ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក«នឹងមានការអាក់អន់ចិត្តខ្លាំងបំផុត» ប្រសិនបើកូរ៉េខាងជើងបន្តសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីជំនួបកាលពីពេលថ្មីៗរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
ប្រធានាធិបតី ត្រាំ បានធ្វើអត្ថាធិប្បាយទៅកាន់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅពេលដែលលោកប្រុងប្រៀបធ្វើដំណើរទៅកាន់រដ្ឋអាឡាបាម៉ា ដើម្បីពិនិត្យមើលការខូចខាតដោយព្យុះសង្ឃរា Tornado។ លោកប្រធានាធិបតីបានមានប្រសាសន៍បន្តទៀតថា លោកបានធ្វើឲ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេលនៃការកាន់ដំណែងរបស់លោក។
លោកប្រធានាធិបតីត្រាំ ថ្លែងបន្តទៀតថា៖ «ចូរមើល! ពេលខ្ញុំចូលកាន់ដំណែងនៅក្រោមរដ្ឋបាលរបស់អូបាម៉ា កូរ៉េខាងជើងស្ថិតក្នុងមហន្តរាយ។ យើងនឹងមានសង្គ្រាម មិនដឹងថា តើលោកអ្នកបានដឹងពីបញ្ហានេះឬទេ។ ខ្ញុំបានទទួលកេរដំណែលដ៏អាក្រក់»។
ប្រធានាធិបតី ត្រាំ និយាយថា៖ «ឥឡូវនេះ កូរ៉េខាងជើងមិនបានសាកល្បងអាវុធនុយក្លេអ៊ែរទេ។ ចូរចាំមើលនឹងមានអ្វីកើតមានឡើង ក៏ប៉ុន្តែ ខ្ញុំនឹងមានការរកាំចិត្តបំផុត ប្រសិនបើខ្ញុំបានឃើញការសាកល្បងនោះ»។
បណ្តាញផ្សាយព័ត៌មានរដ្ឋ បានប្រាប់ឲ្យដឹងជាលើកទី១កាលពីថ្ងៃសុក្រថា ជំនួបកំពូលនោះមិនបានជឿនលឿនទៅមុខទេ ហើយពលរដ្ឋកូរ៉េខាងជើងបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការគ្មានកិច្ចព្រមព្រៀងនោះ៕