លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ីនៅខែវិច្ឆិកា ដោយមានគោលបំណងប្រមូលការគាំទ្រសាកលលោកដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ខណៈដែលចូលរួមសន្និសីទកំពូលក្នុងតំបន់និងពិភាក្សាអំពីពាណិជ្ជកម្ម នេះតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងថា៖ «ការចូលរួមរបស់លោកប្រធានាធិបតីត្រាំនឹងពង្រឹងការតាំងចិត្តរបស់អន្តរជាតិដើម្បីប្រឈមការគំរាមកំហែងរបស់កូរ៉េខាងជើងនិងធ្វើឲ្យប្រាកដថា ឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែដែលយ៉ាងពិតប្រាកដ»។
ដំណើរទស្សនកិច្ចនេះនឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើងហើយនឹងជាដៃគូពាណិជ្ជកម្មលេខ១។
លោក Rex Tillerson រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំទៅកាន់ប្រទេសចិនដែលជាដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសនោះនៅសប្តាហ៍ក្រោយដោយស្វះស្វែងរកកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្រុងប៉េកាំងពីយុទ្ធនា ការគាបសង្កត់អតិបរមាប្រឆាំងនឹងភាពគគ្លើននុយក្លេអ៊ែរបស់កូរ៉េខាងជើង នៅពេលមានការតានតឹងយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរយោបល់យ៉ាងជិតស្និទជាមួយពួកមន្រ្តីចិនស្តីពីការតាំងចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីទប់ស្កាត់ការនាំចូលធ្យូងថ្ម ដែក ទង់ដែង និងម្ហូបអាហាររបស់កូរ៉េខាងជើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ប្រសិនបើត្រូវបានអនុវត្តពេញលេញ ការហាមឃាត់លើទំនិញទាំងនោះ អាចកាត់បន្ថយយ៉ាងខ្លាំងនូវប្រាក់ចំណូលរបស់កូរ៉េខាងជើងនៅឆ្នាំនេះ បន្ទាប់ពីរកប្រាក់បាន១៥០០លានដុល្លារមកពីការនាំចេញទំនិញទាំងអស់នោះទៅកាន់ប្រទេសចិននៅឆ្នាំ២០១៦។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏នឹងអញ្ជើញចូលរួមសន្និសីទកំពូលសហរដ្ឋអាមេរិកនិងសមាគមអាស៊ាននិងសន្និសីទកំពូលតំបន់អាស៊ីខាងកើតនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ លោកក៏នឹងចូលរួមសន្និសីទកំពូលកិច្ចសហប្រតិបត្តិការតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅក្នុងប្រទេសវៀតណាម៕