ពួកអ្នកស្រុកខ្លះសង្ឃឹមថា អាចទ្រាំទ្រនឹងព្យុះសង្ឃរា Harvey នៅពេលដែលព្យុះនេះបានបោកបក់នៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋតិចសាសកាលពីយប់ថ្ងៃសុក្រ។ ក៏ប៉ុន្តែ បន្ទាប់ពីធ្លាក់ភ្លៀងអស់រយៈពេលជាច្រើនថ្ងៃ ពួកគេត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដើម្បីស្វែងរកម្ហូបអាហារ។ អ្នកក្រុង Houston ម្នាក់បាននិយាយថា៖ «ខ្ញុំមិនដែលនឹកស្រមៃថា វានឹងក្លាយជាមហន្តរាយបែបនេះទេ។ នេះជាការរន្ធត់បំផុត»។
មនុស្ស៣ពាន់៥រយនាក់បានត្រូវគេជួយសង្គ្រោះពីទឹកជំនន់ដែលកំពុងឡើង។ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងឆ្មាំការពារជាតិកាលពីថ្ងៃអង្គារបានបន្តព្យាយាមស្វែងរកមនុស្សដែលនៅជាប់ក្នុងគ្រោះទឹកជំនន់។ ពលរដ្ឋកំពុងជួយគ្នាទៅវិញទៅមក។ លោក Billy Goffney ជាអ្នកក្រុង Houston និយាយថា៖ «លោក អ្នកមិនអាចនឹកថា មានមហន្តរាយច្រើនអញ្ចឹងទេ។ លោក អ្នក ដឹងថា ពិបាកបំផុត។ លោក អ្នកដឹងទេថា វាធ្វើឲ្យមានការពិបាកចិត្តបំផុត។ តើខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកជិតខាងរបស់ខ្ញុំ? អ្វីៗបានរលាយបាត់អស់។ លោក អ្នកដឹងទេថា យើងត្រូវតែជួយអ្នកជិតខាង»។
ចាប់តាំងពីថ្ងៃសុក្រមក ព្យុះសង្ឃរាបានបោកបក់នៅលើដីគោក ធ្វើឲ្យលិចលង់ តំបន់ដ៏ធំល្វីងល្វើយដោយមានការធ្លាក់ភ្លៀងពីកម្ពស់៤០ទៅ៨០សង់ទីម៉ែត្រ។នៅពេលដែលអ្នករួចជីវិតត្រូវការការជួយសង្គ្រោះ នៅមានមនុស្សផ្សេងទៀតកំពុងរង់ចាំការជួយសង្គ្រោះជីវិតនៅឡើយ។
ឆ្មាំការពារជាតិបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានឧទ្ធម្ភាគចក្រចំនួន៣០គ្រឿងដើម្បីជួយកិច្ចខំប្រឹងប្រែងជួយសង្គ្រោះនេះ ក៏ប៉ុន្តែ ឆ្មាំការពារជាតិរហូតដល់១០០នាក់ប្រហែលត្រូវដាក់ពង្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខសម្រាប់ការឆ្លើយតបប្រកបដោយចីរភាព។ រហូតមកទល់ពេលនេះ អ្នកនាំពាក្យសម្រាប់អង្គភាពកិច្ចប្រតិបត្តិការក្នុងតំបន់ បាននិយាយថា ឆ្មាំការពាររហូតដល់៣ម៉ឺននាក់និងនាវាចម្បាំងសហរដ្ឋអាមេរិក អាចត្រូវកោះហៅឲ្យជួយនៅក្នុងការខំប្រឹងប្រែងជួយសង្គ្រោះនេះ។ លោកឧត្តមសេនីយ៍ទោ James C. Witham នៃការិយាល័យឆ្មាំការពារជាតិបាននិយាយថា៖ «សម្ភារៈយោធាដែលអាចជួយអាជ្ញាធរស៊ីវិលរបស់យើងក្នុងការឆ្លើយតបនិងស្តារការខូចខាតពីព្យុះសង្ឃរា Harvey បានប្រុង ប្រៀបរៀបចំហើយ»។
ទីភ្នាក់ងារផ្តល់ជំនួយកំពុងផ្តល់ម្ហូបអាហារ សម្លៀកបំពាក់និងរបស់របរសំខាន់ៗដល់អ្នកដែលត្រូវបានសង្គ្រោះពីផ្ទះរបស់ពួកគេដែលលិចទឹក។
ការផ្តល់ជំនួយកំពុងចាប់ផ្តើមមកពីទូទាំងប្រទេស និងមកពីបរទេស។ ក្រុមកីឡា Major League Baseball របស់ក្រុង Houston និយាយថា ខ្លួននឹងបរិច្ចាគប្រាក់៤លានដុល្លារ។
កីឡាBaseballដែលមានគម្រោងលេងនៅក្រុង Houston នឹងត្រូវរើទៅលេងនៅពហុកីឡាដ្ឋាននៅក្នុងទីក្រុងផ្សេងៗទៀត។ លោកGeorge Springerជាកីឡាករក្រុម Astrosនិយាយថា ក្រុមកីឡានេះកំពុងប្រកាន់ជំហររឹងមាំ។ លោកGeorge Springerកីឡាករ Baseball របស់ក្រុម Houston Astrosនិយាយថា៖ «លោក អ្នកដឹងទេថា វាជាការពិបាកមួយ។ ទីនេះជាផ្ទះរបស់យើង។ កីឡាកររបស់យើងមានក្រុមគ្រួសារនៅទីនេះដែរ។ ពួកគេមានផ្ទះ ហើយបញ្ហាទាំងអស់នេះបានប៉ះពាល់ពួកគេ ក៏ប៉ុន្តែ យើងក៏យល់ដែរថា វាជាកាតព្វកិច្ចរបស់យើងទៅប្រកួតហើយខំឲ្យអស់ពីសមត្ថភាព»។
ឥស្សរជនល្បីៗមួយចំនួនក៏បានសន្យាផ្តល់អំណោយដល់មូលនិធិជួយសង្គ្រោះដែរ។
ពួកមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ការស្តារឡើងវិញពីព្យុះសង្ឃរា Harvey នឹងចំណាយពេលយូរ និងចុះសោហ៊ុយជាងការស្តារពីព្យុះសង្ឃរាមុនៗនៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយជឹង ប៉ូជីន