ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលម្សិញ បានព្យាយាមធ្វើឲ្យមានដំណើរការឡើងវិញនៅឯវាលអណ្តូងប្រេងដ៏សំខាន់មួយរបស់ខ្លួនបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានកាត់បន្ថយផលិតផលចំនួនពាក់កណ្តាលរបស់ព្រះរាជាណាចក្រនេះ ខណៈដែលបាននិយាយដែរថា ខ្លួននឹងជីកអណ្តូងប្រេងបម្រុងរបស់ខ្លួនដើម្បីបង្កើនការនាំប្រេងចេញទៅកាន់ទីផ្សារពិភពលោក។
ក្នុងខណៈនោះដែរ មានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីការទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកាត់បន្ថយផលិតប្រេងអារ៉ាប៊ីសាអូឌីត ប្រហែល៥លាន៧សែនធុងក្នុងមួយថ្ងៃ ជិត៦ភាគរយនៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោកហើយដែលទីកន្លែងនៃការវាយប្រហារកាំជ្រួចមីស៊ីលកាលពីព្រឹកថ្ងៃសៅរ៍ បានចាប់ផ្តើម។
កងជីវពលនៃប្រទេសយេម៉ែនដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានស្តីបន្ទោសអ៊ីរ៉ង់ហើយបានច្រានចោលពីការទាក់ទិនរបស់ក្រុមឧទ្ទាម Houthis។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បាននិយាយនៅលើបណ្តាញព័ត៌មានសង្គមដោយនិយាយយោងដល់ប្រធានាធិបតី Hassan Rouhani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif ថា «រដ្ឋាភិបាលក្រុង Tehran បានស្ថិតនៅពីក្រោយនៃការវាយប្រហារនេះមួយរយភាគរយលើប្រទេសអារ៉ាប៊ី សាអូឌីត ខណៈដែលប្រធានាធិបតី Rouhani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Zarif ធ្វើពុតជាខិតខំក្នុងវិស័យការទូត»។
រដ្ឋាភិបាលអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Zarif បាននិយាយថា «ការបរាជ័យក្នុងការដាក់គំនាបជាអតិបរមា» របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានក្លាយជាការបោកប្រាស់ជាអតិបរមា៕