ក្នុងការប្រណាំងប្រជែងជាមួយប្រទេសចិនសម្រាប់បច្ចេកវិទ្យាសេវាគ្មានខ្សែ 5G នោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងប្រកាសការដេញថ្លៃធំបំផុតមិនធ្លាប់មានពីមុនក្នុងការទិញរលកវិទ្យុ និងមូលនិធិចំនួន២០ពាន់លានដុល្លារសម្រាប់បណ្តាញអុបទិកនៅជនបទ។
នៅក្នុងបន្ទប់ Roosevelt នៅសេតវិមាននិងអមដោយអ្នកធ្វើការខាងទូរគមនាគមន៍និងកសិករ លោក ត្រាំ បាននិយាយថា៖ «យើងមិនអាចអនុញ្ញាតឱ្យប្រទេសផ្សេងមានប្រៀបលើសហរដ្ឋអាមេរិកក្នុងឧស្សាហកម្មដ៏មានសក្តានុពលនាពេលអនាគតនេះទេ។ ក្នុងការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យា 5G យើងត្រូវតែឈ្នះ»។
ចាប់ពីថ្ងៃទី១០ខែធ្នូ គណៈកម្មការទូរគមនាគមន៍សហព័ន្ធ Federal Communications Commission នឹងចាប់ផ្តើមដាក់ដេញថ្លៃរលកវិទ្យុ 37GHz,39 GHz និង 47 GHz សម្រាប់ក្រុមហ៊ុនទូរស័ព្ទដៃ។ សម្ព័ន្ធមិត្តខ្លះរបស់លោក ត្រាំ បានព្យាយាមបញ្ចុះបញ្ចូលឲ្យលោកធ្វើជាតូបនីយកម្មបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព ព្រោះវាជាបញ្ហាសន្តិសុខជាតិ។
លោក ត្រាំ បានទទួលស្គាល់ថា លោកបានពិចារណារឿងនេះ ហើយបានដកខ្លួនចេញពីផែនការនេះដែលជំទាស់ដោយគណៈកម្មការទូរគមនាគមន៍សហព័ន្ធនិងអ្នកដទៃទៀត៕