ជំនួយការទទួលបន្ទុកផ្នែកគោលនយោបាយការបរទេសរបស់គណបក្សសាធារណរដ្ឋនៃសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍។ ក្នុងនោះអាចរួមបញ្ចូលជំនួបជាមួយនឹងលោកស្រីប្រធានាធិបតី Tsai Ing-wen បន្ទាប់ពីលោកស្រីបានទូរស័ព្ទទៅអបអរសាទរលោកប្រធានាធិបតីជាប់ឆ្នោតស.រ.អា. Trump កាលពីថ្ងៃដើមខែធ្នូកន្លងទៅនេះ។
ការហៅទូរស័ព្ទរបស់លោកស្រីប្រធានាធិបតី Tsai ត្រូវបានគេយល់ឃើញថា ជាការឆ្លុះបញ្ចាំងពីទស្សនៈកម្រោលរបស់ក្រុមទីប្រឹក្សារបស់លោកTrump។ ក្រុមទីប្រឹក្សានេះថា រដ្ឋាភិបាលវ៉ាស៊ីនតោនគួរតែបន្តទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង «ពីការបង្ហាញគោលជំហតាមរយៈការប្រើប្រាស់អំណាច»។
លោក Stephan Yates បានទៅកោះតៃវ៉ាន់ជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ១៩៨៧ ក្នុងឋានៈជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តនិកាយ Mormon។ លោកធ្លាប់ចំណាយពេលអស់ជាច្រើនម៉ោងជិះឡានក្រុង ដើម្បីធ្វើដំណើរក្នុងទីក្រុងធំៗ រួមមានក្រុង Changhwa (彰化) និង Kaohsiung (高雄)។ លោកបាននៅទីនោះអស់ជិតរយៈពេល២ឆ្នាំ។
បីទសវត្សរ៍ក្រោយមក មានការផ្លាស់ប្ដូរជាច្រើន ។ គេឃើញមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងអគារខ្ពស់ជាច្រើននៅគ្រប់ទីកន្លែង ព្រមទាំងរថភ្លើងល្បឿនលឿន ដែលជួយដល់ការធ្វើដំណើរឲ្យមានភាពងាយស្រួលច្រើន។ នេះមិនទាន់រាប់បញ្ចូលនូវលទ្ធិប្រជាធិបតេយ្យចាស់ទុំ ដែលមានការផ្លាស់ប្ដូរអំណាចពីគណបក្សមួយទៅគណបក្សមួយទៀត ដោយសន្តិភាព។
ការគោរពចំពោះតៃវ៉ាន់
លោក Stephan Yates ដែលបច្ចុប្បន្នជាប្រធានគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Idaho បានប្រាប់ VOA កាលពីដើមខែធ្នូថា៖
«ប្រសិនបើប្រទេសចិនចង់បង្កើតទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋតៃវ៉ាន់ ពួកគេត្រូវតែគោរពការធ្វើកំណែទម្រង់នយោបាយនិងលទ្ធិប្រជាធិបតេយ្យបស់តៃវ៉ាន់ តួយ៉ាងទំនាក់ទំនងជាមួយលោកប្រធានាធិបតីជាប់ឆ្នោតTrump»។
ដោយរក្សាដំណើរទស្សនកិច្ចនេះជាលក្ខណៈស្ងប់ស្ងាត់ លោក Yates និយាយថា លោកមិនបានពាំនាំសារតំណាងលោក Trump ទៅកាន់លោកស្រីប្រធានាធិបតី Tsai នោះទេ។
ការប្រកាន់ជំហរតឹងរ៉ឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង
ខណៈពេលដែលការសន្ទនារវាងលោកTrump និងលោកស្រី Tsai បានបង្កឲ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិន ការហៅទូរស័ព្ទនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់លោក Yates និងទីប្រឹក្សាផ្សេងទៀតនៃគណបក្សសាធារណរដ្ឋ ដែលជំរុញឲ្យលោកTrumpមានគោលជំហតឹងរ៉ឹងប្រឆាំងនឹងចិនដោយបើកចំហ។
ក្រុមមន្ត្រីការបរទេសចិនបាននិយាយជាមួយនឹងលោក Max Baucus ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន ដោយបង្ហាញពីការជំទាស់ កាលពីថ្ងៃទី ៣ ខែធ្នូ។
គោលនយោបាយ «ចិនតែមួយ» នៅតែមានប្រសិទ្ធភាព
ក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតោនបានឲ្យដឹងថា ការសន្ទនាតាមទូរស័ព្ទនោះមិនបានបង្កការប៉ះពាល់ដល់គោលនយោបាយ «ចិនតែមួយ» របស់អាមេរិកនាពេលបច្ចុប្បន្នឡើយ។
អ្នកនាំពាក្យស្តីទីក្រសួងការបរទេសអាមេរិក លោក Mark Toner បាននិយាយកាលពីដើមខែធ្នូថា៖
«ដោយបង្កើតគោលនយោបាយ «ចិនតែមួយ»នេះ វាបានធ្វើឲ្យយើងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលប៉េកាំង ព្រមទាំងធ្វើឲ្យចំណងទាក់ទងជាមួយរដ្ឋាភិបាលតៃប៉ិកាន់តែស៊ីជម្រៅ។ ដូច្នេះតាមការប៉ាន់ប្រមាណរបស់យើង វាគឺជាគោលនយោបាយដ៏មានផ្លែផ្កាមួយដែលត្រូវតែបន្តអនុវត្ត បើទោះបីជាករណីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ»។
ប្រទេសចិនអះអាងថា ការគ្រប់គ្រងកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនគឺស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ហើយចិនមិនដែលបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កងកម្លាំងយោធា ដើម្បីយកកោះតៃវ៉ាន់មកគ្រប់គ្រងនោះទេ។ សហរដ្ឋអាមេរិកបានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅក្នុងឆ្នាំ១៩៧៩។
សេចក្តីប្រកាសរួមរបស់អាមេរិក-ចិន កាលពីឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិកបានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ជារដ្ឋាភិបាលផ្លូវការរបស់ប្រទេសចិនតែមួយគត់។ ក្នុងនោះអាមេរិកយល់ព្រមទទួលស្គាល់ជំហររបស់ចិនដែលថា មានចិនតែមួយ ហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
សាររបស់លោកTrumpទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Dana Rohrabacher បានថ្លែងថា ការសន្ទនាតាមទូរស័ព្ទនេះគឺជាការព្រមានបែបការទូតចំពោះចិន។
សារព័ត៌មានជាច្រើនរាយការណ៍អំពី លោក Rohrabacher ថាជាបេក្ខភាពដ៏មានសក្ដានុពល សម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក។
លោក Rohrabacher បាននិយាយនៅកម្មវិធីព័ត៌មានទូរទស្សន៍ Fox News កាលពីថ្ងៃទី៥ខែធ្នូ ថា «លោក Trump បង្ហាញអ្នកដឹកនាំផ្តាច់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំងថា លោកមិនមែនជាមនុស្សដែលអាចឲ្យបញ្ជារបានស្រេចតែចិត្តនោះទេ»។
លោកបន្ថែមថា៖ «ចិនមានគោលនយោបាយការបរទេសដ៏គគ្លើន»។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក John Bolton បាននិយាយថា វាដល់ពេលដែលត្រូវផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិក-ចិន ដោយលើកឡើងពី«ការទាមទារដ៏គគ្លើននិងរឹងទទឹង»របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ លោក John Bolton ក៏អាចជាអ្នកដែលអាចនឹងក្លាយជាមនុស្សបន្ទាប់ចំពោះតំណែងការទូតជាន់ខ្ពស់របស់អាមេរិកផងដែរ។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោក Trump គឺលោក Peter Navarro និងទីប្រឹក្សាខាងវិស័យការពារ ប្រទេសរបស់លោក Trump គឺលោកAlexander Gray បានហៅកោះតៃវ៉ាន់ជា «ពន្លឺនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ី» ហើយហៅតៃវ៉ាន់ថា «ប្រហែលជា សម្ព័ន្ធមិត្តអាមេរិកដែលងាយរងគ្រោះផ្នែកយោធាជាងគេបង្អស់នៅលើពិភពលោក។
អ្នកទាំងពីរ គាំទ្រឲ្យមានការលក់ អាវុធរបស់អាមេរិកក្នុងបរិមាណដ៏ច្រើនឲ្យទៅតៃវ៉ាន់ ដើម្បីទប់ទល់នឹង «ភាពលោភលន់របស់ចិន» ព្រមទាំងបំពេញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់។
គោលនយោបាយងាកបែរទៅតំបន់អាស៊ី (Asia Pivot) របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា
ទីប្រឹក្សាទាំងពីរបានថ្លែងថា គោលនយោបាយងាកទៅតំបន់អាស៊ី គឺជាការបរាជ័យដឹកនាំដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយថា គោលនយោបាយនេះ បានបង្កឲ្យចិនកាន់តែគគ្លើនឡើងនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង ដោយយោងតាមអត្ថបទមួយចុះផ្សាយនៅក្នុងទស្សនាវដ្ដី «គោលនយោបាយការបរទេស» កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។
មានការរំពឹងទុកខ្ពស់ពេក?
ប៉ុន្តែអ្នកជំនាញតំបន់មួយចំនួន បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបង្ហាញទស្សនៈអំពីចិនជាលើកដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump។
លោក Bonnie Glaser នាយកគម្រោងអំណាចរបស់ចិន នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) បានថ្លែងថា៖
«វាហាក់ដូចជាធ្វើឲ្យតៃវ៉ាន់បង្កើនការរំពឹងទុក អំពីការផ្លាស់ប្តូរមិនទាន់សម្រេចរបស់អាមេរិក ចំពោះគោលនយោបាយចិនតែមួយ ដែលមិនទំនងជាមាននាពេលខាងមុខនោះទេ។ រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលជាទាមទារអ្វីមួយពីរដ្ឋបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោត Trump ហើយចិនមិនទុកចិត្តលោកនិងក្រុមថ្មីរបស់លោកនោះទេ»។
លោក Glaser បន្ថែមថា៖ «សហរដ្ឋអាមេរិក គួរតែរឹតបន្តឹងចំណងទាក់ទងជាមួយតៃវ៉ាន់ ប៉ុន្តែជាលក្ខណៈច្បាស់លាស់ជាក់ស្តែងជាជាងគ្រាន់តែជានិមិត្តសញ្ញា។ យើងគួរតែចរចាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ហើយជំរុញប្រទេសដទៃទៀតឲ្យធ្វើតាមរបៀបនេះផងដែរ»៕
ប្រែសម្រួលដោយ៖ នូវ ពៅលក្ខិណា