណីយដ្ឋាន Mar-a-Lago នៅទល់មុខមហាសមុទ្រដ៏មានតម្លៃមហាសាល ក្នុងរដ្ឋ Florida។
លោកមានគម្រោងនឹងពិភាក្សាអំពីការងារនេះ ដោយផ្ទាល់ឬតាមរយៈទូរស័ព្ទជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិស្តីទី លោក Keith Kellogg ដែលជាឧត្ដមសេនីយ៍យោធាចូលនិវត្តន៍ លោក John Bolton ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក H.R. McMaster ដែលជាឧត្តមសេនីយ៍យោធា និងលោកឧត្តមសេនីយ៍ Robert Caslen ដែលជាអ្នកគ្រប់គ្រងបណ្ឌិតសភាយោធាអាមេរិកនៅ West Point។
លោក ត្រាំ បានថ្លែងប្រាប់អ្នកកាសែតលើយន្តហោះ Air Force One កាលពីថ្ងៃសៅរ៍ថា៖ «មានមនុស្សជាច្រើនចង់បានតំណែងនេះ»៕