លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញទៅដល់ទីក្រុង Houston ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់នៅរដ្ឋតិចសាស ដែលជាដំណើរទស្សន កិច្ចលើកទី២របស់លោកទៅកាន់តំបន់ឈូងសមុទ្រម៉ិកស៊ិកនៅសប្តាហ៍នេះហើយមួយថ្ងៃបន្ទាប់ពីផ្ញើរលិខិតមួយច្បាប់ទៅសភាដើម្បីស្នើសុំប្រាក់ជិត៨ពាន់លានដុល្លារសម្រាប់កិច្ចខំប្រឹងប្រែងជួយសង្គ្រោះនិងស្តារតំបន់នោះឡើងវិញ។
លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលត្រូវបានអមដំណើរដោយលោកជំទាវ Melania ដែលជាភរិយារបស់លោក ក៏នឹងឈប់សំចតនៅទីក្រុង Lake Charles រដ្ឋ Louisianaដែរ។
លោកប្រធានាធិបតី ត្រាំ នឹងពិនិត្យមើលការខូចខាតដោយទឹកជំនន់នៅក្នុងទីក្រុងនានាដែលបណ្តាលមកពីព្យុះសង្ឃរាហាវី ហើយលោកប្រធានាធិបតីក៏ប្រហែលនិយាយជាមួយពួកអ្នកស្រុកនិងអ្នកស្ម័គ្រចិត្តដែរ ដែលជាបញ្ហាដែលលោកប្រធានាធិបតីមិនបានធ្វើក្នុងអំឡុងនៃទស្សនកិច្ចរបស់លោកកាលពីថ្ងៃអង្គារទៅកាន់តំបន់នោះដែលបានធ្វើឲ្យមានការរិះគន់ចំពោះការមិន បានបង្ហាញពីសមានចិត្តក្នុងស្ថានភាពនៃវិបត្តិនេះ។
នៅពេលដែលលោកប្រធានាធិបតីជួបជាមួយបុគ្គលិកនិងមន្រ្តីជួយសង្គ្រោះគ្រាហ៍អាសន្នកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Corpus Christi រដ្ឋតិចសាស លោកបានធ្វើសុន្ទរកថាឥតគ្រោងទុកមួយនៅខាងក្រៅការិយាល័យអគ្គិភ័យ។
នៅថ្ងៃបន្ទាប់ នៅឯការចាប់ផ្តើមសុន្ទរកថានៅក្នុងរដ្ឋ Missouri ភាគកណ្តាលខាងលិច លោកប្រធានាធិបតីត្រាំបានសម្តែងនូវការព្រួយកង្វល់កាន់តែខ្លាំងឡើងចំពោះជនរង្គ្រោះដោយលោកប្រធានាធិបតីមានប្រសាសន៍ថា៖ «យើងបានស្ថិតនៅជាមួយអស់លោក អ្នកគ្រប់ជំហានទាំងអស់»៕