ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្រមាន​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un អំពី​ទង្វើ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់ដៃ​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ភូមិ Panmunjom ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់ដៃ​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ភូមិ Panmunjom ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ព្រមាន​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ប្រឆាំង​នឹង​ទង្វើ​បង្ក​ហេតុ​បែប​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ថា ខ្លួន​បាន​ធ្វើ «ការ​សាកល្បង​ដ៏​សំខាន់​បំផុត​មួយ» នៅ​កន្លែង​បាញ់​ផ្កាយ​រណប​មួយ​កន្លែង។

លោក Trump បាន​បញ្ជាក់​នៅ​លើ Twiiter ថា៖ «លោក Kim Jong Un ឆ្លាត​ជ្រុល ហើយ​នឹង​បាត់បង់​អ្វីៗ​ទាំង​អស់ ប្រសិនបើ​លោក​ធ្វើ​ទង្វើ​បែប​បង្ក​ហេតុ»។

លោក Trump បាន​បន្ថែម​ថា៖ «លោក Kim Jong Un បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លុប​បំបាត់​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​ខ្ញុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​មិន​ចង់​បាត់បង់​ទំនាក់ទំនង​ពិសេស​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឬ​ក៏​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ​នេះ​ទេ។ ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Kim Jong Un មាន​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម ប៉ុន្តែ​កូរ៉េ​ខាង​ជើង​ត្រូវតែ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ដូច​ការ​សន្យា​របស់​ខ្លួន។ អង្គការ​អូតង់ ប្រទេស​ចិន រុស្ស៊ី ជប៉ុន និង​ពិភពលោក​ទាំង​មូល​គឺ​មូល​មតិ​គ្នា​ចំពោះ​បញ្ហា​នេះ»។

ការ​លើក​ឡើង​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ថា ការ​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​ស្ថានីយ​បង្ហោះ​ផ្កាយ​រណប Sohae ដែល​ជា​ស្ថានីយ​បាញ់​គ្រាប់​រ៉ុក្កែត​ដែល​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​នៅ​ក្នុង​តំបន់ Tongch'ang-ri ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្ត North Pyongang ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស​ចិន។

ការ​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បណ្ដាញ​ព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុមហ៊ុន Planet Labs ដែល​ជា​ក្រុមហ៊ុន​រូបភាព​ផ្កាយ​រណប​អាជីវកម្ម បាន​រក​ឃើញ​សកម្មភាព​ដែល​ធ្វើ​ឡើង​នៅ​ឯ​ស្ថានីយ​បង្ហោះ​ផ្កាយ​រណប Sohae នេះ៕

XS
SM
MD
LG